អាជ្ញាធរកាត់ចោលស្លាកយីហោអាជីវកម្មអត់ច្បាប់លើចិញ្ចើមផ្លូវ
Posted On : March, 17, 2015 | By សំឡេងទីក្រុង
ឃុត សុភចរិយា, Tue, 17 March 2015, Phnom Penh Post
ភ្នំពេញៈ ស្លាកយីហោអាជីវកម្ម និងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មឥតច្បាប់ជាច្រើនផ្ទាំង ដែលស្ថិតនៅលើចិញ្ចើមផ្លូវព្រះសុធារស ចាប់ពីកែងផ្លូវនាគបាញ់ទឹកមុខ សាកលវិទ្យាល័យប៊ៀលប្រាយ រហូតដល់មុខស្ថានទូតរុស្ស៊ី ត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងសណ្តាប់ធ្នាប់នៃសង្កាត់ទន្លេបាសាក់ ចាត់វិធានការរុះរើ កាលពីព្រឹកម្សិលមិញ។
លោក ខាត់ ណារិទ្ធិ ចៅសង្កាត់ទន្លេបាសាក់ បាននិយាយថា ការចុះរុះរើស្លាកយីហោអាជីវកម្ម និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ដែលស្ថិតនៅលើចិញ្ចើមផ្លូវសាធារណៈនេះ ធ្វើឡើងក្នុងបំណងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈឲ្យមានរបៀបរៀបរយ និងមានសោភណភាពជាពិសេស ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់អ្នកថ្មើរជើង។
លោកបាននិយាយថា៖ «ចំណាត់ការនេះ មិនមែនធ្វើឡើងតែនៅលើដងផ្លូវព្រះសុធារស នោះទេ តែយើងនឹងបន្តចុះអនុវត្តនៅតាមបណ្ដោយផ្លូវមួយចំនួនទៀតក្នុងដែនសមត្ថកិច្ចរបស់យើង។ ចិញ្ចើមផ្លូវគឺជាផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ មិនមែនជាកន្លែងដាំបង្គោលស្លាកយីហោអាជីវកម្ម ឬ ដាំបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ»។
លោកបានប្រាប់ឲ្យដឹងទៀតថា ស្លាកយីហោអាជីវកម្មស្ទើរតែទាំងអស់នៅលើចិញ្ចើមផ្លូវព្រះសុធារស ត្រូវបានម្ចាស់ទីតាំងអាជីវកម្ម ដាក់ដោយគ្មានច្បាប់អនុញ្ញាត។
ការអនុវត្តចំណាត់ការកាត់បង្គោលស្លាកយីហោអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈនេះដែរ មានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋជាច្រើន ពិសេសអ្នកថ្មើរជើង។
លោក គឹម សុវណ្ណារ៉េត អាយុ ៤៥ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវព្រះសុធារស ទល់មុខផ្សារទំនើបអ៊ីអន (AEON) បាននិយាយថា យោងតាមច្បាប់ចរាចរណ៍ថ្មី អ្នកថ្មើរជើងដែលដើររំលោភលើផ្លូវសាធារណៈសម្រាប់ទោចក្រយាន និងយានយន្ត នឹងត្រូវផាកពិន័យ ឬផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារផងដែរ ប្រសិនបើបង្កគ្រោះថ្នាក់ និងការខូចខាតដល់អ្នកដទៃ។
លោក សុវណ្ណារ៉េត បានបន្តថា ប៉ុន្តែបច្ចុប្បន្ន អ្នកថ្មើរជើងស្ទើរតែគ្មានកន្លែងសម្រាប់ដើរ ព្រោះចិញ្ចើមផ្លូវសាធារណៈស្ទើរតែទាំងអស់ក្នុងទីក្រុងភ្នំពេញ ត្រូវបានគេច្បាមយកធ្វើអាជីវកម្មលក់ដូរ ធ្វើជាចំណតរថយន្ត-ម៉ូតូ និងដាំបង្គោលស្លាកយីហោអាជីវកម្ម និងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មផ្សេង។
លោកបានថ្លែងថា៖ «ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងស្ទើរតែទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបានគេរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ ដែលទាមទារឲ្យសមត្ថកិច្ចរដ្ឋាភិបាលត្រូវចាត់វិធានការរៀបចំសណ្ដាប់ធ្នាប់ និង របៀបរៀបរយ ឲ្យបានល្អឡើងវិញ»។
កាលពីដើម ខែមីនា នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ក្នុងរាជធានីនេះ ធ្វើការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយតាមដងផ្លូវសាធារណៈ ដោយលុបបំបាត់ចោលឲ្យអស់នូវការយកចិញ្ចើមផ្លូវសាធារណៈ ធ្វើអាជីវកម្មសម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន៕