អាជីវករ​សាង​សង់​តូប​របស់​ខ្លួន​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស បន្ទាប់ពី​អគ្គិភ័យ​ឆាប​ឆេះ​
Posted On : ធ្នូ, 8, 2014 | By សំឡេងទីក្រុង

ដោយ ខេមបូឌាដេលី ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៤

អាជីវករ​​នៅ​ផ្សារ​ចាស់​ដែល​ជា​ផ្សារ​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​​រាជ​ធានី​ ភ្នំពេញ និង​ជា​កន្លែង​ដែល​តូប​ជាង​២០០​​ត្រូវ​បាន​ឆាប​ឆេះ​អស់​កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កំពុង​តែ​សាង​សង់​តូប​របស់​ខ្លួន​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ ដោយ​មាន​កម្មករ​សំណង់​រាប់​សិប​នាក់​កំពុង​ធ្វើ​ការ​ ដើម្បី​ធ្វើ​ឲ្យ​ផ្សារ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​អគ្គិភ័យ​នេះ វិល​ត្រឡប់​មក​មាន​ការ​រក​ស៊ី​ជា​ធម្មតា​វិញ។

ដោយ​សាលា​រាជ​ធានី​បាន​​​​ជូន​ដណឹង​​ដល់​អាជីវករ​ថា ខ្លួន​គ្មាន​ផែន​ការ​​ផ្ដល់​សំណង​ដល់​អាជីវករ​​ចំពោះ​ការ​ខូច​ខាត​នោះ អ្នកស្រី សុខ លាង អាជីវករ​ម្នាក់​អាយុ​៤២​ឆ្នាំ បាន​​លើក​ឡើង​ថា អ្នកស្រី និង​ម្ចាស់​តូប​ផ្សេងៗ​ទៀត​​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​សំណង់​ ឯកជន​ ដើម្បី​សាង​សង់​តូប​ដែល​ឆេះ​អស់​ទាំង​នោះ​ឡើង​វិញ។

អ្នកស្រី សុខ លាង បាន​និយាយ​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​បាន​បង់​ប្រាក់​ជាង​៧០០ដុល្លារ​​ដើម្បី​ឲ្យ​មាន​ការ​សាង​សង់​តូប​ របស់​ខ្ញុំ​ឡើង​វិញ”។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រីសង្ឃឹម​ថា ​ទីបំផុត​សាលា​រាជ​ធានីនឹង​ជួយ​រ៉ាប់រង​ចំពោះ​ការ​ខូច​ខាត​ ដែល​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​បាន​បា៉ន់​ប្រមាណ​ថា អាច​មាន​ការ​ខូច​ខាត​ក្នុង​ទឹក​ប្រាក់​សរុប​ប្រហែល​១,៥លាន​ដុល្លារ​នោះ។

ទោះ​ជាយ៉ាង​ណា​ លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​មិន​ទំនង​ជា​​ផ្ដល់​​ប្រាក់​សំណង​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​ធ្វើ​ឲ្យ​អគ្គិភ័យ​នេះ​កើត​ឡើង​ទេ ហេតុអ្វី​​​សាលា​រាជ​ធានី​ត្រូវ​ផ្ដល់​ប្រាក់​សំណង? ប្រសិន​បើ​យើង​ផ្ដល់​សំណង​ដល់​ពួកគាត់​ វា​មាន​ន័យ​ថា យើង​ជា​អ្នក​ធ្វើ​ឲ្យ​អគ្គិភ័យ​នេះ​កើត​ឡើង​”៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!