អាគារ​ប៊ូឌិញ​ «ស» ​ដែល​មាន​វ័យ​ចំណាស់ នឹង​អភិវឌ្ឍ​ឡើង​វិញ
Posted On : តុលា, 31, 2016 | By Vantha

ប្រភព៖ khmertimeskh.com

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ បានជួបពិភាក្សាជាលើកដំបូង ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ូឌិញ «ស» រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការអភិវឌ្ឍអាគារដែលមានវ័យចំណាស់នេះឡើងវិញ ដោយក្រសួងបានផ្តល់នូវជម្រើសពីរសម្រាប់ប្រជាពលរដ្ឋ គឺការអភិវឌ្ឍនៅនឹងកន្លែងឬផ្តល់ជាសំណងនូវទឹកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារសម្រាប់ផ្ទះនីមួយៗក្នុងអាគារនោះ ក្នុងករណីដែលពួកគាត់ចង់ចាកចេញ។

ការពិភាក្សានេះ បានធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជាមួយប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ៥៥៤គ្រួសារ អាជ្ញាធរដែនដី ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុន Arakawa នៅទីស្ដីការក្រសួងរៀបចំដែនដី។

តំណាងប្រជាពលរដ្ឋរស់នៅអាគារប៊ូឌិញ លោក សែម សាវុធ បានឲ្យដឹងថា ជុំវិញការអភិវឌ្ឍអាគារប៊ូឌិញ នេះ លោករដ្ឋមន្ត្រី បានផ្តល់នូវជម្រើស ២សម្រាប់ប្រជាពលរដ្ឋ ក្នុងនោះ គឺស្នើឲ្យប្រជាពលរដ្ឋចាកចេញទៅរស់នៅសង្កាត់ទឹកថ្លា រយៈពេលជាង ៣ឆ្នាំសិន ហើយចាំត្រឡប់មកវិញ ក្រោយពីក្រុមហ៊ុនវិនិយោគឯកជនរបស់ជប៉ុន សាងសង់អាគារប៊ូឌិញ នេះឡើងវិញរួច។ ចំណែកជម្រើសមួយទៀត គឺអាជ្ញាធរនឹងផ្តល់សំណង ៧ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋដែលចង់ផ្លាស់ប្ដូរទីលំនៅ។

លោកបានថ្លែងបន្តទៀតថា៖«យើងមានការព្រួយបារម្ភខ្លាចការចេញបណ្ដោះអាសន្នហើយអត់បានផ្ទះនោះមកវិញ ខ្លាចដូចករណីនៅបុរីកីឡា បឹងកក់ អុីចឹង ប៉ុន្តែគាត់ [រដ្ឋមន្ត្រី] គាត់ឲ្យចំណុចមកច្រើនដែរ គាត់ថា បើយើងយកផ្ទះហ្នឹង សង់ហើយ ៧០ភាគរយអី គេអាចចេញប្លង់រឹងឲ្យយើង»។

អាគារប៊ូឌិញ ឬអាគារស ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦៣ ដើម្បីឲ្យមន្ត្រីរាជការដែលមិនមានផ្ទះអាចស្នាក់នៅបានប៉ុន្តែនៅអំឡុងខែកក្កដាឆ្នាំ២០១៥អាជ្ញាធរសង្កាត់ទន្លេបាសាក់បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារនោះមានការប្រុងប្រយ័ត្នឬចាកចេញជាបណ្ដោះអាសន្នដោយសារអាគារនោះមានសភាពចាស់ទ្រុឌទ្រោម និងមានស្នាមប្រេះដោយកន្លែង។

ប្រជាពលរដ្ឋម្នាក់ទៀត លោក កែម ជុំ ដែលរស់នៅអាគារប៊ូឌិញ ជាង ៣០ឆ្នាំហើយនោះ បានថ្លែងថា រូបលោកចង់ឲ្យមានការអភិវឌ្ឍអាគារនេះ ដោយសារអាគារនេះមានភាពទ្រុឌទ្រោមខ្លាំង។ សម្រាប់លោកនឹងយកជម្រើសចាកចេញទៅទីតាំងថ្មីមួយរយៈ ដើម្បីឲ្យរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅនឹងកន្លែង។

លោកថា៖ «ខ្ញុំយកផ្ទះ អត់យកលុយទេ ដូចគាត់ [រដ្ឋមន្ត្រី] មានប្រសាសន៍អុីចឹង គាត់ចង់ឲ្យយើងយកផ្ទះ បើយើងយកលុយទៅ អាចយើងគ្រប់គ្រងលុយហ្នឹងវាមិនជាប់ហើយទៅទិញផ្ទះទៀតក៏មិនបានដែរអុីចឹងវាខាតតែបើយើងទទួលយកផ្ទះថ្មីហ្នឹងក្រោយការអភិវឌ្ឍនៅនឹងកន្លែង ផ្ទះហ្នឹងមានតម្លៃលើស ៧ម៉ឺនដុល្លារហ្នឹងទៀត»។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងយ៉ាងខ្លីថា ក្រសួងនឹងជួបជាមួយប្រជាពលរដ្ឋជាថ្មីម្តងទៀត នៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខ។

ដោយឡែក ក្នុងអង្គប្រជុំនោះ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល និងអត់ធ្មត់រង់ចាំអគារប៊ូឌិញ ថ្មីសន្លាង ដែលនឹងលេចរូបរាងឡើងនៅក្នុងពេលប្រមាណ ៤ឆ្នាំខាងមុខនេះ ដែលនឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពផ្លាស់ប្ដូរ។

គម្រោងអភិវឌ្ឍអាគារប៊ូឌិញស ស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាអស់ប្រមាណ ៧០ ទៅ ៨០លានដុល្លារអាមេរិក រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្ដោះអាសន្ន និងអាគារថ្មីមានកម្ពស់ ២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ នឹងមានទំហំធំជាងមុន ១០ភាគរយ ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa។ នេះបើតាមការផ្សព្វផ្សាយក្នុងគេហទំព័ររបស់ក្រសួងរៀបចំដែនដី។

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី ដែលចង់អភិវឌ្ឍនៅនឹងកន្លែង ដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរនៅថ្ងៃអនាគត។

លោកបានថ្លែងថា៖ «ការជួបគ្នា ជជែកគ្នា រកចំណុចកណ្តាលមួយ មុននឹងចេញគម្រោងអភិវឌ្ឍន៍នេះ ជាមធ្យោបាយល្អ លើកទី១ ឬអាចថា ជាការចរចាលើកដំបូងតាមរយៈវប្បធម៌សន្ទនារវាងរដ្ឋមន្ត្រី និងប្រជាពលរដ្ឋនេះ គឺកម្រជួបអុីចឹងណាស់ ទើបតែឃើញរដ្ឋមន្ត្រីថ្មីនេះ គាត់បើកឲ្យមានការចរចា អុីចឹងយើងគិតថា វាជាវេទិកាមួយល្អណាស់»៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!