អាគារសិក្សាលំដាប់ថ្នាក់ពិភពលោកសម្រាប់កុមារក្រីក្រកម្ពុជាកំពុងសាងសង់
Posted On : សីហា, 26, 2015 | By សំឡេងទីក្រុង

ដោយ៖ សំឡេងទីក្រុង ថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០១៥

អាគារសិក្សាលំដាប់ស្តង់ដារពិភពលោក Neeson Cripps Academy (NCA) សម្រាប់កុមារក្រីក្រកម្ពុជាបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែសីហានេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហង់ ជួនណារុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។

ស្ថិតនៅក្នុងពិធីចុះបឋមសិលា ឯកឧត្តម ហង់ ជួនណារុនបានធ្វើការស្វាគមន៍ចំពោះការដ្ឋាននៃអាគារសិក្សា Neeson Cripps Academy (NCA) នេះនៅចំកណ្តាលនៃសហគមន៍វាលចាក់សំរាម ដែលនឹងផ្តល់ការអប់រំដោយឥតគិតថ្លៃជូនដល់កុមារក្រីក្រកម្ពុជាទាំងអស់ផងដែរ។

លោករដ្ឋមន្ត្រីក៍បានសម្តែងនូវការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការអំពាវនាវទៅដល់សប្បុរសជនទាំងឡាយដែលមានបំណងជួយជ្រោមជ្រែងពង្រឹងការអប់រំបង្កើនធនធានមនុស្សនៅកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើកំណែទម្រង់ស៊ីជម្រៅនៃវិស័យអប់រំធនធានមនុស្សដើម្បីឲ្យសមស្របទៅនឹងការប្រកួតប្រជែងទីផ្សារការងារក្នុងសមាហរណកម្មអាស៊ាន។

នាយកប្រត្តិបត្ត និងអ្នកបង្កើត អង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund (CCF) លោក ស្កត នីសិន និងជាអ្នកផ្តួចផ្តើមគម្រោងការដ្ឋាននេះឡើង បានគូសបញ្ជាក់ថានេះជាព្រឹត្តិការណ៍ដ៍សោមនស្សរីករាយមួយក្នុងរយៈកាល១១ឆ្នាំកន្លងមករបស់ CCF។

គ្រឹះស្ថានអប់រំ Neeson Cripps Academy (NCA) នឹងផ្តល់ឲ្យកុមារក្រីក្រកម្ពុជាទាំងអស់ នូវប្រព័ន្ធអប់រំមួយដ៍មានគុណភាពខ្ពស់ រួមជាមួយនឹងឳកាសសិក្សាក្នុងអាគារសិក្សាដែលមានទីធ្លាធំទូលាយ សម្ភារសិក្សាដែលមានបច្ចេកវិទ្យាទំនើប និងសាស្ត្រចារ្យដែលមានជំនាញគរុកោសល្យ ដែលផ្តោតទៅលើ ប្រព័ន្ធអប់រំ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។

លោកក៍បានបន្ថែមថា សាលាក៍មានថ្នាក់រៀនដែលមានបរិយាកាសដ៍ល្អសមស្របមួយសម្រាប់ឲ្យសិស្សរៀនប្រើគំនិតគិតឲ្យបានស៊ីជម្រៅ ក៍ដូចជាការយល់ដឹងពីពិភពលោកដែលនៅជុំវិញខ្លួនពួកគេផងដែរ។

ជាមួយនឹងការចំណាយប្រមាណ ៤លានដុល្លាអាមេរិក ដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុន Velcro គ្រឹះស្ថានអប់រំដែលមានកម្ពស់៥ជាន់នេះ ត្រូវរំពឹងថានឹងបញ្ចប់ការដ្ឋាននៅខែតុលា ឆ្នាំ២០១៦។

អង្គការមូលនិធិកុមារកម្ពុជា (CCF)​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ដោយអតីតនាយកប្រត្តិបត្តភាពយន្ត លោក ស្កត នីសិន ដែលមានចក្ខុវិស័យក្នុងការក្នុងការផ្លាស់ប្តូរកុមារក្រីក្រកម្ពុជាឲ្យក្លាយទៅជាអ្នកដឹកនាំក្នុងថ្ងៃអនាគត តាមរយៈការផ្តល់នូវការអប់រំដ៍ល្អត្រឹមត្រូវ និងការគាំទ្រពីក្រុមគ្រួសារ ក្រោមកម្មវិធីអភិវឌ្ឍន៍ទៅលើសហគមន៍ដែលជួបប្រទះនឹងភាពក្រីក្រលំបាកបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ មានសិស្សចំនួន២,៣០០នាក់ដែលបានមកធ្វើការចុះឈ្មោះក្នុងកម្មវិធីអប់រំរបស់មូលនិធិដើម្បីកុមារកម្ពុជា (CCF)​។

នេះបើយោងតាមព័ត៌មានលើគេហទំព័រ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!