អភិរក្សអាគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៖ ការផ្លាស់ប្តូរទីតាំង និងការអភិវឌ្ឍន៍
Posted On : October, 7, 2015 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖សំឡេងទីក្រុង​ ដោយ៖ សុវណ្ណា​ ថ្ងៃពុធទី០៧ ខែតុលា ឆ្នាំ២០១៥

E E1

EE EEE

EEEE

ជា​សត្យា​​នុមតិ​ តែងតែមាន​ចលនា​បញ្ច្រាស​គ្នារវាង​ការអភិវឌ្ឍន៍ និង​ការ​អភិរក្ស​​ ។ ក្នុង​ទិដ្ឋភាព​អភិវឌ្ឍន៍​​នគររូ​បនីយ​កម្ម​ ចលនា​​បញ្ច្រាស​​គ្នានេះ​​តែង​កើត​​ឡើង​​ជា​រឿយៗ​ ពិ​សេស​ក្នុង​ករណី​​អាគារ​ចាស់ៗ​​ដែល​មាន​​ប្រវត្តិសាស្ត្រ​យូរ​អង្វែង​ ។​ ចលនា​ទាំង​ពីរ​នេះ​មានហេតុ​​ និង​​គុណ​តម្លៃ​ជា​អំណះ​អំណាង​រៀង​ៗ​ខ្លួន​ ។​ ការណ៍​នេះ​ជា​មូលហេតុ នាំ​ឲ្យមាន​​​ការ​ពិភាក្សា​គ្នា​កើត​ឡើង​ ។ ​​ពេល​ដែល​​មនុស្ស​​​មួយ​​ចំនួន​​យល់​​ថា​​​ ​តំបន់​ខ្លះ​​​គួរ​តែ​អភិវឌ្ឍ​ដើម្បី​អត្ថប្រយោជន៍​សេដ្ឋកិច្ច​នៃ​ទីក្រុង​ ដោយ​ឡែក​ ​ក្រុម​ខ្លះ​​តស៊ូ​ប្តូរផ្តាច់​​​អភិរក្ស​អាគារ​ដើម្បី​រក្សាទុក​ប្រវត្តិសាស្ត្រឲ្យរស់​រវើក​​ ។​

ជាករណី​​ពិសេសក្នុង​ទីក្រុង​ភ្នំពេញ​​ ថ្មីៗនេះ​មានលឺ​​ព័ត៌មាន​ ​​​ការ​ផ្លាស់ប្តូរ​ទីតាំង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ  ដែល​រឿង​នេះ​វា​​​ស្រដៀង​ខ្លាំង​​​ទៅនឹងករណី​ពិភាក្សា​ខាងលើ​ ។​ ស្រប​ពេលដែល​ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​ទី​តាំង​សាកលវិទ្យាល័យ​ មាន​ប្រតិតកម្ម​​​​ឆ្លើយ​តប​ជា​ច្រើន​​លើកឡើង​ដោយ​និស្សិត​ដែល​កំពុង​​សិក្សានៅទីនោះ​ ។

​            ព័ត៌មាន​ផ្លូវការ​ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​មាន​ផែនការ​ពង្រីក​ទំហំដី​សារៈមន្ទីរ​ជាតិ​ដែលស្ថិ​ត​​នៅ​​ជាប់​នឹង​សាកលវិទ្យាល័យ​ ។​ ដូច្នេះ​ហើយ​​ ​ចាំ​បាច់​​ត្រូវ​​ផ្លាស់​ប្តូរ​ទី​តាំង​សាកលវិទ្យាល័យ​​ដើម្បី​​​ឲ្យ​មាន​ទីធ្លា​ទូលាយ​ដល់​​ភ្ញៀវ​ទេសចរណ៍​ដែល​​កំពុង​កើនឡើង​​​ អាច​ដើរ​ទស្សនា​ជុំវិញ​សារៈ​មន្ទីរ​​ ដោយ​ឡែក​បរិវេណ​អាគារ​ថ្មី​​​សាកលវិទ្យាល័យ​​នឹង​ត្រូវ​សាងសង់​ដោយ​ថវិការ​រដ្ឋាភិបាលនៅ​តំបន់​ជ្រោយ​ចង្វា​​​ ​ជា​ដី​ដែល​ផ្តល់​ដោយ​សាលា​ក្រុង​ភ្នំពេញ​ ។ ក្រៅ​ពីនេះ​​​ បរិវេណ​​សាកលវិទ្យាល័យថ្មី​​នឹ​ង​មាន​​ស្ថាន​ភាព​ធំទូលាយ​ និង​មាន​អាគារច្រើន​ជាងមុន​​​​ ។

ទោះ​ជាយ៉ាងនេះក្តី​ និស្សិតជាច្រើន​នៃ​សាកលវិទ្យាល័យ​នេះ​​បានអះអាង​ថា​ អាគារ​សាកល​វិទ្យាល័យ​​​​នេះ​ស្ថិត​ក្នុង​ចំណោម​អាគារ​ចាស់ៗ​បំផុត​ក្នុង​ទីក្រុង​ ហើយ​វា​នឹង​មាន​អាយុកាល​ ១០០ ឆ្នាំ​ក្នុង​ឆ្នាំ​ ២០១៦​ ​នេះ​ ។ អាគារ​ទាំងនោះ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​​​មិន​អាច​កាត់​ថ្លៃបាន​ ​ដែល​គុណតម្លៃ​នេះ​ជាកត្តា​ជុំ​រុញស្មារតី​​​និស្សិត​ជាច្រើន​ឲ្យ​​មក​​សិក្សានៅ​ទីនោះ ។

លោក​ សៀន​ សុភក្តិ​ ជានិស្សិត​ឆ្នាំ​ទី០៣ នៃ​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​​និយាយថា​ គាត់​កំពុងសិក្សា​នៅក្នុង​សាលានេះ​អស់រយៈពេល​ ០៣ ឆ្នាំ​មកហើយ​ ។ គាត់ស្រលាញ់សាលា​​ និង​អាគារ​​ស្ថាបត្យកម្មសិល្បៈបុរាណនេះណាស់ ។ គាត់​មិន​ចង់​ចាកចេញ​ទៅសិក្សា​នៅ​អាគារ​ថ្មី​នោះទេ​​ ។ គាត់​បាន​បន្ថែម​ថា​ “បើ​ទោះ​ជា​សារៈ​មន្ទីរ​ត្រូវ​ពង្រីកទីធ្លា​​​ វា​មិន​ត្រូវ​ការ​​ទីតាំង​សាកលវិទ្យាល័យ​ទាំងមូលទេ ព្រោះ​យើង​អាច​សង់​​អាគារ​ថ្មី​​ជា​កញ្ចក់​ឲ្យសាកលវិទ្យាល័យធ្វើ​​ប្រតិបត្តិការ​​ ។ ”

និស្សិត​ស្ថាបត្យកម្ម​ម្នាក់ទៀត​ លោក​ បុរី​ ​ក៏​លើក​​​ពី​ចេតនា​ស្រដៀងគ្នា​នេះដែរគឺ​មិន​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទីតាំងនោះទេ​ ។ គាត់និយាយថា​វា​នឹង​​​ពិបាកខ្លាំង​ចំពោះនិស្សិត ​ព្រោះ​ត្រូវ​​ឆ្លង​ស្ពាន​ជ្រោយ​ចង្វាដើម្បី​ទៅសាលា​ និង​ធ្វើការ​ស្រាវជ្រាវ​ជារៀង​រាល់ថ្ងៃ​ ។ គាត់​បន្ត​ថា​ “ប្រសិន​ជា​មាន​ជម្រើស​ ខ្ញុំ​ចង់​ឲ្យសាលា​រក្សា​ទីតាំង​ដដែល​ ។ ”​

ផ្ទុយទៅវិញ​ កញ្ញា ឆវី​​  ដែល​ជានិស្សិត​សាកលវិទ្យាល័យ​នេះ​ដែរ​បានបញ្ជាក់ថា​​ ប្រសិន​បើ​អាគារ​ចាស់ៗ​ត្រូវ​បាន​រក្សា​ទុក​​សម្រាប់​សារៈមន្ទីរប្រើប្រាស់​​ ហើយបរិវេន​សាកលវិទ្យាល័យថ្មី​ធំជាង​ និង​មាន​បរិយាកាលល្អ​ដល់​និស្សិត​ កញ្ញា​យល់ស្រប​នឹង​ការ​ផ្លាស់ប្តូរ​ទីតាំង​ ។

ស្រដៀងគ្នា​នឹង​ កញ្ញា​ ឆវី​ ដែរ លោក​ លាងឆាយ​ ​យល់ស្របនឹង​ការផ្លាស់ប្តូរ​ទីតាំង​ដោយភ្ជាប់នឹង​លក្ខខណ្ឌ​ ។ គាត់និយាយថា​ គាត់មិនមែន​ជា​និស្សិត​​​សាកលវិទ្យាល័យភូមិន្ទ​វិចិត្រសិល្បៈទេ​ ប៉ុន្តែ​គាត់ដឹង​ ថា​វា​នឹង​មាន​ការ​លំបាក​សម្រាប់និស្សិត​​​ ព្រោះ​គេ​​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​ទៅ​សាលា​ជារៀង​រាល់ថ្ងៃ​ ។ ប៉ុន្តែ​ ​​បើ​ការ​ផ្លាស់ប្តូរ​ទីតាំងនេះ​ពិត​ជា​ដើម្បី​ប្រយោជន៍​របស់​សារៈមន្ទីរ​ ហើយ​អាគារ​ចាស់ៗ​នឹង​ត្រូវ​ថែរក្សា​ដោយសារៈមន្ទីរ​បើទោះ​ជាក្នុង​​គោលដៅ​ផ្សេងក្តី​ ដូច​ការ​ធានា​របស់​លោក​​ បង សាវាត សាកលវិទ្យាធិការ ​​នោះ​ គាត់នឹង​ឯកភាព​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទីតាំង​សាលា​ ។

ជាការកត់សម្គាល់​ដ៏សំខាន់​​ ក្នុង​ឆ្នាំ​ ២០០៥​ មាន​ការ​រៀបចំ​រចនាសម្ព័ន្ធ​ដើម្បី​ប្តូរ​ដេប៉ាតេម៉ង់ សាកលវិទ្យាល័យ​មួយចំនួន​ទៅ​ សង្កាត់​ភ្នំពេញថ្មី ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ។ ជាអកុសល​ តួលេខបាន​​បង្ហាញថា​ចំនួននិស្សិត​ចុះ​ឈ្មោះ​ចូលរៀន​ក្នុង​ឆ្នាំ​សិក្សានេះ​មាន​ការ​ធ្លាក់ចុះ​គួរឲ្យកត់​សម្គាល់​ ។

Urban Voice Cambodia

Urban Voice Cambodia