អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី​ និង​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​អនុក្រឹត្យ​របស់​ក្រសួង​រៀបចំ​ដែនដី
Posted On : មេសា, 22, 2015 | By សំឡេងទីក្រុង

ដោយ៖ ស្រីរ័ត្ន, ថ្ងែពុធ ទី២២ ខែមេសា ឆ្នាំ២០១៥, ប្រភព៖ កម្ពុជាថ្មី

ភ្នំពេញ​ ៖ ក្នុង​កិច្ចប្រជុំ​មួយ​ស្ដីពី​ការ​ត្រួតពិនិត្យ​ការសាងសង់​សំណង់​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ​ជា​មួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ដែល​មាន​ការចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ កាលពី​ព្រឹក​ថ្ងៃទី​២២​ ខែ​មេសា។ លោកប៉ា សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការណែនាំ​ និង​ជំរុញ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី​ និង​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​អនុក្រឹត្យ​របស់​ក្រសួង​រៀបចំ​ដែនដី ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​នានា​នៅក្នុង​រាជ​ធានី​ភ្នំពេញ​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើក​ឡើង​ថា អនុក្រឹត្យ​របស់​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ​ទេ ដូច្នេះ​ទេ​សម្រាប់​មន្ទីរ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​ពី​អនុក្រឹត្យ​ថ្មី​នេះ​ឲ្យ​បាន​យល់ដឹង​ច្បាស់លាស់ ដើម្បី​បន្ត​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ និង​វិស័យ​ឯកជន​អោយ​ពួកគេ​បាន​យល់​បន្ត​ទៀត​។ ​លោក​បន្ត​ថា បើ​ពួកគាត់​បាន​យល់​ច្បាស់​ពី​អនុក្រឹត្យ​នេះ​ហើយ​នោះ មុន​នៃ​ការ​សុំ​ច្បាប់​សាងសង់​សំណង់​ផ្សេងៗ ​គឺ​ពួកគាត់​បាន​យល់​ជាមុន​ស្រាប់​។ ​ចំពោះ​ការ​ផ្សព្វផ្សាយ​នេះ​អាច​ធ្វើឡើង​នៅ​អាទិត្យ​ក្រោយ​រឹត​តែ​ល្អ តែ​ដាច់ខាត​ត្រូវ​តែ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ ដើម្បី​ពន្យល់​ណែនាំ​បន្ថែម ដោយ​អនុ​ក្រឹត្យ​នេះ​បាន​កំណត់​យ៉ាង​ច្បាស់​ពី​តំបន់ និង​កំពស់​សំណង់​។​

លោក ​ប៉ែន សុផល ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ផង​ដែរ​ថា អនុក្រឹត្យ​នេះ​មាន​១៣​ជំពូក​ និង​មាន​៨៦​មាត្រា ដោយ​ចែកចេញជា​តំបន់​ផ្សេងៗ​គ្នា ដូចជា​ តំបន់​ពាណិជ្ជកម្ម តំបន់​ពាណិជ្ជកម្ម​ចម្រុះ តំបន់ឧស្សាហកម្ម តំបន់​ឧស្សាហ​កម្ម​ចម្រុះ តំបន់ឧស្សាហកម្ម​ស្រាល តំបន់​ដឹកជញ្ជូន តំបន់​ទេសចរណ៍ តំបន់​រដ្ឋបាល ​និង​សេវា​សា​ធារណៈ តំបន់​លំហ​សេវា​សា​ធា​រណៈ និង​ផ្ទៃ​បៃតង តំបន់​វប្បធម៌​ និង​សាសនា​ ​តំបន់​ផ្សេងៗ​មួយ​ចំនួន​ទៀត ហើយ​ក្នុង​តំបន់​ទាំងនេះ​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់លាស់​ពី​ទំហំ​កំពស់​នៃ​ផ្ទៃដី​ឡូត៍ តែ​បើ​ការសាងសង់​លើស​ពី​ច្បាប់​ដែល​បាន​កំណត់ គឺ​ប្រជាពលរដ្ឋ ​ឬ​វិស័យ​ឯកជន​ អាច​សុំ​សាងសង់​ខ្ពស់​បាន តែ​ត្រូវ​បង់ថ្លៃ​នៃ​ការសាងសង់​លើស​នោះ​ទៅ​ឲ្យ​រដ្ឋ ហើយ​ការសម្រេច​ឲ្យ​មាន​ការ​សាងសង់​លើស​នោះ​ទៀតសោត​ក៏​មិនមែន​ចេះតែ​អនុញ្ញាត​ឲ្យ​នោះ​ដែរ ពោល​គឺ​មុន​នៃ​ការសម្រេច​នោះ ដាច់ខាត​ត្រូវតែ​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ពី​ផល​ប៉ះពាល់​ជា​មុន​សិន ដូចជា​ប៉ះពាល់​ប្រជាពលរដ្ឋ សោភ័ណភាព​រាជធានី ភាព​សុខដុមវនីយកម្ម​ និង​សុវត្ថិភាព សណ្ដាប់ធ្នាប់​ជាដើម​៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!