អភិបាល​រាជធានី​ស្នើឱ្យ​បង្កើន​កម្លាំង​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​នៅ​កោះពេជ្រ
Posted On : February, 21, 2015 | By សំឡេងទីក្រុង

ដោយ ឯម មាឃ, ចុះផ្សាយ​នៅ​ថ្ងៃ 21/02/2015, ប្រភព RFI

លោក​អភិបាល​ ប៉ា សុជាតិវង្ស​ បាន​ប្រជុំ​ម្សិលមិញ​ ជាមួយ​មន្ត្រី​ជំនាញ​នានា​ដែល​ចំណុះ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ​ដើម្បី​ពង្រឹង​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​ ក្នុង​ភូមិសាស្ត្រ​កោះពេជ្រ​ទាំងមូល។នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​កត់សម្គាល់​របស់លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​ កាលពី​ថ្ងៃទី១២​ ខែកុម្ភៈ ​ឆ្នាំ២០១៥ ​ដែល​ថា​ មជ្ឈមណ្ឌល​កោះពេជ្រ​«ខ្វះ​សុវត្ថិភាព»។

 

 

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​រាយការណ៍​ថា​ ការ​ប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​ បាន​ផ្តោតលើ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ សន្តិសុខ​ សុវត្ថិភាព​ និង​ការ​បង្ការ​ហានិភ័យផ្សេង ៗ​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ទាំងមូល។

នៅ​ចំពោះមុខ​ស្នងការ​រាជធានី​ភ្នំពេញ​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ លោក ប៉ា សុជាតិវង្ស ​បាន​ថ្លែងថា​ កោះពេជ្រ​ដ៏​ពេញនិយម​នោះ​ គឺជា​កន្លែង​រស់នៅ​ផង​ ជា​កន្លែង​សម្រាប់​ប្រារព្ធ​ពិធីមង្គលការ​ ពិព័រណ៍ និង​សន្និបាត​ផង​ ប៉ុន្តែ​ការ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​ សន្តិសុខ​ និង​សុវត្ថិភាព​ ហាក់​មិនសូវ​ច្បាស់ លាស់។ ​នេះ​បើ​យោងតាម​ AKP ដែល​បានឱ្យ​ដឹង​ផងដែរ​ថា​ សោកនាដកម្ម​នៅលើ​កោះពេជ្រ​ក្នុង​ឆ្នាំ២០១០​ ត្រូវ​បាន​លោក​អភិបាលក្រុង​យក​មក​ធ្វើ​ជា​ឧទាហរណ៍។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ស្រង់​សម្ដី​របស់លោក​ ប៉ា សុជាតិវង្ស​ មក​ដូច្នេះថា​៖ «យើង​គួរតែ​មាន​វិធានការ​ឱ្យបាន​ច្បាស់លាស់​មួយ​ ទាំង​នៅក្នុង​មជ្ឈមណ្ឌល​កោះពេជ្រ​ និង​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ ព្រោះ​នៅ​ពេល​ដែល​មាន​បញ្ហា​កើតឡើង​ គេ​មិន​ចោទ​ដាក់​ក្រុមហ៊ុន​កោះ​ពេជ្រ​នោះ​ទេ​ ប៉ុន្តែ​គេ​ពិតជា​ដាក់​កំហុស​មកលើ​អាជ្ញាធរ​របស់​យើង។ ​ដូច្នេះ​យើង​មិនអាច​ផ្តាច់​កោះពេជ្រ​ពី​ការ​ទទួល​ខុសត្រូវ​របស់​យើង​បាន​ទេ»

បើតាម​ AKP​ លោក​អភិបាលក្រុង​បានស្នើ​ឱ្យមាន​ការដាក់​គោលដៅ​រៀបចំ​សណ្ដាប់ធ្នាប់​ ដោយ​​ប្តូរ​វេន​គ្នា​ប្រចាំការ​ ព្រមទាំង​ស្នើឱ្យ​យក​កម្លាំង​របស់​សាលា​រាជធានី​និង​កម្លាំង​របស់​សាលាខណ្ឌ​មក​ដាក់​ប្រចាំ​នៅតាម​ច្រក​ផ្លូវតូច។

គួរ​កត់​សម្គាល់​ថា​ នៅ​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ ឆ្នាំ២០១៥​ អំឡុង​សន្និបាត​របស់​សាលា​រាជធានី​ភ្នំពេញ ​ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤​ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៥​ លោក
ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ បាន​សម្ដែង​សេចក្តី​ព្រួយបារម្ភ​ថា​ សំណង់​សម្រាប់​រៀបចំ​ពិធីផ្សេង​ៗ​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះពេជ្រ​នោះ​ខ្វះ​ច្រក​សម្រាប់​រំដោះខ្លួន​ពេល​មាន​អគ្គីភ័យ​កើត​ឡើង​ ហើយ​ថា​ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងមូល​ខ្វះ​សន្តិសុខ​ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​​សម្រាប់​ប្រជាជន និង​ភ្ញៀវទេសចរ៕

Urban Voice Cambodia

Urban Voice Cambodia