អភិបាល​រាជធានី​ភ្នំពេញ​ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ​និង​វិស័យ​ឯកជន​ទាំងអស់​រួមគ្នា​ជាមួយ​អាជ្ញាធរ​ធ្វើជា​កញ្ចប់​មួយ​ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​
Posted On : March, 17, 2015 | By សំឡេងទីក្រុង

ថ្ងៃ អង្គារ ទី17 មីនា ឆ្នាំ2015,  ដោយ: កម្ពុជាថ្មី​

ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស​ មានបំណង​មួយ​ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ និង​វិស័យ​ឯកជន​រួមគ្នា​ជាមួយ​អាជ្ញាធរ​ធ្វើជា​កញ្ចប់​មួយ​ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​នៅក្នុង​រាជធានី​។​ លោក​អភិបាល​រាជធានី​បាន​លើក​ឡើង​បែបនេះ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយ​ជាមួយ​លោក​ Blake Audsley​ តំណាង​អង្គការសហប្រជាជាតិ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ការិយាល័យ​តំបន់​នៅ​ទីក្រុង​បាងកក​។​

លោក ប៉ា សុជាតិ​វង្ស​ បាន​មានប្រសាសន៍​ថា នៅក្នុង​រាជធានី​ភ្នំពេញ​មកដល់​បច្ចុប្បន្ន​នេះ​មាន​សហគមន៍​ក្រីក្រ​ប្រមាណ​ជាង​៣០០​សហគមន៍​ហើយ​ក្នុង​ចំនួន​នេះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​សាង​ទីលំនៅ​មិន​រៀបរយ​ដូចជា​នៅ​តាម​ដងផ្លូវ​សាធារណៈ ប្រឡាយ ​លូ​ និង​នៅ​លើ​ដី​ឯកជន​ជាដើម ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី​ក្នុងនាម​អាជ្ញាធរ ដែល​ជា​អាណាព្យាបាល ​ពួកគាត់​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​ និង​ការរស់នៅ​របស់​ពួក​គាត់​ជានិច្ច ដោយ​កន្លង​មក​នេះ​អាជ្ញាធរ​របស់​យើង​បាន​ស្វែងរក​ដៃគូ​ទាំង​ឯកជន​ និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ចុះ​ជួយ​ពួកគាត់​។​ សកម្មភាព​ជួយ​ពួកគាត់​កន្លង​មក​នេះ​យើង​ក៏​នៅតែ​គិតថា​មិនទាន់​គ្រប់គ្រាន់​ដែរ ដែល​តម្រូវ​ឲ្យ​យើង​ចុះ​ជួយ​ពួកគាត់​បន្ថែម​ទៀត ទាំង​វិស័យ​អប់រំ សុខាភិបាល​ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ ​ប៉ុន្តែ​តំបន់​ដែល​ពួកគាត់​រស់នៅ​ខ្លះ​យើង​ពិតជា​មិនអាច​ផ្តល់​អ្វី​ឲ្យ​ពួកគាត់​បាន​ ដោយសារតែ​ពួកគាត់​រស់នៅ​លើកដី លូ ប្រឡាយ​សាធារណៈ​របស់​រដ្ឋ នេះ​ជា​កង្វល់​ធំ​មួយ​របស់​អាជ្ញាធរ​រាជធានី​ដែល​ត្រូវ​ឲ្យ​មាន​ដោះស្រាយ​ឲ្យ​បាន​សមស្រប​មួយ​។​

លោក​បន្ត​ទៀត​ថា សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បើកចំហ​ជានិច្ច​សម្រាប់​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន​ក្នុង​ការ​រួមគ្នា​ជួយ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​។ ​លោក​បន្ត​ថា យើង​មាន​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ច្រើនណាស់ បើ​មាន​ចេតនា​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ស្មោះ​មែន​នោះ​វា​មិន​ពិបាក​ទេ​។ ​លោក​លើក​ជា​ឧទាហរណ៍​ថា មាន​អង្គការ​សង្គម​ស៊ីវិល​មួយ​គេ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​លើ​ផ្នែក​សុខាភិបាល មួយទៀត​លើ​ផ្នែក​អប់រំ សេដ្ឋកិច្ច​ និង​មួយចំនួន​ណា​ទៀត​នោះ​លើ​ផ្នែក​លំនៅដ្ឋាន​ ឬ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​នោះ យើង​យក​មក​រួមគ្នា​ជាមួយ​អាជ្ញាធរ​រាជធានី​បង្កើត​ជា​កញ្ចប់​មួយ​ចុះ​ជួយ​ពួកគាត់​តែម្តង នោះ​ពិតជា​ល្អ​ប្រសើរ​ណាស់​ហើយ​សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គឺ​ចង់បាន​បែបនេះ​។ នៅ​ចុង​ខែមេសា​ខាងមុខនេះ​សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​អង្គ​សិក្ខាសាលា​មួយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​បង្កើត​ជា​កញ្ចប់​តែមួយ​។​

លោក​Blake Audsley​បាន​មានប្រសាសន៍​លើកឡើង​ដែរ​ថា ការ​មក​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​អភិបាល​រាជធានី​ភ្នំពេញ​នេះ​គឺ​មាន​គោលបំណង​ចង់​ដឹង​ពី​អ្វី​ដែល​ជា​ផែនការ​សកម្មភាព​ដែល​អាជ្ញាធរ​បាន​និង​កំពុង​ធ្វើ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​ទាំងនោះ ។ ​សម្រាប់​អង្គការសហប្រជាជាតិ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភព​មាន​ការងារ​២​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ នោះ​គឺ​ការ​ជួយ​លើក​ការ​វិស័យ​អប់រំ​និង​អាហារូបត្ថម្ភ ហើយ​ការងារ​ទាំងនេះ​អង្គការ​របស់​លោក​មាន​គោលដៅ​២​ផង​ដែរ ក្នុង​នោះ​គោលដៅ​ទី​១-​ធ្វើការ​ងារ​នេះ​ជាមួយ​រាជរដ្ឋាភិបាល​ និង​សាលា​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្តង និង​គោលដៅ​ទី​២-​យើង​ធ្វើ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​។​ លោក​បន្ត​ថា សម្រាប់​ទិសដៅ​ការងារ​២០១៦​ដល់​២០២០​អង្គការ​របស់​លោក​ចង់​ពង្រីក​ការងារ​របស់​ខ្លួន​បន្ថែ​ម​ទៀត​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ ប៉ុន្តែ​ការងារ​ទាំងនេះ​ត្រូវ​ពឹងពាក់​ការ​ជួយ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​និង​សាលា​រាជធានី​ភ្នំពេញ ថា​តើ​រាជរដ្ឋាភិបាល ​និង​សាលា​រាជធានី​ភ្នំពេញ​គាំទ្រ​ក្នុង​កម្រិត​ណា នោះ​អង្គការ​របស់​លោក​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​តែម្តង​៕​

Urban Voice Cambodia

Urban Voice Cambodia