អភិបាលរាជធានីភ្នំពេញចុះពិនិត្យមើលស្ថានភាពដីផ្នូរខ្មោច ក្រោយពីមានការចោទប្រកាន់ថា ខាងមន្ត្រីសុរិយោដីចេញប្លង់កម្មសិទ្ធិប៉ះពាល់
Posted On : April, 1, 2015 | By សំឡេងទីក្រុង
ដោយ៖ ស្រីរ័ត្ន, ថ្ងែពុធ ទី១ ខែមេសា ឆ្នាំ២០១៥, Source: kampucheathmey
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស កាលពីរសៀលថ្ងៃទី៣១ មីនាបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាពដីផ្នូរខ្មោចមួយកន្លែងស្ថិតក្នុងសង្កាត់កន្តោក ខណ្ឌពោធិ៍សែនជ័យ ដែលការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះត្រូវបានធ្វើឡើង ក្រោយពីម្ចាស់ផ្នូរខ្មោចបានធ្វើការចោទប្រកាន់ថា ខាងមន្ត្រីសុរិយោដី បានចេញប្លង់កម្មសិទ្ធិស្របច្បាប់ឲ្យម្ចាស់ដីផ្សេងទៀតនៅជុំវិញបរិវេណផ្នូរខ្មោចនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរពិសេសគឺមិនមានផ្លូវសម្រាប់ទៅសែនព្រេនឲ្យដូនតាម្តងៗ។
លោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាម្ចាស់ផ្នូរខ្មោចម្នាក់នៅទីនោះដែរ បានលើកឡើងថា ជីដូន ជីតា កុង ម៉ារបស់លោកត្រូវបានយកមកបញ្ចុះនៅទីនេះតាំងពីទសវត្សទី៦០មកម្ល៉េះ ដោយបានសាងសង់ជាម៉ុងត្រឹមត្រូវទៅតាមប្រពៃណីដូនតា ហើយជារៀងរាល់ឆ្នាំក្រុមគ្រួសារ និងញាតិសន្តានរបស់លោកតែងតែទៅសែនព្រេនឲ្យជីដូន ជីតា កុងម៉ាផងដែរ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺនៅក្នុងឆ្នាំ២០០៩ខាងមន្ត្រីសុរិយោដី បានចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធស្របច្បាប់ឲ្យម្ចាស់ដីផ្សេងទៀត នៅជុំវិញបរិវេណផ្នូរខ្មោចនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរពិសេស គឺមិនមានផ្លូវសម្រាប់ទៅសែនព្រេនម្តងៗ ទោះបីកាលណោះលោកបានប្តឹងជំទាស់រហូតមានដីការក្សាការពារពីស្ថាប័នតុលាការយ៉ាងណាក្តី។ លោកបន្តថា ការតវ៉ានេះធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺចង់ឲ្យមានផ្លូវចេញចូលទៅផ្នូរនោះឲ្យបានស្រួលប៉ុណ្ណោះ។
លោកប៉ា សុជាតិវង្សបានមានប្រសាសន៍លើកឡើងថា ការដែលអាជ្ញាធររាជធានីភ្នំពេញចុះមកធ្វើការត្រួតពិនិត្យជាក់ស្តែងនេះ គឺក្នុងគោលបំណងចង់ដោះស្រាយបញ្ចប់នៅក្រៅប្រព័ន្ធតុលាការ ដោយហេតុថា អ្នកប្តឹងនោះ គឺមិនមែនប្តឹងដើម្បីយកដីទៅធ្វើបូរី ឬធ្វើមានបានអ្វីមួយនោះទេ គឺគាត់ចង់បានតែមានច្រកចេញចូលទៅកាន់ផ្នូរដូនតា ដើម្បីសែនដូនតាបានស្រួលប៉ុណ្ណោះ។ក្នុងនោះលោកអភិបាលក៏បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវកោះអញ្ជើញម្ចាស់ដីពាក់ព័ន្ធជុំវិញបរិវេណផ្នូរនេះមកជជែកគ្នា ដើម្បីរកផ្លូវដោះស្រាយ ទោះបីពួកគាត់ត្រូវបានខាងសុរិយោដីបានចេញប្លង់កម្មសិទ្ធិស្របច្បាប់ហើយក្តី ហើយបញ្ហានេះវាក៏ជាមេរៀនមួយសម្រាប់មន្ត្រីរបស់យើងផងដែរ ដែលថ្ងៃក្រោយត្រូវតែមានការគិតគូរឲ្យលម្អិតនិងវែងឆ្ងាយ។
មន្ត្រីសុរិយោដីក្នុងការចុះពិនិត្យនោះ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា ការសុំបើកផ្លូវទៅលើដីរបស់គេ ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់ហើយនោះ វាមិនមែនជារឿងងាយនោះទេ ហើយរឿងនេះមានតែស្ថាប័នតុលាការមួយប៉ុណ្ណោះ ដែលមានសិទ្ធិក្នុងការសម្រេចកាត់ដីធ្វើផ្លូវបាន ។ ក្រោយពីការសម្រេចពីតុលាការហើយនោះអាជ្ញាធរអាចមានសិទ្ធិក្នុងការកោះហៅម្ចាស់ដីមកធ្វើការសម្របសម្រួលជុំវិញការសុំបើកផ្លូវចេញចូលនេះ៕