អត្ដបទស្ដីពី យុទ្ធនាការជិះកង់ដើម្បីទស្សនកិច្ចសហគមន៍ក្រីក្រក្នុងទីក្រុង (មានវីដេអូ)
Posted On : សីហា, 13, 2018 | By សំឡេងទីក្រុង

ស្ថានភាពទីក្រុងភ្នំពេញសព្វថ្ងៃ បឹង គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរំដោះទឹកចេញពីទីក្រុងទាន់ពេលវេលា នៅពេលមានភ្លៀងម្តងៗ ដោយសារតែប្រព័ន្ធប្រឡាយលូបង្ហូរទឹកនៅមានកំរិត និងមិនទាន់គ្រប់គ្រាន់នៅឡើយ។ ប្រសិនបើបឹងធំៗត្រូវបានលុបអស់ នោះច្បាស់ណាស់ទីក្រុងភ្នំពេញនឹងអាចត្រូវជន់លិចដោយទឹកភ្លៀង ហើយអ្នកទទួលរងផលប៉ះពាល់ គឺជាប្រជាពលរដ្ឋទូទៅដែលកំពុងរស់នៅក្នុងទីក្រុង។ ជាក់ស្តែងដូចដែលយើងបានឃើញនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗតំបន់ និងផ្លួវមួយចំនួនដូចជា ផ្លូវម៉ៃដា ផ្លូវកម្ពុជាក្រោមជាដើម ត្រូវបានទឹកជន់លិចខ្លាំងនាំឱ្យពិបាកក្នុងការធ្វើដំណើរ ទឹកចូលម៉ាស៊ីនយានជំនិះ និងផ្ទះរបស់ប្រជាពលរដ្ឋថែមទៀតផង។

ទឹកជន់លិចផ្លូវម៉ៃដា (ផ្លូវ២០០៤)​ កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ

ដោយសង្កេតឃើញនូវបញ្ហានេះហើយទើប សំឡេងទីក្រុង បានរៀបចំនូវយុទ្ធនាការមួយគឺ ជិះកង់ដើម្បីទស្សនកិច្ចសហគមន៍ក្រីក្រក្នុងទីក្រុង ក្រោមប្រធានបទ “គ្មានការលុបបឹង គ្មានទឹកលិចក្នុងទីក្រុង” កាលពីថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។ គោលបំណងនៃយុទ្ធនាការនេះ គឺចង់ឱ្យយុវជន ក៏ដូចជាសិស្ស និស្សិត បុគ្គលិកអង្គការ ឬស្ថាប័ននានា បានទៅទស្សនកិច្ចសហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ ដែលបាននឹងកំពុងរងផលប៉ះពាល់ដោយសារការលុបបឹង និងដើម្បីផ្សព្វផ្សាយពីយុទ្ធនាការ របស់សំឡេងទីក្រុងដែលផ្តោតសំខាន់លើ ”បញ្ហាទឹកជំនន់ក្នុងទីក្រុង” និងចង់ឱ្យអ្នកចូលរួមក៏ដូចជាសាធារណៈជនទូទៅដាក់របាយការណ៍អំពីបញ្ហានោះមកសំឡេងទីក្រុងផងដែរ។

យុទ្ធនាការជិះកង់ទស្សនកិច្ចសហគមន៍ក្នុងទីក្រុង

នេះគឺជាសកម្មភាពស្វែងរកការគាំទ្រលើកទី៣ របស់សំឡេងទីក្រុងដែលត្រូវបានរៀបចំឡើង ដែលមានអ្នកចូលរួមចំនួន ៣៥អង្គ/នាក់ ភាគច្រើនជាយុវជនមកពីសាលា និងសាកលវិទ្យាល័យនានាក្នុងទីក្រុងភ្នំពេញ។ សហគមន៍គោលដៅចំនួនពីរដែលស្ថិតនៅជុំវិញតំបន់បឹងទំពុនរួមមាន សហគមន៍ព្រែកតាគង់ និងសហគមន៍ព្រែកតាគង់១ ត្រូវបានចុះទៅទស្សនកិច្ច។ សហគមន៍ទាំងពីរនេះគឺបាននឹងកំពុងរងផលប៉ះពាល់ដោយសារការលុបផ្នែកខ្លះនៃបឹងទំពុនដើម្បីយកដីធ្វើជាបុរី និងលំនៅដ្ឋានផ្សេងៗ ។ ក្នុងយុទ្ធនាការនេះអ្នកចូលរួមទាំងអស់មិនត្រឹមតែបានចុះទៅទស្សនកិច្ចអំពីស្ថានភាពរស់នៅរបស់ប្រជាសហគមន៍ទាំងនោះទេ តែថែមទាំងបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ផ្ទាល់ ដើម្បីសិក្សាពីប្រវត្តិ និងបញ្ហាមួយចំនួនដែលពួកគាត់កំពុងតែប្រឈមខ្លាំងនៅក្នុងសហគមន៍។ ជាក់ស្តែងតំណាងសហគមន៍ព្រែកតាគង់ អ្នកស្រី ឡាយ ស្រីម៉េត បានលើកឡើងថា បញ្ហានៅក្នុងសហគមន៍គាត់មានច្រើន តែបញ្ហាសំខាន់ជាងគេទីមួយគឺ ពួកគាត់មិនទាន់មានប្លង់កម្មសិទ្ធិដីធ្លីនោះទេ ដែលអាចប្រឈមនឹងការបណ្តេញចេញនៅពេលណាមួយ។ បញ្ហាសំខាន់ទីពីរ គឺសំរាម និងទឹកលិចក្នុងសហគមន៍នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដោយសារមិនទាន់មានប្រព័ន្ធលូត្រឹមត្រូវនៅឡើយ ធ្វើឱ្យពួកគាត់ពិបាកទាំងការរស់នៅ និងការធ្វើដំណើរ។ ទឹកមានក្លិនស្អុយធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសក្មេងៗមានកើតរមាស់ដៃជើងផងដែរ។ ម្យ៉ាងវិញទៀតសមាជិកសហគមន៍មួយចំនួនមិនទាន់យល់ដឹង និងសហការក្នុងការរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅឡើយ។ បញ្ហាសំខាន់មួយទៀតដែលគាត់បានលើកឡើងដែរនោះគឺ ការបាក់រលំរបងដីដែលនៅជាប់នឹងផ្ទះប្រជាសហគមន៍តែម្តង ព្រោះវាធ្វើឱ្យមានការភ័យខ្លាចប្រសិនបើបាក់មកលើផ្ទះរបស់ពួកគាត់ និងអាចមានគ្រោះថ្នាក់ផងដែរ។ ជាចុងក្រោយគាត់ក៏បានស្នើសុំដល់រាជរដ្ឋាភិបាល អាជ្ញាធរ និងអង្គការនានា សូមជួយរកដំណោះស្រាយសម្រាប់ពួកគាត់ ដើម្បីឱ្យការរស់នៅមានសុវត្ថិភាពដីធ្លី និងសេចក្តីថ្លៃថ្នូរ។

ជាមួយគ្នានេះដែរ យុវជនម្នាក់ដែលបានចូលរួមកម្មវិធីនេះ ហើយត្រូវបានសម្ភាសដោយក្រុមការងារសំឡេងទីក្រុងបានប្រាប់ពីអារម្មណ៍របស់នាងថា “ខ្ញុំមិនដែលដឹងថានៅក្នុងទីក្រុងភ្នំពេញមានសហគមន៍ក្រីក្រច្រើនដែលមានស្ថានភាពលំបាក ដូចជាការជន់លិច ទឹកកខ្វក់ ខ្វះហេដ្ឋារចនាសម្ព័ន្ធ និងមិនមានមានសុវត្ថភាពដីធ្លីបែបនេះទេ ព្រោះខ្ញុំគិតថាទីក្រុងវាជាតំបន់មួយដែលស្រស់ស្អាតដូចជាឋានសួគ៌ ប៉ុន្តែវាគឺមិនមែនដូច្នេះទេ”។

ក្រោយបញ្ចប់នៃការទស្សនកិច្ចសហគមន៍ អ្នកចូលរួមទាំងអស់ក៏មានឱកាសបញ្ចេញនូវមតិយោបល់ និងការយល់ឃើញទាក់ទងនឹងយុទ្ធនាការនេះផងដែរ។ “ជារឿងល្អដែលយុវជនចេះប្រមូលផ្ដុំគ្នា ធ្វើកម្មវិធីនេះឡើង ដើម្បីស្វែងយល់ពីបញ្ហាប្រឈមរបស់សហគមន៍ដែលគាត់ជួបប្រទះ” នេះជាការលើកឡើងមួយរបស់អ្នកចូលរួម។ ជាសំណូមពរ សូមឱ្យយុវជន សិស្ស និសិស្ស ចូលរួមសកម្មភាពសង្គមឱ្យកាន់តែច្រើន ដើម្បីមើលពីចន្លោះខ្វះខាតនៃសង្គម និងយកទៅបំពេញពេលចេញទៅធ្វើការ ដើម្បីការរីកចម្រើននៃប្រទេសជាតិទាំងមូល៕

សូមទស្សនាវីដេអូអំពីសកម្មភាពជិះកង់ទស្សនកិច្ចសហគមន៍ក្រីក្រក្នុងទីក្រុង ខាងក្រោម៖

សំឡេងទីក្រុង!

សំឡេងទីក្រុង!