អតិអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ជា សុផារ៉ា៖ ការរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាពល្អ ត្រូវ…
Posted On : មករា, 14, 2019 | By សំឡេងទីក្រុង
ឯកឧត្តម ជា សុផារ៉ា ដែលធ្លាប់ជាអតិអភិបាលរាជធានីភ្នំពេញ និងបច្ចុប្បន្ននេះជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំទីក្រុងមួយឱ្យបាន និរន្តរភាព និងអាចរក្សាអត្តសញ្ញាណជាតិចាំបាច់ត្រូវផ្ដោតលើការងារសំខាន់ និងអាទិភាពចំនួន ៥ ចំណុច។
១) រៀបចំផែនការប្រើប្រាស់ដី
ឯកឧត្ដម លើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនៅក្នុងទីក្រុងមានជាអាទិ៍ តំបន់រដ្ឋបាល តំបន់សាធារណៈ ឧស្សាហ៍កម្ម តំបន់ពាណិជ្ជកម្ម តំបន់ទេសចរ និងលំនៅឋានជាដើមចាំបាច់ត្រូវមានផែនការ។ ការរៀបចំខ្សែក្រវ៉ាត់បៃតង គួរតែធ្វើនៅខាងក្រៅក្រុង និងការរៀបចំផ្សារ ដែលមិនគួររុញមកកន្លែងតែមួយ ជាហេតុបង្កឱ្យមានការកកស្ទះចរាចរណ៍។
២) ការរៀបចំប្រព័ន្ធលូ និងបង្ហូរទឹកកខ្វក់
ការរៀបនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងបង្ហូរទឹកកខ្វក់នេះ ប្រកបដោយនិរន្តរភាព ។ ករណីកង្វះខាតអនាម័យប្រព័ន្ធគ្រប់គ្រង ទឹកកខ្វក់ អាចប៉ះពាល់សុខភាព ដែល ជាឧបសគ្គដល់ការអភិវឌ្ឍ ហើយយើងមិនអាចនឹងមើលរំលងបានទេ។
៣) ការមើលទិសខ្យល់
ឯកឧត្តមបន្ថែមទៀតថា បុព្វបុរសខ្មែរ កសាងរាជធានីអង្គរ មិនត្រឹមតែសិក្សាពីទិសខ្យល់បក់មកទេ ប៉ុន្តែក៏បានសិក្សាដល់ប្រព័ន្ធពន្លឺ និងទិសដៅរបស់ព្រះអាទិត្យផងដែរ។ ដូច្នេះការរៀបចំទីក្រុងមួយក៏ចាំបាច់ត្រូវសិក្សាលើទិសខ្យល់ ខណៈរបបខ្យល់បក់ក្នុងប្រទេសកម្ពុជាមានខ្យល់មូសុង បក់ពីទិសនិរតី ខ្យល់បក់មកទិសខាងជើង និងទិសឧត្តរជាដើម។ ជាការពិតណាស់ទីក្រុងពិតជាកន្លែង មានមនុស្សរស់នៅច្រើន ដូច្នេះការសាងសង់រោងចក្រ
និង ឧស្សាហ៍កម្មធំៗ ដែលមានបង្ហុយផ្សែងពុលត្រូវសិក្សាពីរបបខ្យល់បក់ តើអាចហ៊ុយចូលមកទីក្រុងដែរឫទេ?
៤)ប្រភពទឹកស្អាត
ប្រភពទឹកដែលយើងយកមកប្រើប្រាស់ក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ ជាប្រភពពីទឹកទន្លេសាប។ ហើយទឹកទន្លេប្រែប្រួលទៅតាមរដូវទឹកឡើង និងទឹកស្រក។ តួយ៉ាងទឹកទន្លេសាបឡើងនារដូវវស្សា និងស្រកនារដូវប្រាំង ហើយពេលទឹកស្រកវិញ នឹងធ្វើឱ្យទឹកទន្លេឡើងល្អក់។ ពេលទឹកល្អក់ខ្លាំងអ្នកជំនាញត្រូវប្រើប្រាស់ក្លរច្រើន ដើម្បីសម្លាប់មេរោគ។
ដូច្នេះយើងត្រូវលើកផែនការបូមទឹកទន្លេមេគង្គវិញ ដោយសារទឹកទន្លេមេគង្គហូរមិនសូវល្អក់ខ្លាំង។
៥) សំណង់ស្ថាបត្យកម្មមានលក្ខណៈជាខ្មែរ
រចនាបថសំណង់អាគារខ្ពស់ៗក្នុងទីក្រុង ត្រូវបញ្ចូលគំនិតស្ថាបត្យកម្ម ខ្មែរ ដើម្បីរក្សាបានអត្តសញ្ញាណជាតិ និងការទាក់ទាញភ្ញៀវទេសចរ។
ប្រភព៖ Sabay News
អត្ថបទ៖ សារ៉េត