អចលន​ទ្រព្យ​នៅ​កម្ពុជា​​ទទួល​​ការ​ចាប់​អារម្មណ៍​ច្រើន
Posted On : January, 24, 2015 | By សំឡេងទីក្រុង

ដោយ ស៊ុំ ម៉ាណេត, ភ្នំពេញបុស្តិ៍ុ,​ ថ្ងៃទី ២៤ មករា ២០១៥

ភាព​ល្អ​ប្រសើរ​នៃ​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​គេ​គិត​ថា ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​ដាក់​ទុន​វិនិយោគ​​ ​ពិសេស​វិស័យ​អចលន​ទ្រព្យ។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​​មក​ពី​ក្រុមហ៊ុន​ Century 21 Singapore និង​ក្រុមហ៊ុន​ Century 21 Cambodia កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោក Ku Swee Yong អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ Century 21 Singapore បាន​និយាយ​ថា ស្ថានភាព​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​គេ​សង្កេត​ឃើញ​ថា មាន​គម្រោង​សាង​សង់​ធំៗ​ជា​ច្រើន​បាន​លេច​ឡើង​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ ពេល​នេះ​ជា​ឱកាស​ល្អ​របស់​វិនិយោគិន​ក្នុង​ការ​វិនិ​យោគ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា។

តាម​របាយ​ការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ Century 21 Cambodia ​​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​នេះ​បាន​បង្ហាញ​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​គម្រោង​សាង​សង់​ខុនដូ​ចំនួន​ ១៣ បាន​បញ្ចប់​ការ​សាង​សង់​ ដែល​​ស្មើ​នឹង​បន្ទប់​ស្នាក់​នៅ​សរុប ៣០៩០ ​យូនីត ខណៈ​ខុនដូ​ចំនួន​ ១៧ ​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាង​សង់។

Century 21 Cambodia ក៏​បាន​ព្យាករ​ដែរ​ថា ​ចាប់​ពី​ឆ្នាំ​ ២០១៥ ​ដល់​ឆ្នាំ ​២០១៨ ការ​ផ្គត់​ផ្គង់​ខុនដូ​នៅ​កម្ពុជា​នឹង​មាន​កំណើន ៤០ ​ភាគ​រយ​ជា​រៀង​រាល់​ឆ្នាំ​ដោយ​ចំនួន​បន្ទប់​ស្នាក់​នៅ​នឹង​អាច​កើន​ឡើង​ដល់​ ១០ ០០០ ​យូនីត​ ក្នុង​ឆ្នាំ ​២០១៨​។

លោក​ Ku Swee Yong​ បាន​ប្រាប់​ថា៖ «ភាព​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​ច្បាប់​ ធនាគារ ហិរញ្ញ​វត្ថុ និង​ផ្សារ​ហ៊ុន​នៅ​កម្ពុជា គឺ​ជា​ការ​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​បង្កើន​គុណភាព​នៃ​គម្រោង​សាងសង់ និង​ការ​វាយ​តម្លៃ​»។

លោក​បាន​បន្ត​ទៀត​ថា៖ ​«​នេះ​​ជា​ពេល​វេលា​ដ៏​សម​ស្រប​សម្រាប់​អ្នក​វិនិយោគ​​ក្នុង​ការ​ចូល​មក​បណ្តាក់​ទុន​​នៅ​កម្ពុជា»។

លោក ​Kevin Goos អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ Century 21 Cambodia បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក Ku Swee Yong ​ដោយ​លោក​លើក​ឡើង​ថា នេះ​ជា​ពេល​ដ៏​ល្អ​សម្រាប់​វិនិយោគិន​ក្នុង​វិស័យ​អចលន​ទ្រព្យ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា។ ​បើ​ប្រៀប​ធៀប​នឹង​ស្ថានភាព​អចលន​ទ្រព្យ​របស់​ប្រទេស​កម្ពុជា​ជា​មួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ គេ​ឃើញ​ថា ​ស្ថានភាព​វិស័យ​អចលន​ទ្រព្យ​នៅ​​កម្ពុជា​មាន​លក្ខណៈ​ល្អ​ និង​មាន​តម្លៃ​សមរម្យ​ជាង​គេ ​ខណៈ​ការ​សម្រួល​ផ្នែក​ច្បាប់​ក៏​បាន​ជួយ​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ផង​ដែរ​។

លោក ​Kevin បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​វៀត​ណាម​កំពុង​សម្រប​សម្រួល​ផ្នែក​ច្បាប់​លើ​វិស័យ​អចលន​ទ្រព្យ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​បង្កើនការ​ទាក់​ទាញ​អ្នក​វិនិ​យោគ​បរទេស និង​អ្នក​ទិញ​មក​ពី​បរទេស។ ​ការ​សម្រប​សម្រួល​ផ្នែក​ច្បាប់​ទាក់​ទង​នឹង​វិស័យ​អចលន​ទ្រព្យ​នៅ​ប្រទេស​វៀត​ណាម​នេះ​ជា​រឿង​ល្អ​ផង​ដែរ សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ាន​ទាំង​មូល។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​មាន​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​មក​វិនិយោគ​ក្នុង​ប្រទេស​វៀត​ណាម​​នោះ​ ពួក​គេ​នឹង​ពង្រី​ក​វិសាល​នៃ​ការ​អភិវឌ្ឍ​​របស់​ពួកគេ​ទៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ាន នៅ​ពេល​នោះ​ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​ចំណែក​ផងដែរ»។

លោក ឈិត អ៊ុយស្ទីវិកសូ អគ្គ​​នាយក​ក្រុមហ៊ុន VTrust Appraisal បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​ ៧​ ភាគរយ​ក្នុង​មួយ​ឆ្នាំ​ បើ​ទោះ​បី​នាពេល​​កន្លង​មក​មាន​ភាព​ចម្រូង​ចម្រាស​ផ្នែក​នយោបាយ​ក៏​ដោយ។ ភាព​ល្អ​ប្រសើរ​នៃ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជា​ច្រើន​ចាប់​អារម្មណ៍​ចំពោះ​ការ​ដាក់​ទុន​វិនិយោគ​លើ​គ្រប់​វិស័យ​ពិសេស​អចលន​ទ្រព្យ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា៖ «មុន​​នឹង​វិនិយោគិន​សម្រេច​វិនិយោគ​ក្នុង​វិស័យ​អ្វី​មួយ​ គេ​តែង​តែ​ពិនិត្យ​មើល​ទៅ​លើ​មូល​ដ្ឋាន​សេដ្ឋកិច្ច និង​នយោបាយ ដូច្នេះ​ស្រប​ពេល​ទាំង​ស្ថានភាព​នយោបាយ​ និង​សេដ្ឋកិច្ច​នៅ​​កម្ពុជា​កំពុង​មាន​ភាព​ល្អ​​ប្រសើរ​នោះ​ វា​ជា​ឱកាស​ដ៏​​ល្អ​សម្រាប់​វិនិយោគិន​ក្នុង​ការ​បោះទុន​​វិនិយោគ»។

លោក​បាន​បន្ត​ទៀត​ថា​៖ «មួយ​ទៀត​អ្វី​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​គឺ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ដោយ​ហេតុ​ថា សេដ្ឋកិច្ច​ត្រូវ​ការ​ចាំបាច់​នូវ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ ព្រោះ​នៅ​ពេល​មាន​ហេដ្ឋា​សម្ព័ន្ធ​ល្អ​ប្រសើរ​ មិន​ត្រឹម​តែ​សេដ្ឋកិច្ច​ទេ​ដែល​រីក​ចម្រើន ​វិស័យ​អចលន​ទ្រព្យ​ក៏​ទទួល​ផល​​ច្រើន​ផង​ដែរ​»។

លោក​បាន​អះ​អាង​ថា ៖«បើ​ទោះ​ជា​មាន​ការ​ធ្វើ​សមាហរណ​សេដ្ឋកិច្ច​អាស៊ាន​នា​ពេល​ឆាប់ៗ​នេះ​ក៏​ដោយ​ ប្រសិន​បើ​សេដ្ឋកិច្ច​មិន​មាន​ដំណើរ​ការ​ល្អ​ ក៏​គា្មន​វិនិយោគិន​ណា​ចូល​មក​ទីផ្សារ​ប្រទេស​យើង​ដែរ»​៕

Urban Voice Cambodia

Urban Voice Cambodia