p

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

ប្រភព៖ VOD វិទ្យុអាសុីសេរី, ដោយ៖ ទូច សុខា | ថ្ងៃពុធ ទី4 វិច្ឆិកា 2015

មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការរៀបចំទីក្រុងលើកឡើងថាទីក្រុងភ្នំពេញសព្វថ្ងៃមិនទាន់មានការរៀបចំប្លង់ទីក្រុងមួយត្រឹមត្រូវនៅឡើយទេ ដោយអ្នកទាំងនោះអះអាងថាការអភិវឌ្ឍមានដោយកន្លែង និងមិនសូវបានផ្តល់ផលប្រយោជន៍ដល់អ្នកក្រីក្រក្នុងទីក្រុងនោះទេ។

នាយកប្រចាំប្រទេសរបស់អង្គការPeople In Need លោក Piotr Sasin មានប្រសាសន៍ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់បទបង្ហាញរបស់លោកក្នុងសន្និសីទស្តីពីគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សនៅថ្ងៃពុធនេះថាទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍតាមផ្នែកៗនៃទីក្រុង ដែលលោកថាមានការកសាងអគារខ្ពស់ៗ និងកសាងហេដ្ឋារចនាសម្ព័ន្ធបានល្អ។ ប៉ុន្តែលោកថាប្រជាពលរដ្ឋក្រីក្រនៅជុំវិញតំបន់នោះមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ។ លោកបន្តថាគម្រោងខ្លះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជលសាស្រ្ត ប្រជាពលរដ្ឋដែលរស់នៅកន្លែងដែលត្រូវអភិវឌ្ឍនិងធ្វើឲ្យខូចដល់បរិស្ថានទៀតផង។ លោកបន្ថែមថា៖ “យុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាប្រជាសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិលដែលមានជំនាញខាងការងារនេះ ដែលអាចធ្វើឲ្យមានគម្រោងប្លង់ទីក្រុងមួយប្រកបដោយគុណភាព… ទោះយ៉ាងណា ខ្ញុំនៅមិនទាន់មិនឃើញមានគម្រោងបែបនេះនៅឡើយទេ”

នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម លើកឡើងថាភ្នំពេញហាក់មិនមានប្លង់មេត្រឹមត្រូវសម្រាប់ការអភិវឌ្ឍក្រុងនៅឡើយទេ។ លោកថាតំបន់មួយចំនួនសម្រាប់ស្តុកទឹកត្រូវបានលុបនិងធ្វើឲ្យតំបន់មួយចំនួនលិចទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងជាដើម។ លោកឲ្យដឹងដែរថាសំណង់អាគារក្នុងរាជធានីភ្នំពេញក៏មិនមានស្តង់ដារដូចគ្នាដែរ ដែលលោកថាមានអគារខ្លះសង់ខ្ពស់និងខ្លះសង់ទាបនៅក្នុងតំបន់តែមួយ។ លោកបន្ថែមថាដោយសារតែគ្មានប្លង់មេសម្រាប់ការអភិវឌ្ឍក្រុងធ្វើឲ្យប្រជាពលរដ្ឋដែលទទួលបានផលពីការអភិវឌ្ឍមិនមានសមភាព។

លោកមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំៗមើលឃើញថារដ្ឋាភិបាលគួរតែបញ្ចេញ ឬបង្កើតឲ្យបានឆាប់នូវប្លង់មេសម្រាប់ការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ មួយទៀតការអភិវឌ្ឍកន្លងមកហាក់ដូចជាសម្រាប់តែអ្នកមាន មិនមែនជាការអភិវឌ្ឍសម្រាប់ទាំងអស់គ្នាទេ…ដូចជាមានការអភិវឌ្ឍដោយបង្ខំឲ្យប្រជាជនចេញពីលំនៅឋាន ដោយយកដីលក់ ឬធ្វើជាអាគារពាណិជ្ជកម្ម”

សមាជិកសហគមបុរីកីឡាម្នាក់ អ្នកស្រី រស់ សេងឃាង មានប្រសាសន៍ថាសាលារាជនីភ្នំពេញបានអភិវឌ្ឍច្រើនសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានលក្ខណល្អប្រសើរឡើង។ ប៉ុន្តែអ្នកស្រីថា ការអភិវឌ្ឍខ្លះក៏បានធ្វើឲ្យប្រជាពលរងការបណ្តេញចេញពីលំនៅឋាន។ អ្នកស្រីចាត់ទុកការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានសម្រាប់ការអភិវឌ្ឍបែបនេះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ឆ្លើយតមនឹងការលើកឡើងនេះ តំណាងសាលារាជធានីភ្នំពេញដែលបានចូលរួមក្នុងសន្និសីទនេះនិងជានាយករងទីចាត់ការកិច្ចការច្បាប់និងសិទ្ធិមនុស្សរបស់សាលារាជធានីភ្នំពេញ លោក សែស សុខកុសល មានប្រសាសន៍ថាបើតាមលោកដឹងសាលារាជធានីភ្នំពេញមានគម្រោងប្លង់មេទីក្រុងមួយដែលកំពុងដាក់ជូនរដ្ឋាភិបាលពិនិត្យនិងសម្រេច។ លោកថាប្លង់មេទីក្រុងដែលដាក់ជូនរដ្ឋាភិបាលនេះមានបំណងពង្រីកទីក្រុងទៅទិសខាងជើង។ លោកបន្ថែមថា៖ “ដូចខ្ញុំបញ្ជាក់អ៊ីចឹង ក្រុងមានធ្វើគម្រោង ខ្ញុំដឹង មានគម្រោងដាក់ស្នើទៅ តែមិនទាន់មានការសម្រេច ដោយមិនមានការសម្រេច គឺយើងមិនទាន់ហ៊ានថាអ្នកនេះធ្វើត្រង់ខុស ត្រង់នោះខុសទេ ព្រោះមិនទាន់មានការសម្រេច បើមានការសម្រេចហើយយើងអនុវត្តតាមហ្នឹងហើយ ខ្ញុំគ្រាន់ដឹងអ៊ីចឹង”

បើតាមលោក សែស សុខកុសល ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញសព្វថ្ងៃមានចំនួនជិត២លាននាក់និងក្នុងនោះមានជិត៥៦ភាគរយជាប្រជាពលរដ្ឋដែលចំណាកស្រុកពីជនបទមករស់នៅទីក្រុងក្នុងគោលបំណងរកការងារធ្វើនិងបន្តការសិក្សា៕

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply