អង្គការ​ActionAid បើក​យុទ្ធនាការ​ទីក្រុង​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​នៅចុងសប្តាហ៍នេះ​
Posted On : July, 24, 2014 | By សំឡេងទីក្រុង

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី24 កក្កដា 2014

អង្គការ​Action Aid នឹង​បើក​ឲ្យមាន​យុទ្ធនាការ​ទីក្រុង​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​នៅ​ចុង​ សប្តាហ៍​នេះ ដើម្បី ផ្លាស់ប្តូរ​ឥរិយាបថ​ទាំងឡាយណា​ដែល​ប្រឆាំង​ស្ត្រី និង​ស្នើ​ឲ្យ​ស្ថាប័ន​នានា ព្រមទាំង​ប្រជាជន​នៅក្នុង​សង្គម​ចូលរួម​នៅក្នុង​សកម្មភាព​។​

​សេចក្តីប្រកាស​ព័ត៌មាន ឲ្យដឹងថា​យុទ្ធនាការ​ទីក្រុង​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​លើក​ទី​៣​នេះ នឹង​ត្រូវ​ធ្វើ​ទ្បើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៦​ខែកក្កដា ឆ្នាំ​២០១៤ នៅ​ពហុ​ដ្ឋា​ន​នស្តា​ត​អូ​ទ្បាំ​ពិក វេលា​ម៉ោង​៤:00​ដល់​៦:00​ល្ងាច​។ គោលបំណង​នៃ​យុទ្ធនាការ​នេះ ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​កា​ប្រឆាំង​អំពើ​ហិង្សា​លើ​ ស្ត្រី និង​ស្នើ​ឲ្យ​ស្ថាប័នរដ្ឋ វិស័យ​ឯកជន ព្រមទាំង​ប្រជាជន​នៅក្នុង​សង្គម​ចូលរួម​នៅក្នុង​សកម្មភាព​ដូចជាៈ បញ្ចប់​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​នៅក្នុង​ទីក្រុង និង​ទីប្រជុំជន បញ្ចប់​ការមិន​ដាក់​ទោសទណ្ឌ​ទៅ​អ្នកប្រព្រឹត្ត​ហិង្សា​ផ្លូវភេទ និង​ធ្វើ​ឲ្យ​សេវា​សាធារណៈ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ស្ត្រី​ជាដើម​។​

​សេចក្តីប្រកាស​បន្ត​ថា អ្នកចូលរួម​ប្រមាណ​៥០០​នាក់ ភាគច្រើន​ជា​ស្ត្រី នឹង​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន ដើម្បី​អបអរសាទរ​។ សេចក្តីប្រកាស​បញ្ជាក់ថា​«​យើង​មិន​អាច​ទទួលយក​បាន​ទេ​នៅពេលដែល ស្ត្រី និង កុមារី រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច នៅតាម​ផ្លូវ និង ទីសាធារណៈ​ផ្សេងៗ​នៅក្នុង​ទីក្រុង​របស់​យើង​។ អំពើហិង្សា​លើ​ស្ត្រី និង កុមារី នៅតែ​កើតមាន មិន​ថា​នៅតាម​ផ្ទះ កន្លែងធ្វើការ និង ទីសាធារណៈ ទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង ឆ្លើយតប​ពី អជ្ញាធរ និង សង្គម​ស៊ីវិល​ក៏ដោយ​»​។​

​សេចក្តីប្រកាស​ឲ្យដឹង​ទៀតថា ស្ត្រី និង កុមារី ចង់ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការគាំទ្រ​បន្ថែម ក្នុង​ការផ្តល់​នូវ​សេវា​សាធារណៈ​ដែល​ធ្វើឲ្យ​មាន​សុវត្ថិភាព​ដល់​ស្ត្រី ដូចជា សន្តិសុខ អប់រំ ប្រព័ន្ធតុលាការ សុខភាព និង សេវា​ដឹកជញ្ជូន​ជាដើម​៕

 

Urban Voice Cambodia

Urban Voice Cambodia