អង្គការ​ចៃកា​នឹង​ផ្តល់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១០០​គ្រឿង​ដាក់​តាម​ភ្លើងស្តុប​នៅ​ក្រុង​ភ្នំពេញ

ដោយវិទ្យុអាស៊ីសេរី ថ្ងៃទី ១៣ខែធ្នូ ឆ្នាំ ២០១៤

ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​ក្តី​កង្វល់ និង​បាន​ធ្វើ​ឲ្យ​ខាត​បង់​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដោយសារ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ឬ​អង្គការ​ចៃកា (JICA = Japan International Cooperation Agency) បាន​ប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​កើត​ឡើង​នោះ។

ជា​លទ្ធផល ភាគី​ទាំង​ពីរ​សម្រេច​ដោះស្រាយ​បញ្ហា​នេះ​តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព តាម​ភ្លើងស្តុប​នៅ​ក្រុងភ្នំពេញ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​សង្ឃឹម​ថា ភ្លើងស្តុប​ថ្មី​ដែល​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១០០ នឹង​សម្រួល​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​ថ្មី​នេះ​អនុវត្ត​ដោយ​សាលា​រាជធានី​ភ្នំពេញ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​អង្គការ​ចៃកា។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​ធ្នូ ថា អង្គការ​ចៃកា របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា នឹង​ប្ដូរ​ភ្លើងស្តុប​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ទៅ​តាម​ស្តង់ដារ​តែ​មួយ គឺ​ជា​ភ្លើងស្តុប​ដែល​អាច​បញ្ជា​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក។ ភ្លើងស្តុប​ទាំង​នោះ​ត្រូវ​ដាក់​នៅ​តាម​ដង​ផ្លូវ កន្លែង​កក​ស្ទះ​ចរាចរណ៍​យូរ គឺ​បញ្ជា​ឲ្យ​ភ្លើង​រត់​ទៅ​លឿន ដើម្បី​ឲ្យ​ចរាចរណ៍​សម្រួល​បាន​លឿន។ រីឯ​កាមេរ៉ា​វិញ ក៏​នឹង​នៅ​ជាប់​ភ្លើងស្តុប​នោះ​ដែរ ដើម្បី​ចាប់​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ៖ «បាន​សេចក្តី​ថា ភ្លើងស្តុប​ខ្លះ​យើង​ទិញ​នៅ​ចិន ទៅ ភ្លើងស្តុប​ខ្លះ​យើង​ទិញ​នៅ​កន្លែង​នេះ​កន្លែង​នោះ វា​ខុស​គ្នា អ៊ីចឹង​យើង​វា​អត់​ដូច​គ្នា​ទេ អ៊ីចឹង​គេ​ទិញ​ប្រព័ន្ធ​គេ​ធ្វើ​ភ្លើងស្តុប​ថ្មី​ឲ្យ​យើង​ដែល​ប្រព័ន្ធ​ ទាំងអស់​ហ្នឹង​វា​ស៊ី​សង្វាក់​គ្នា​តែ​ម្តង ដែល​គេ​បញ្ជា​បាន​ស្រួល​នៅ​ពេល​មាន​ការ​កក​ស្ទះ នៅ​ពេល​ដែល​មាន​បញ្ហា​ស្អីៗ​ទាំងអស់​ហ្នឹង គេ​ធ្វើ​ឲ្យ​យើង ១០០​ទីតាំង»

កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤ អង្គការ​ចៃកា និង​សាលា​រាជធានី​ភ្នំពេញ ប្រជុំ​រក​វិធី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដោយ​អង្គការ​ចៃកា ស្នើសុំ​ជួសជុល​ភ្លើងស្តុប​ចាស់ៗ ហើយ​ប្ដូរ​ភ្លើងស្តុប​ថ្មី​ដែល​មាន​ភ្ជាប់​កាមេរ៉ា​ចំនួន ១០០​គ្រឿង។ អង្គការ​ចៃកា នឹង​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ផ្តល់​ថវិកា​មក​ក្នុង​គម្រោង​ផ្លាស់ប្ដូរ​ភ្លើងស្តុប​ក្នុង​រាជធានី​ ភ្នំពេញ​នេះ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​រាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ពាក់ព័ន្ធ​គម្រោង​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប និង​ជួយ​ដោះស្រាយ​ការ​បញ្ជា​ភ្លើងស្តុប​ពី​យឺត​ទៅ​លឿន​នេះ ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវ​គោក​នៃ​ក្រសួង​មហាផ្ទៃ លោក ហ៊ឹម យ៉ាន ថ្លែង​ថា ទាំង​ភ្លើងស្តុប និង​កាមេរ៉ា​សុវត្ថិភាព​បំពាក់​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​នេះ សង្ឃឹម​ថា​នឹង​ដោះស្រាយ​វិបត្តិ​ទាំង​ឡាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ ជីវិត​មនុស្ស​តាម​ដង​ផ្លូវ និង​ជំរុញ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​បញ្ជា​យាន​តាម​ដង​ផ្លូវ​បាន​រហ័ស​ជាង​ បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ។ លោក​ថា កាមេរ៉ា​សុវត្ថិភាព​អាច​តាម​ដាន និង​អាច​ចាប់​ជន​ខិលខូច​ដែល​បង្ក​គ្រោះថ្នាក់​តាម​ដង​ផ្លូវ ហើយ​រត់​គេច ឬ​ជំនួយ​បង្ក្រាប​ចោរកម្ម​ផ្សេងៗ។ លោក​ស្នើសុំ​រដ្ឋាភិបាល​ជប៉ុន បើ​សិន​អាច​ជួយ​បន្ថែម​កាមេរ៉ា​សុវត្ថិភាព​បំពាក់​នៅ​ទីក្រុង​សំខាន់ៗ ដូចជា​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប និង​ក្រុង​ព្រះសីហនុ ជា​ការ​ប្រសើរ៖ «ហើយ​ការ​បំពាក់​បន្ថែម​នេះ​ជា​ប្រការ​មួយ​ដ៏​ល្អ​ប្រសើរ សម្រាប់​បង្កើន​សមត្ថភាព​ខាង​បច្ចេកទេស»

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ អះអាង​ថា លទ្ធផល​នៃ​ការ​សម្រេច​របស់​ភាគី​ប្រទេស​ជប៉ុន ក្នុង​ជំនួយ​ឧបត្ថម្ភ​ភ្លើងស្តុប និង​កាមេរ៉ា​សុវត្ថិភាព​នេះ នឹង​ចេញ​ផ្លែផ្កា​ក្នុង​ឆ្នាំ​២០១៥ ឆាប់ៗ​នេះ៕

Leave a Reply