អគ្គិសភ័យឆេះផ្សារអូរឫស្សីអស់តូបចំនួន១០ធ្វើឲ្យខូចខាតសម្ភារៈស្ទើរទំាងស្រុង​
Posted On : February, 9, 2015 | By សំឡេងទីក្រុង

ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី9 កុម្ភៈ 2015 | VOD

អាជីវករនៅផ្សារអូរឫស្សីនៅថ្ងៃចន្ទនេះឲ្យដឹងថា អគ្គិភ័យបានឡេបត្របាក់តូបចំនួន១០នៅក្នុងផ្សារនេះ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ខណៈសម្ភារត្រូវបានខូចខាតស្ទើរទំាងស្រុង ។

អ្នកស្រី គង់ វុទ្ធតី ជាអាជីវករផ្សារអូឫស្សីដែលឃើញព្រឹត្តិការណ៍នោះផ្ទាល់ ប្រាប់ VOD នៅកន្លែងកើតហេតុថា តូបចំនួន១០ដែលឆាបឆេះ គឺរួមមានតូបលក់បាយ កាហ្វេ ចេកចៀន តូបលក់ល្បែងក្មេងលេង និងតូបលក់គ្រឿងទេសជាដើម ។ អ្នកស្រីថា អគ្គិភ័យនោះឆាប់ឆេះនៅម៉ោងប្រមាណជា១០កន្លះ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យ ពន្លត់បានសម្រេចនៅម៉ោងជាង១១យប់ថ្ងៃដដែល ។ លោកស្រីឲ្យដឹងទៀតថា សម្ភារដែលខូចខាតទំាងនោះអស់រាប់ម៉ឺនដុល្លារ «ខ្ញុំដឹងថាចែលក់ចាបហួយ ព្រោះជិតចូលឆ្នាំចិនអ៊ីចឹងគាត់ដាក់ឥវ៉ាន់ច្រើនរ៉ាប់ម៉ឺនដែរ គាត់ថាប្រហែលជាជិត២ម៉ឺនដុល្លាររបស់គាត់ដែរ តែតូបមួយហ្នឹងទេ តូបផ្សេងទៀតគេលក់គ្រឿងញ៉ាំ គេមិនសូវស្តុបច្រើនទេ បើល្បែងក្មេង(ឧបករណ៍ក្មេងលេង)ខ្ញុំអត់ហ៊ានប៉ាន់ស្មានទេ ព្រោះលែងក្បែងលេងវារាងស្រាលៗជាងរបស់ចាបហួយ» 

ចំណែកប្រភពដែលមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ការឆាប់ឆេះនោះទំនងជាចេញមកពីកន្លែងតូបលក់បាយ និងលក់ចេកចៀន ព្រោះកន្លែងនោះ ជាកន្លែងដែលធ្លាប់ធ្វើឲ្យមានហានិភ័យកើតឡើងច្រើនដងមកហើយ តែមិនមានបញ្ហាធ្ងន់ធ្ងរអ្វីនោះទេ ។

ប្រធានផ្សារអូរឫស្សី លោក  ឡេង គឹមស្រុង ទទួលស្គាល់ថា អគ្គិភ័យដែលឆាប់ឆេះដំបូងគឺចេញពីកន្លែងតូបលក់អាហារ ។ ទោះយ៉ាងណា លោកថា ក្រុមការងាររបស់លោកកំពុងចុះត្រួតពិនិត្យ និងជួសជុលតូបនោះឡើងវិញ ដើម្បីឲ្យអាជីវករទំាងនោះបានប្រកបអាជីវកម្មរបស់ខ្លួនឡើងវិញ ។ លោកមានប្រសាសន៍ថា «ខាងគណៈកម្មការយើងកំពុងតែធ្វើការត្រួតពិនិត្យ និងធ្វើការសាកសួរព័ត៌មានលំអិត ដើម្បីឲ្យខាតការលក់ដូររបស់បងប្អូនអាជីវករ គឺយើងបានធ្វើការសម្អាត បោសលាង និងធ្វើការភ្ជាប់ចរន្តភ្លើងក៏ដូចជារៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីឲ្យបងប្អូនអាចដំណើរការលក់ដូរបាន ជាប្រក្រតីធម្មតាវិញ»

អាជីវករម្នាក់ទៀតអ្នកស្រី ងួន សុខណៃ ស្នើទៅអាជ្ញាធរផ្សារគួររៀបចំកន្លែងលក់ដែលប្រើភ្លើង ឲ្យនៅក្រៅផ្សារ ចៀសវាងមានហានិភ័យកើតឡើងនៅថ្ងៃក្រោយទៀត «ចង់ឲ្យ(កន្លែងលក់ដែលប្រើភ្លើង)នៅក្រៅផ្សារវិញ ខ្ញុំអត់ចង់ឲ្យនៅក្នុងផ្សារទេ (ដើម្បី)ការពារបញ្ហា ដូចយើងភ័យភិតអ៊ីចឹង គ្រប់គ្នាមិនមែនតែខ្ញុំឯណា អស់មួយផ្សាររាប់ពាន់នាក់ មិនមែនតែខ្ញុំម្នាក់ឯណា គេភ័យទាំងអស់គ្នា» ។

លោក  ឡេង គឹមស្រុង បញ្ជាក់ថាតាមការសន្និដ្ឋានបឋម អគ្គិភ័យនៅផ្សារអូរឫស្សី ស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ បានឆេះអស់១០តូប ដែលចេញពីប្រភពតូបលក់ចំនីអាហារ  ដោយសារម្ចាស់ធ្វេសប្រហែសមិនបានពន្លត់ចង្ក្រានឲ្យបានរៀបរយមុននឹងចេញទៅផ្ទះ ទើបបណ្ដាលឲ្យអគ្គិភ័យឆេះរាលដាលដល់តូបជុំវិញនោះ ។ លោកថា យ៉ាងណាក៏ដោយតូបដែលឆេះនោះត្រូវបានសន្តិសុខផ្សារ និងរថយន្តពន្លត់អគ្គិភ័យជួយពន្លត់បានជោគជ័យនៅម៉ោងជាង១១ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដោយប្រើបំពង់ពន្លត់អគ្គិភ័យអស់៧១បំពង់ និងរថយន្តពន្លត់អគ្គិភ័យប្រើអស់ចំនួន៣គ្រឿង ខណៈ១៥គ្រឿងផ្សេងទៀត ត្រៀមជួយពន្លត់នៅតំបន់នោះ ៕

Urban Voice Cambodia

Urban Voice Cambodia