អគ្គិសនី​កម្ពុជា​ភ្ជាប់​ចរន្ដអគ្គិសនី​ដល់ផ្ទះ និង​បន្ទប់​ជួល​បាន​ជាង​៨​ពាន់​បន្ទប់​​
Posted On : February, 10, 2015 | By សំឡេងទីក្រុង

ដោយ៖​ ឡេង ចាន់រតនា​ | ថ្ងៃអង្គារ ទី10 កុម្ភៈ 2015, VOD

អគ្គិសនី​កម្ពុជា (EDC) ឲ្យដឹងថា ខ្លួន​បាន​ចុះ​ភ្ជាប់​ចរន្ដអគ្គិសនី​ដល់ផ្ទះ និង​បន្ទប់​ជួល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន ៨១៤ បន្ទប់ ហើយ​គិត​មកដល់​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៥ ។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ចេញ​ផ្សាយ​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៥ ឲ្យដឹងថា អគ្គិសនី​កម្ពុជា​បាន​ចាប់ផ្ដើម​ចុះ​ភ្ជាប់​ចរន្ដអគ្គិសនី​ដល់​បន្ទប់​ជួល​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​អ្នក​ជួលប​ន្ទ​ប់បង់​ត្រឹម៦១០​រៀលក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់​ការប្រើប្រាស់​ក្រោម៥០គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ ។​

​អគ្គិសនី​កម្ពុជា​ក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ផ្ទះជួល និង​បន្ទប់​ជួល​ទាំង​អស់ ព្រម​ទាំង​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ផ្ដល់​ការគាំទ្រ និង​ការសហការ ក្នុង​ដំណើរការ​ត​បណ្ដាញ​នេះ ។ អគ្គិសនី​កម្ពុជា​ថា ខ្លួន​នឹង​បន្ដ​ចុះ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​នេះ​បន្តទៀត រហូត​ដល់​យុទ្ធនាការ​នេះ​ត្រូវបាន​បញ្ចប់​ទាំងស្រុង។​

​កាលពី​ខែ​មករា​កន្លងទៅ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​លោក កែវ រតនៈ បាន​ថ្លែងថា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥ ជា​ជំហាន​ដំបូង អគ្គិសនី​កម្ពុជា​ចាប់ផ្តើម​ត​បណ្តាញ​អគ្គិសនី​ជូន​កម្មករ កម្មការិនី នៅ​សង្កាត់​ចំនួន​៤ ក្នុង​ខណ្ឌ​៣​នៃ​រាជា​ធានី​ភ្នំពេញ ដោយមាន​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ទៅ​ជួប​ជាមួយ​ម្ចាស់​ផ្ទះជួល និង​បន្ទប់​ជួល​ផ្ទាល់ ។ ខណ្ឌ និង​សង្កាត់​ទាំងនោះ​រួមមាន សង្កាត់​ដង្កោ​ក្នុង​ខណ្ឌ​ដង្កោ សង្កាត់​ចាក់អង្រែលើ និង​ចាក់អង្រែ​ក្រោម ក្នុង​ខណ្ឌ​មានជ័យ និង​សង្កាត់​ទួល​សង្កែ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ។​

​លោក កែវ រតនៈ ថាការជ្រើសរើស​យក​សង្កាត់​៤ ក្នុង​ខណ្ឌ​ទាំង​៣​នេះ ដោយសារ​នៅ​តំបន់​នោះ​មាន​កម្មករ កម្មការិនី​ជួល​ផ្ទះ​ច្រើនជាងគេ ។​

​ពាក់ព័ន្ធ​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​ដល់​បន្ទប់​ជួល​នេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​កោះ​ពេជ្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បន្ត​ធ្វើ​ការងារ​នេះ​បន្ដ​ទៀត ដើម្បី​ឲ្យ​កម្មករ​ទទួលបាន​ថ្លៃ​អគ្គិសនី​ពិតប្រាកដ​ពី​រដ្ឋ ។​

​គួរបញ្ជាក់​ថា ក្នុង​រាជធានី​ភ្នំពេញ អគ្គិសនី​កម្ពុជា​បាន​កំណត់​តម្លៃ​អគ្គិសនី​ជា​៣​បែប គឺ​បើ​ប្រើប្រាស់​មិន​លើសពី​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ ត្រូវ​ចំណាយ ៦១០ រៀល​ក្នុង​មួយ​គីឡូ ប្រើប្រាស់​ចាប់ពី​៥១​ទៅ​២០០​គីឡូវ៉ាត់ម៉ោង ត្រូវ​យក​តម្លៃ ៧២០​រៀល​ក្នុង​មួយ​គីឡូ និង​លើសពី ២០០ គីឡូវ៉ាត់ម៉ោង ត្រូវ​យក​តម្លៃ ៨២០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ៕

Urban Voice Cambodia

Urban Voice Cambodia