អគ្គិសនីកម្ពុជាអំពាវនាវឲ្យអាជ្ញាធរ​សហការ ពេល​ស្ថាប័ននេះចុះ​តបណ្តាញជូនកម្មករ​​នៅ​ចុង​ខែនេះ​​
Posted On : January, 23, 2015 | By សំឡេងទីក្រុង

ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី23 មករា 2015, VOD

មន្ត្រី​ជំនាញទទួលបន្ទុក​ផ្នែកអគ្គិសនីកម្ពុជាអំពាវនាវ​ទៅអាជ្ញាធរដែនដី ឲ្យជួយសហការ​ជា​មួយក្រុមបច្ចេក​​ទេស​អគ្គិសនី​កម្ពុជា(EDC) ដើម្បី​អនុវត្តការតបណ្តាញអគ្គិសនីចំនួន​៣ខណ្ឌ និង​​៤សង្កាត់ ជូន​កម្មករ កម្មការិនី​ ដោយ​ចុះជួប​ម្ចាស់ផ្ទះជួល ឬបន្ទប់​​​ជួលនៅ​ចុង​ខែមក​រានេះ ។

ខណ្ឌនិង​សង្កាត់​ទំាង​នោះ​រួម​មានសង្កាត់​ដង្កោក្នុង​ខណ្ឌដង្កោ សង្កាត់​ចាក់អង្រែលើ និង​​ចាក់អង្រែក្រោម ក្នុង​ខណ្ឌមានជ័យ និង​សង្កាត់ទួលសង្កែក្នុង​ខណ្ឌឬស្សីកែវ ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជាលោក កែវ រតនៈ ថ្លែង​ក្នុង​វីឌីអូឃ្លីប ដែលវីអូឌីទទួលបាន​នៅលើហ្វេសប៊ុក​សាលារាជធានីភ្នំពេញនៅថ្ងៃសុក្រ​នេះឲ្យ​ដឹង​​ថា ជំហានដំបូងអគ្គិសនីកម្ពុជាចាប់ផ្តើម​តបណ្តាញអគ្គិសនីជូន​កម្មករ កម្មការិនីនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ខាងមុខ​ ដោយ​​មានក្រុមការងារ​បច្ចេកទេសចុះ​ទៅ​ជួប​ជាមួយ​ម្ចាស់​ផ្ទះជួល និង​បន្ទប់ជួលផ្ទាល់​ ។ លោកថា មូលហេតុ​ដែលអគ្គិសនីកម្ពុជា​ជ្រើសរើស​យក​​៤សង្កាត់ ក្នុង​ខណ្ឌទាំង​៣ នៅរាជធានីភ្នំពេញ ​ដោយ​សារនៅតំបន់​នោះ​មាន​កម្មករ កម្មការិនីជួលផ្ទះច្រើនជាង​គេ ។

លោក​ថា«ការជ្រើស​រើស​សង្កាត់​ទាំងអស់​នេះ គឺ​សំដៅ​ទៅ​លើ​អាទិភាព​លើ​ការ​ធ្វើ​កិច្ច​ការ​ជា​បន្ទាន់ ដោយ​ផ្នែកលើ​មូល​ដ្ឋាន​សម្ភារដែល​មាន​ស្រាប់​ គឺសំដៅ​លើ​ទី​តាំង​ ដែល​​កម្មករ​-កម្មការិនីជួល​ផ្ទះ/បន្ទប់​នៅ មាន​ចំនួន​ច្រើន​ជាង​គេ ។ ដូច្នេះ​អាទិភាព​ការ​ងារ​នេះ​នឹង​ត្រូវ​ឈាន​ទៅ​មុខមួយ​ជំហានក្នុង​សប្តាហ៍​ក្រោយនេះ គឺ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មករា​ ឆ្នាំ​២០១៥»

លោក កែវ រតនៈ ឲ្យ​ដឹង​ទៀតថា ក្រុមបច្ចេកទេសដែល​​ចុះ​ទៅ​ជួប​ម្ចាស់ផ្ទះជួល បន្ទប់​ជួល ដើម្បី​តបណ្តាញអគ្គិសនីជូនកម្ម​ករ កម្មការិនីនោះ គឺ​ធ្វើជារៀង​រាល់ថ្ងៃចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ដោយ​ចាប់​ពីម៉ោង៨.៣០ព្រឹក​ ដល់​ម៉ោង​១២.០០ថ្ងៃត្រង់​ និង​ពេល​រសៀលចាប់ពីម៉ោង​២.៣០ដល់​ម៉ោង​៤ល្ងាច​ ។

កាលពីថ្ងៃ២១ខែមករានេះ អគ្គសនីកម្ពុជាបាន​ចេញ​សេចក្តី​ប្រ​កាស​ព័ត៌​មាន​ថា ក្នុង​ករណី​ដែល​​​អ្នក​ជួល​ផ្ទះ ឬ​ជួល​បន្ទប់​ពុំ​មាន​កា​រ​ប្រើ​ប្រាស់​អគ្គិស​នី (សូន្យ​គីឡូ​វ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ) អគ្គិស​នី​កម្ពុជា នឹង​ផ្តល់​ជម្រើស​២ ដល់​ម្ចាស់​ផ្ទះ​ជួល ឬ​បន្ទប់​​ជួល។ ទី​១ ត្រូវ​បង់​ប្រាក់​៣​ពាន់​រៀល​ក្នុង​១​ខែ សម្រាប់​ថ្លៃ​សេវា​កម្ម​ថែ​ទាំ​នាឡិការ​ស្ទង់ ដោយ​អគ្គិ​នី​កម្ពុជា​មិន​បាច់​ដក​ប្រ​ព័​ន្ធ​​នាឡិ​ការ​ស្ទង់​នោះ​ចេញ​ពី​ ផ្ទះ​ជួល ឬ​បន្ទប់​ជួល​នោះ​ឡើយ និង​ទី២ម្ចាស់​ផ្ទះ​ជួល​ ឬ​បន្ទប់​ជួ​ល ​ត្រូវ​រាយ​ការណ៍​​ផ្ទាល់​ទៅ​អគ្គិសនី​កម្ពុជា ដើម្បី​មក​បញ្ឈប់​​ប្រ​ព័ន្ធ​នាឡិ​ការ​ស្ទង់​​​ពី​ផ្ទះ​ជួ​ល ឬ​បន្ទប់​ជួល ​។ ក្នុង​ករណី​ដែល​មាន​អ្នក​ជួល​ថ្មី អគ្គិ​សនី​កម្ពុជា​នឹង​ដាក់​ប្រ​ព័ន្ធ​នាឡិ​កាស្ទង់​នេះ​ឡើង​វិញ ដោយ​អនុវត្ត​តាម​គោល​ការណ៍​​អាជ្ញាធរ​អគ្គិ​សនី​កម្ពុជា​ដែល​មាន​ជា​ធរមាន ។

សេចក្តី​ប្រ​កាស​ព័ត៌​មានបញ្ជាក់​ទៀត​​​ថា ​ ​ នៅ​ពេល​ឈប់ជួល អ្នក​ជួល​ផ្ទះ​ ឬ​បន្ទប់ នឹង​អាច​ដក​ប្រាក់​កក់​៣០៥០០​រៀល​បាន​​យ៉ាង​រហ័ស​បន្ទាប់​ពី​​បាន​ធ្វើ​ការ​ ទូ​ទាត់​​ថ្លៃ​ប្រើ​ប្រាស់​អគ្គិស​នី​នៅ​ខែ​ចុង​ក្រោយ​រួច​រាល់ ។ ក៏ប៉ន្តែ ក្នុង​ករណី​ដែល​អ្នក​ជួល​ផ្ទះ ឬ​ជួល​បន្ទប់​មិន​បាន​មក​ដក​ប្រាក់​នេះ បន្ទាប់​ពី​ឈប់​ជួល​ផ្ទះ​ ឬ​បន្ទប់​ក្នុង​រយៈ​ពេល​២​ខែ ​ប្រាក់​កក់​ទាំង​នោះ​នឹង​ត្រូវ​ទុក​ជា​អសារបង់ និង​កាត់​​ចូល​ជា​ថវិការដ្ឋ ។

ដោយ​ឡែក​ ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ គាំ​ទ្រ​ទៅ​នឹង​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​​បាល​នេះ ដោយ​លោកអះអាង​ថា​ ការ​បញ្ចុះ​ថ្លៃ​ភ្លើង​នឹ​ង​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់កម្មករ។  តែ​លោកបារម្ភ​ពី​ប្រ​សិទ្ធិភាពក្នុង​ការ​ចុះ​អនុវត្ត​ការ​ងាររបស់​មន្រ្តី​អគ្គិសនី​កម្ពុជា ដែល​អាច​ទារ​ថ្លៃ​ទឹក​តែ​ពី​កម្មករ«​អ៊ីចឹង​បើ​ធ្វើ​អាហ្នឹង​បាន​វា​ប្រ​សើរ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច …កម្មករ​គាត់​​មិន​មានឯកសារ​ច្បាស់​លាស់ និង​ការ​ស្នាក់​នៅ​មិន​មាន​លំនឹង​ មួយ​ទៀត​ តើ​ម្ចាស់​ផ្ទះ​អា​ច​ផ្តល់​សិទ្ធិ​ហ្នឹង​ទេ។ មួយ​ទៀត​នៅ​ពេល​ដែល​គាត់​ស្នាក់​នៅ​ ឬ​តភ្ជាប់​ហ្នឹង តើ​សេវា​ហ្នឹង​ប្រា​​កដ​ជា​សេវា​ជួយ​គាត់​មែន ឬ​ទារ​ទឹក​តែ​ពី​គាត់​ទៀត» ។

គួរបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញ អាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់តម្លៃអគ្គិសនីជា៣បែប គឺបើប្រើប្រាស់មិនលើសពី៥០គីឡូវ៉ាត់ម៉ោង​ក្នុងមួយខែ ត្រូវចំណាយ៦១០រៀលក្នុងមួយគីឡូ ប្រើប្រាស់ចាប់ពី៥១ទៅ២០០គីឡូវ៉ាត់ម៉ោង​ ត្រូវយកតម្លៃ៧២០រៀលក្នុង​មួយ​គីឡូ និងលើសពី២០០គីឡូវ៉ាត់ម៉ោង​ ត្រូវយកតម្លៃ៨២០រៀលក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ៕

Urban Voice Cambodia

Urban Voice Cambodia