អគ្គស្នងការ​នគរបាល​ជាតិ ​អំពាវនាវ​ទាំង​អ្នកបើកបរ​ម៉ូតូ ​និង​ជិះ​ពីក្រោយ​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​គ្រោះថ្នាក់​​
Posted On : August, 8, 2014 | By សំឡេងទីក្រុង

វិទ្យុសម្លេងប្រជាធិបតេយ្យ ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃសុក្រ ទី8 សីហា 2014

មន្ត្រី​អគ្គស្នងការ​នគរបាល​ជាតិ អំពាវនាវ​ឲ្យ​សាធារណជន ចូលរួម​ពាក់មួក​សុវត្ថិភាព​រាល់​ពេល​បើកបរ​ទាំងអស់​គ្នា ដើម្បី​កាត់បន្ថយ​ការស្លាប់​ និងរងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​កម្ពុជាមាន​អត្រា​អ្នក​ស្លាប់​ដោយ​កត្តា​នេះ​ច្រើន​ឡើង។​

​ការអំពាវនាវ​នេះ ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ដៃគូ​ថ្នាក់ជាតិ ស្តីពី​ការអនុវត្ត​គម្រោងមួកសុវត្ថិភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៨ ខែសីហា​ក្នុង​រាជធានី​ភ្នំពេញ។​

ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ហ៊ឹម យ៉ាន នប្រសាមាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សង្គម​កម្ពុជា ដែល​ក្នុង​មួយ​ថ្ងៃ​មាន​អ្នកស្លាប់​ចំនួន​៥​នាក់ និង​របួស​ចំនួន​២០​នាក់ ដោយសារ​គ្រោះថ្នាក់​នេះ​។ លោក​បន្តថា អ្នករងគ្រោះ​ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​ហើយ​បាន​ស្លាប់ ដោយសារតែ​មិន​គោរព​ច្បាប់​ចរាច​រណ៍ និង​មិន​បាន​ពាក់មួក​សុវត្ថិភាព​ជាដើម។

​លោក ហ៊ឹម យ៉ាន ឲ្យដឹងថា ខេត្ត​ក្រុង​ដែល​អនុវត្ត​ការ​ពាក់មួក​សុវត្ថិភាព​ពេល​បើក​បរ​បាន​ល្អ​ជា​ង​ គេ​រួមមាន រាជធានី​ភ្នំពេញ​ អនុវត្ត​ពាក់​ពេល​ថ្ងៃ​បាន​៨០​ភាគរយ បាត់ដំបង​៩០​ភាគរយ ក្រុង​ពី​សីហនុ និង​ខេត្ត​សៀមរាប។​

​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក ពៅ ម៉ាលី មានប្រសាសន៍ថា ទន្ទឹម​នឹង​សមត្ថកិច្ច​ធ្វើការ​គ្រប់គ្រង​លើ​ចរាច​រណ៍ ឬ​អនុវត្ត​ច្បាប់ តែ​ប្រសិនបើ​សា​ធាណ​ជន​មិន​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​នោះ បញ្ហា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មិន​អាច​កាត់បន្ថយ​បានដែរ។

នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី លោក គឹម បញ្ញា មានប្រសាសន៍ថា តាមរយៈ​ការងារ​នៃ​អង្គកា​រលោក​ឃើញថា គ្រោះថ្នាក់​ចរាចរណ៍ បាន​នឹង​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ជា​ឃាតករ​សម្លាប់​ជីវិត​មនុស្ស នៅលើ​ដងផ្លូវ​ដ៏​ច្រើន​បំផុត​មួយ និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​សាធារណៈ​ក្នុងប្រទេស​កម្ពុជា។ លោក​បន្តថា មួកសុវត្ថិភាព គឺជា​វត្ថុ​យ៉ាង​សាមញ្ញ មាន​តម្លៃ​សមរម្យ ប៉ុន្តែ​វា​មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុង​ការការពារ​កុំឲ្យ​ទទួល​រងរបួស​ក្បាល​ធ្ងន់ធ្ង​រ។​

​របាយការណ៍​របស់​ស្នងការ​នគរបាល​ជាតិ​ឲ្យដឹង​ថា ក្នុង​លទ្ធផល​នៃ​ការ​រឹតបន្តឹង​ច្បាប់​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤​នេះ សង្កេត​ឃើញ​ករណី​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់​បួ​ក​សុវត្ថិភាព​នៅតែមាន​ចំនួន​ ច្រើន​លើសលុប ​ដល់​ទៅ​៦០​ភាគរយ ​នៃ​ករណី​ល្មើស​ទាំងអស់ ១៣៩២៨​នាក់។ ករណី​ល្មើស​នេះ​អាច​សន្និដ្ឋាន​ថា មក​ពី​ការ​មិន​យល់ដឹង​អំពី​គ្រោះថ្នាក់ ឬ​ការ​ធ្វេសប្រហែស ឬ​ការបំពានច្បាប់ ឬ​ការយល់​ច្រឡំ បង្ហាញ​អំពី​ភាពយឺតយ៉ាវ​នៃ​ការកែប្រែ​ឥរិយាបថ ឬ​ទំលាប់ និង​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​តស៊ូ​យូរអង្វែង៕

Urban Voice Cambodia

Urban Voice Cambodia