អគារ​មួយ​ចំនួន​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ មាន​អាយុ​បាន ១០០​ឆ្នាំ​ហើយ
Posted On : តុលា, 27, 2016 | By Vantha

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏

នៅតែរយៈពេលជាង២ខែទៀតប៉ុណ្ណោះ ដែលឆ្នាំ២០១៧ នឹងឈានចូលមកដល់ ហើយក៏ជាឆ្នាំខួបគម្រប់ ១០០ ឆ្នាំ នៃការបើកដំណើរការសាលារចនា (បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) នៅកណ្តាលរាជធានីភ្នំពេញ កាលពីឆ្នាំ១៩១៧ ផងដែរ។

ដើម្បីជាការរំឭកដល់ប្រវត្តិ និងការវិវត្តនានារបស់មជ្ឈមណ្ឌលអប់រំផ្នែកសិល្បៈ និងវប្បធម៌ខ្មែរ ដ៏ល្បីល្បាញនេះ អតីតនិស្សិតមួយរូបនៃគ្រឹះស្ថានអប់រំនេះទើបបានបញ្ចប់ការចងក្រង និងបោះពុម្ពសៀវភៅមួយក្រោមចំណងជើង «ប្រវត្តិសាលារចនា» មរតក១០០ឆ្នាំនៃសិល្បៈវប្បធម៌ខ្មែរ។

អ្នកនិពន្ធសៀវភៅនោះ គឺលោក ព្រាប ចាន់ម៉ារ៉ា ដែលបានកើតនៅឆ្នាំ១៩៧៥ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

លោកបានសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (សាលារចនា) កាលពីឆ្នាំ ១៩៩៥-២០០០។ សព្វថ្ងៃលោកជាគ្រូបង្រៀន និងជាមន្ត្រីរាជការនៅសាកលវិទ្យាល័យដ៏ចំណាស់មួយនេះ។

លោក ចាន់ម៉ារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ អចលនទ្រព្យ កាលពីដើមសប្តាហ៍នេះថា គឺចាប់តាំងពីឆ្នាំដំបូងនៃការចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមកម្ល៉េះ ដែលលោកបានដិតអារម្មណ៍ជាប់ជំពាក់ទៅលើរចនាប័ទ្មសំណង់បុរាណនៃសាលារចនា។

លោកបន្តថា ៖ «តាមពិតទៅ គឺទើបតែពីរបីឆ្នាំចុងក្រោយនេះទេ ដែលខ្ញុំសម្រេចចិត្តចងក្រងដើម្បីបោះពុម្ពសៀវភៅ[ប្រវត្តិសាលារចនា]នេះឡើង ដើម្បីជាការរំឭកដល់អនុស្សាវរីយ៍នៃមរតកមួយរយឆ្នាំរបស់សាលារចនា»។

លោក ចាន់ម៉ារ៉ា បានរំឭកថា ៖ «ខ្ញុំចាប់អារម្មណ៍ជាខ្លាំងលើរចនាសម្ព័ន្ធសំណង់ចាស់ៗ នៅក្នុងបរិវេណសាលានេះ។ ហើយខ្ញុំតែងតែគិតដោយខ្លួនឯងថា ថ្ងៃណាមួយប្រហែលជាមានការជួសជុលកែលម្អជាពុំខាន ដូច្នេះខ្ញុំក៏បានចាប់ផ្តើមថតរូបសំណង់អគារមួយចំនួនទុកតាំងពីពេលនោះមក»។

លោកបានបន្ថែមថា ៖ «ក្រោយមកជារៀងរាល់ឆ្នាំ ខ្ញុំបានសន្សំរូបថត និងឯកសារផ្សេងៗពាក់ព័ន្ធខ្លះៗអំពីសាលារចនាក្នុងបំណងទុកជាឯកសារគ្រាន់នឹងបានចែករំលែកដល់អ្នកជំនាន់ក្រោយ ដែលពួកគេខ្លះអាចនឹងចាប់អារម្មណ៍ដែរ»។

ឥឡូវនេះសមិទ្ធផលនៃបំណងប្រាថ្នារបស់អតីតសិស្ស(ព្រាប ចាន់ម៉ារ៉ា)មកពីខេត្តជាប់តាមដងទន្លេមេគង្គរូបនេះ គឺជាសៀវភៅមួយក្បាល «ប្រវត្តិសាលារចនា» ដែលបានក្លាយជាឯកសារយ៉ាងមានសារសំខាន់មួយសម្រាប់សិស្ស និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមហាជនទូទៅ ដើម្បីធ្វើការស្វែងយល់អំពីដំណើរវិវត្តរបស់មជ្ឈមណ្ឌលអប់រំផ្នែកវប្បធម៌ និងសិល្បៈខ្មែរនាសម័យទំនើបនេះ។

finearts-university_2006សៀវភៅ «ប្រវត្តិសាលារចនា» មានចំនួន៨៨ទំព័រ ប្រមូលផ្តុំដោយព័ត៌មានជាច្រើន និងរូបថតចំនួន១៤៦រូបថត ដែលរូបថតមួយចំនួនត្រូវបានថតតាំងពីឆ្នាំ១៩២០មកម្ល៉េះ និងបន្តមកដល់រូបថតកាលពីឆ្នាំ២០១៦នេះតែម្តង។ សៀវភៅនេះមានលក់នៅតាមបណ្ណាគារនានានៅទីក្រុងភ្នំពេញ ក្នុងតម្លៃ៣ដុល្លារក្នុងមួយក្បាល។

នៅក្នុងសៀវភៅរបស់លោក ចាន់ម៉ារ៉ា បានរំលេចឲ្យដឹងឡើងថា ៖ សាលារចនា ត្រូវបានលេចចេញជារូបរៀងជាផ្លូវការតាមរយៈព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះស៊ីសុវត្ថិ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩១៧ និងដោយមានលោក George Groslier ជាអភិបាលបារាំងប្រចាំឥណ្ឌូចិន ក៏បានចូលរួមចាត់ចែងផងដែរ។ នៅក្នុងសម័យអាណានិគមបារាំងនោះ សាលានេះត្រូវបានគេហៅថា École des Arts Cambodiens។

នៅក្នុងសៀវភៅដដែលត្រង់ទំព័រទី៣៦ បានបញ្ជាក់ថា ៖ [..ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រទានតួនាទីទៅលោក វណ្ណ មូលីវណ្ណ ឲ្យទទួលបន្ទុករៀបចំសាលារចនាឲ្យក្លាយជា «សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ» តាមព្រះរាជក្រមលេខ២២៦ ប.រ. ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦៥]។

លោក ចាន់ម៉ារ៉ា បានបន្ថែមថា ៖ «អ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅក្នុងឆ្នាំ១៩៦៥នោះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានមហាវិទ្យាល័យធំៗចំនួនប្រាំ ដើម្បីផ្តល់ការអប់រំកម្រិតឧត្តមសិក្សាដល់កុលបុត្រកុលធិតាខ្មែរ ឲ្យមានកម្រិតស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសជឿនលឿននៅលើសកលលោកនៅក្នុងអំឡុងទសវត្សរ៍នោះ»។

លោកបន្តថា សាកលវិទ្យាល័យនោះមាន ១-មហាវិទ្យាល័យសិល្បៈសូនរូប (គំនូរ, ចម្លាក់, ស្មិត, ខ្មុក, និងតុបតែង…), ២-មហាវិទ្យាល័យនាដសាស្ត្រ (របាំ, ល្ខោន, និងសិល្បៈសម្តែងផ្សេងៗ…), ៣-មហាវិទ្យាល័យតូរ្យតន្ត្រី (ភ្លេងច្រើនប្រភេទ), ៤-មហាវិទ្យាល័យបុរាណវិទ្យា (ស្រាវជ្រាវ, និងអភិរក្សសម្បត្តិវប្បធម៌…), និង ៥-មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា (គូរប្លង់សំណង់ផ្សេងៗ និងការរៀបចំក្រុង)ជាដើម។

លោក អ៊ុំ ប៊ុនធឿន បច្ចុប្បន្នជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យឯកជនមួយ និងជាមន្ត្រីនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈរាជធានីភ្នំពេញ។ លោកក៏ជាអតីតសិស្ស នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ។

លោកសាស្រ្តចារ្យពន្យល់ថា រហូតមកទល់នឹងពេលបច្ចុប្បន្ននេះសំណង់អគារភាគច្រើននៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាសំណង់ចាស់ៗបន្សល់ទុកមកតាំងពីដើមស្ទើរតែទាំងអស់ ហើយបើមានការជួសជុលក៏គេរក្សាបាននូវលក្ខណៈដើមរបស់វាដែរ។

ចំពោះអគារសំខាន់ៗដែលសាងសង់នៅក្នុងដំណាក់កាលស្ថាបនាកាលពីគ្រាដំបូង នៅក្នុងដំណាក់កាលកសាងសាលារចនា(សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)នោះ «អគារសំខាន់ៗមានបួនធំៗ, អគារធំជាងគេ ស្ថិតនៅចំកណ្តាល ដែលបច្ចុប្បន្នសម្រាប់មហាវិទ្យាល័យបុរាណវិទ្យានោះ។ ដោយវាប្រហោងចំហប្រឡោះកណ្តាល (មានរាងដូចអក្សរ U) ចំណែកសំណង់អគារផ្សេងៗស្ថិតនៅព័ទ្ធជុំវិញដូចរបង អ៊ីចឹង»។ នេះបើតាមប្រសាសន៍របស់លោក ប៊ុនធឿន។ «នៅពេលដែលសាលារចនាត្រូវបានដាក់ទៅជាសាកលវិទ្យាល័យ ទើបមានការសាងសង់អគារថ្មីបន្ថែមមួយចំនួន ក្នុងនោះមានអគារថ្មីមួយ នៅចំពីទិសខាងលិចដើម្បីបិទផ្ជិត អក្សរ U នោះដែរ។ អគារថ្មីបែបទំនើបនេះ គឺសម្រាប់មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យាតែម្តង»។

លោកបន្តពន្យល់ថា ចំណែកអគារសំខាន់មួយទៀតសង់ទទឹងថ្ងៃស្ថិតនៅផ្នែកខាងលិចបំផុត។ រីឯភាគខាងត្បូងនៃបរិវេណនេះក៏មានបណ្តុំអគារល្អៗមួយចំនួនទៀត ដែលសម្រាប់ក្រុមអ្នកសិក្សានៅមហាវិទ្យាល័យសិល្បៈសូនរូប នៅទីនោះ។

លោក ប៊ុនធឿន បានបន្តថា ៖ «ចំពោះរូបខ្ញុំ ក៏ដូចអ្នកផ្សេងដែរ អគាររាងអក្សរ U នៅចំកណ្តាលបរិវេណនោះ គឺមានលក្ខណៈគួរឲ្យ ចាប់អារម្មណ៍ និងចងចាំជាងគេ។ អគារនោះបែរមុខទៅខាងកើតចំពីក្រោយសារមន្ទីរជាតិ ដែលជាផ្នែកនៃរចនាសម្ព័ន្ធរបស់សាលារចនាកាលពីគ្រាដំបូងមកដែរ»។

«អគារ U នេះត្រូវបានសាងសង់ឡើងតាមលំនាំដំបូលរោង(ផ្ទះ រោងដោល)ដ៏ធំទូលាយដោយនៅផ្នែកនៃដំបូលនោះគេប្រើរបៀប ស្ថាបត្យកម្មផ្ទោងរយតែម្តង ហើយនៅតាមទ្វារ និងបង្អួច ក៏ត្រូវបានរំលេចដោយក្បាច់ចម្លាក់យ៉ាងលេចត្រដែត កើតចេញពីស្នាដៃរបស់ក្រុមមេជាងចំណានដ៏ល្បីៗទាំងអស់»។ នេះបើយោងតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ ប៊ុនធឿន។

ស្រដៀងគ្នានេះដែរ លោក ចាន់ម៉ារ៉ា ក៏បានសម្តែងការចាប់អារម្មណ៍ចំពោះអគារធំ(U)នៅកណ្តាល ដោយលោកបញ្ជាក់ថា ៖ «បច្ចុប្បន្នអគារនេះត្រូវបានគេជួសជុល ឬកែសម្រួលក្នុងទម្រង់ដើមដោយគ្រាន់តែបន្ថែម១ជាន់ផុតពីដីតែប៉ុណ្ណោះ»។

បុរសវ័យជាង ៧០ឆ្នាំ លោក (កៅ) ជាអតិតសិស្ស និងគ្រូបង្រៀននៅសាលារចនា បានសម្តែងការយល់ឃើញ ដូចទៅនឹងអ្វីដែលមានពណ៌នានៅក្នុងសៀវភៅ «ប្រវត្តិសាលារចនា»នោះដោយលោកបានរំឭកថា ពីបុរាណតរៀងមកសាលារចនា គឺជាផ្នែកមួយនៃរចនាសម្ព័ន្ធរបស់ព្រះបរមរាជវាំង។ ដោយ«សាលានេះបានដើរតួនាទីជារោងជាងសម្រាប់ផលិតគ្រឿងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទដើម្បីផ្គត់ផ្គង់ដល់ព្រះរាជវាំង»។ ទន្ទឹមនឹងមានរោងជាង(សាលារចនា) នោះព្រះបរមរាជវាំង ក៏តែងតែផ្សារភ្ជាប់ដោយមានសារមន្ទីរផងដែរ «ព្រោះសារមន្ទីរបានដើរតួជាឃ្លាំងរក្សានូវរាល់រតនសម្បត្តិ ឬកេរដំណែលជាច្រើនតំណ»។

លោកបានថ្លែងថា ៖ «ជាប្រពៃណីតមកពីសម័យបុរាណរបស់ព្រះមហាក្សត្រខ្មែរ តែទីតាំងណាមានព្រះរាជវាំង ឬរាជដំណាក់ នៅទីក្បែរៗនោះគេតែងតែឃើញមានរោងជាង ឃ្លាំង និងក្រោលសត្វ(រោងដំរី និងសេះ) នៅក្បែរៗនោះហើយ ទាំងអស់នោះគឺលក្ខណៈ សម្បត្តិចាំបាច់ខ្លាំងណាស់តាមលំអាន មហាក្សត្រ ឬរាជវង្សានុវង្សតែងតែយកព្រះទ័យទុកដាក់ ហើយតម្រូវឲ្យមាននៅក្បែរៗរាជដំណាក់»។

គួររំលឹកថា កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្រទាប់មហាជនទូទៅនៅកម្ពុជា បន្ទាប់ពីមានលេចឮព័ត៌មានថា នឹងមានការអភិវឌ្ឍដោយផ្លាស់ប្តូរទីតាំងសាលារចនា គឺសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចេញពីតាំងដ៏បុរមបុរាណនេះ ទៅម្តុំត្រើយម្ខាងនៃតំបន់ជ្រោយចង្វារ ប៉ុន្តែរហូតមកដល់ពេលនេះព័ត៌មាននោះពុំទាន់មានមន្ត្រីណាម្នាក់ចេញមកបកស្រាយការពិតនៅឡើយទេ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!