អគារថ្មីរបស់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សម្រេចបាន ៧០%
Posted On : May, 22, 2015 | By សំឡេងទីក្រុង

ឆ្នាំ2015 ខែ05 ថ្ងៃទី22,  http://business-cambodia.com/

ភ្នំពេញ៖ យោងតាមការអញ្ជើញរបស់ប្រធានក្រុមហ៊ុន Cambodia Airports នៅរសៀលថ្ងៃទី ២១នេះ លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បានដឹកនាំមន្រ្តីបច្ចេកទេស ដើម្បីទៅទស្សនកិច្ច ស្វែងយល់ពីបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធដំណើរការ នៅការដ្ឋានកំពុងសាងសង់ នៃអគារថ្មីរបស់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។ Terminal ព្រលានយន្តហោះថ្មីនេះ បានចាប់ផ្ដើមស្ថាបនាឡើង កាលពីដើមឆ្នាំ២០១៣ បច្ចុប្បន្នបានសម្រេចការសាងសង់បាន ៧០% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរ ក្នុងខែកុម្ភៈ ឆ្នាំ២០១៦។

សំណង់អគារថ្មីនេះ បានបំពាក់ឧបករណ៍បច្ចេកទេសចុងក្រោយ ដែលគេរំពឹងថានឹងអាចទទួលភ្ញៀវបានប្រមាណ ៥លាននាក់ក្នុងមួយឆ្នាំ តែអ្វីគ្រប់យ៉ាងអាចដំណើរការទៅបានគឺចាំបាច់ត្រូវមានកិច្ចសហការល្អរវាង ព្រលានយន្ដហោះ និងអាជ្ញាធររាជធានីភ្នំពេញ ទៅលើប្រព័ន្ធចរាចរ ប្រព័ន្អលូបង្ហូរទឹក និងការគ្រប់គ្រងសន្ដិសុខ-សណ្ដាប់ធ្នាប់នៅតំបន់ជុំវិញព្រលានយន្ដហោះនេះ។

Cambodia Airports ប្រតិបត្តិការដោយ ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ជាក្រុមហ៊ុនដែលទទួលសិទ្ធិសម្បទាន ២៥ ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគព្រលានយន្តហោះចំនួន ៣ រួមមាន ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និងនៅក្រុងព្រះសីហនុ។ ភាគហ៊ុនិក របស់ព្រលានយន្តហោះ កម្ពុជាធំជាងគេ គឺក្រុមហ៊ុនបារាំង មានឈ្មោះថា​ France’s group VINCI ជាមួយភាគហ៊ុន ៧០ភាគរយ នៃភាគហ៊ុនសរុប និងចំនួន ៣០ភាគរយទៀត គឺការវិនិយោគរួមគ្នារវាង កម្ពុជា និង ម៉ាឡេស៊ី។

បច្ចុប្បន្ន ដៃគូពាណិជ្ជកម្មរបស់ អាកាសយាន្តដ្ឋាន Cambodia Airports រួមមាន ក្រុមហ៊ុន ភីធីធី (កម្ពុជា) លីមីតធីត – PTT (CAMBODIA) LIMITED, ក្រុមហ៊ុន តូតាល់ (កម្ពុជា) លីមីតធីត – TOTAL ( CAMBODGE) LIMITED, ក្រុមហ៊ុនកម្ពុជាផ្គត់ផ្គង់ចំណីអាហារនៅលើយន្តហោះ លីមីតធីត – CAMBODIA AIR CATERING SERVICES LTD, ក្រុមហ៊ុនសាជីវកម្មសាធារណៈអាកាសចរណ៍ថៃអន្តរជាតិ (ថែទាំជួសជុលយន្តហោះ)-Thai Airways International Public Company (Line Maintenance)។

Urban Voice Cambodia

Urban Voice Cambodia