urbanvoice-1

ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​ ពាក់​កណ្តាល​មាន​គុណ​ភាព​អន់

ផ្លូវជាងពាក់កណ្ដាលក្នុងចំណោមផ្លូវប្រវែង ៦ ០០០ គីឡូម៉ែត្ររបស់កម្ពុជាត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ចាត់ថ្នាក់ជាផ្លូវមានគុណភាពអន់ ដែលអ្នកនៅក្នុងឧស្សាហកម្មនេះបានឲ្យដឹងថា រដ្ឋាភិបាលចាំបាច់ត្រូវចូលរួមជាមួយវិស័យឯកជន ដើម្បីជំរុញការវិនិយោគក្នុងគម្រោងសាងសង់និងថែទាំប្រកបដោយគុណភាព។

ថ្លែងនៅក្នុងសន្និសីទកាលពីថ្ងៃអង្គារស្ដីពីហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ លោក Sam Chow ទីប្រឹក្សាផ្នែកដឹកជញ្ជូនអាស៊ីខាងកើតនៅក្រុមហ៊ុន Arup បានមានប្រសាសន៍ថា ខណៈប្រទេសកម្ពុជា ត្រូវការផ្លូវជាតិកាន់តែច្រើន មានឧបសគ្គមួយចំនួនដែលរារាំងផ្លូវនៃការអភិវឌ្ឍផ្លូវថ្នល់ប្រកបដោយគុណភាព។

លោកថ្លែងថា៖ «ក្នុងករណីជាច្រើន ក្រុមហ៊ុនសាងសង់មិនមានបច្ចេកវិទ្យាទំនើប ហើយផ្លូវថ្នល់ជាច្រើនជារឿយៗត្រូវបានសាងសង់ដោយកម្មករមិនទទួលបានការបណ្ដុះបណ្ដាល ដែលខ្វះការត្រួតពិនិត្យ»។

លោកបន្តថា៖ «សម្រាប់ផ្លូវថ្នល់ភាគច្រើនបំផុត គុណភាពមិនល្អគឺដោយសារតែការផ្ដល់មូលនិធិមិនបានល្អ»។

លោកថ្លែងថា ការសាងសង់ផ្លូវថ្នល់របស់កម្ពុជាកំពុងស្ថិតក្នុងតម្រូវការគម្រោងវិនិយោគជាផ្លូវការកាន់តែច្រើន។ លោកបន្ដថា រដ្ឋាភិបាលអាចបង្កើនប្រាក់ចំណូលដើម្បីចំណាយលើការថែទាំដែលមានតម្លៃខ្ពស់នៃកំណើនការសឹក និងការប្រេះបែក តាមរយៈផ្លូវបង់លុយ ដោយស្វែងរកក្រុមវិនិយោគិនវិស័យឯកជន។

លោកបានថ្លែងថា៖ «ខណៈដែលអាជីវកម្មរីកចម្រើន អ្នកបើកបរបានដឹកទំនិញលើសទម្ងន់ ដែលបណ្ដាលឲ្យមានបញ្ហាសុវត្ថិភាព និងបង្កើនទម្ងន់លើផ្លូវថ្នល់ផងដែរ»។ លោកបន្តថា៖ «សេដ្ឋកិច្ចរីកចម្រើនរហ័សដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាជាធម្មតាធ្វើឲ្យមានកំណើនការដឹកជញ្ជូន ដែលនឹងធ្វើឲ្យមានការខូចផ្លូវថ្នល់ធ្ងន់ធ្ងរ»។

លោកបានថ្លែងថា លើសពីនេះ រដ្ឋាភិបាលចាំបាច់ត្រូវធ្វើការវិភាគលើ អត្ថប្រយោជន៍នៃការចំណាយ នៅពេលជ្រើសរើសទំហំនៃការវិនិយោគដំបូងក្នុងគម្រោងផ្លូវថ្នល់ ដើម្បីឲ្យដឹងថា តើវាមានលទ្ធភាព និងទទួលបានប្រាក់ចំណេញឬអត់? លោកបន្ថែមថា រដ្ឋាភិបាលចាំបាច់ត្រូវជ្រើសរើសរវាងការវិនិយោគលើផ្លូវថ្នល់មិនល្អ ដែលត្រូវការការផ្ដល់មូលនិធិបន្តិចបន្តួច ប៉ុន្តែមានកម្រិតថែទាំកាន់តែខ្ពស់ ឬការវិនិយោគលើផ្លូវថ្នល់ក្រាលកៅស៊ូ ដែលចំណាយច្រើន ប៉ុន្តែតម្រូវការជួសជុលកាន់តែតិច។

លោកថ្លែងថា៖ «អ្នកអាចយល់យ៉ាងច្បាស់ថា ការចំណាយខ្ពស់នៅពេលដំបូងគឺមានប្រយោជន៍»។

បច្ចុប្បន្ន ផ្លូវថ្នល់កម្ពុជា ៧០ ភាគរយត្រូវបានផ្ដល់មូលនិធិដោយប្រទេស ចិន ហើយត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន ដែលជារឿយៗប្រើប្រាស់វិធីសាស្ដ្រសាងសង់តម្លៃទាបដោយចាក់ស្រទាប់កម្ទេចថ្មស្ដើងហើយក្រាលកៅស៊ូពីលើ។

លោក ថូ សំណាង អនុប្រធានមជ្ឈមណ្ឌលឧបករណ៍ធុនធ្ងន់នៃ MPWT បានពន្យល់ថា ការផ្ដោតសំខាន់របស់ក្រសួងគឺគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់ ដែលជាការថែទាំ និងធ្វើឲ្យផ្លូវដែលមានស្រាប់របស់ប្រទេសកម្ពុជាមានភាពរលូន។

លោកថ្លែងថា៖«រដ្ឋាភិបាលកំពុងចំណាយពេលវេលាច្រើនលើការថែរក្សាផ្លូវថ្នល់ ដោយសារតែកង្វះហេដ្ឋារចនាសម្ព័ន្ធ»។

លោកបន្តថា៖ «ប៉ុន្តែយើងមិនអាចបំភ្លេចការថែទាំនោះទេ ដោយសារនៅកម្ពុជាជាពិសេសកន្លែងដែលមានរដូវភ្លៀងរយៈពេលវែង ទឹកអាចធ្វើឲ្យខូចគ្រឹះផ្លូវ»។ លោកបន្តថា៖ «ការជួសជុលជាកត្តាដ៏សំខាន់សម្រាប់និរន្តរភាព»។

លោក នូ វឌ្ឍនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស MPWT បានយល់ស្របថា កម្ពុជាមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង និងការវិនិយោគកាន់តែធំ ប៉ុន្តែលោកមិនអាចផ្ដល់ព័ត៌មានលម្អិតទេថាតើរដ្ឋាភិបាលនឹងធានាការផ្ដល់មូលនិធិត្រឹមត្រូវដូចម្ដេចនោះ?

លោកថ្លែងថា៖ «យើងត្រូវការផ្លូវថ្នល់មានគុណភាពល្អ ហើយភាគច្រើនអ្វីដែលយើងត្រូវការនៅពេលនេះគឺការវិនិយោគ។ គោលបំណងរបស់រដ្ឋាភិបាលនឹងទាក់ទាញវិស័យឯកជនឲ្យចូលរួម [ប៉ុន្តែយើង] ជាធម្មតាមានគម្រោងផ្លូវថ្នល់ដែលបានផ្ដល់មូលនិធិដោយប្រទេសផ្សេងទៀត»៕

 

ប្រភព៖ PhnomPenhPost

Leave a Reply