ស្វែងយល់ពីភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម និងគំនូសអ្នកថ្មើរជើង
Posted On : February, 1, 2019 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) មាន ៣ពណ៌ គឺពណ៌លឿងឲ្យប្រុងប្រយ័ត្ន បៃតងឲ្យចេញដំណើរ និងក្រហមឲ្យឈប់។ នេះបើតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ នៅពេលមានភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម តើអ្នកបើកបរគួរឈប់យានយន្តបែបណាទើបត្រឹមត្រូវ?

អ្នកជំនាញផ្នែកចរាចរណ៍ លោកវរសេនីយ៍ឯក ថី វិសាល នាយកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានបង្ហាញថា អ្នកបើកបរយានយន្តភាគច្រើន មិនទាន់ចេះឈប់យានយន្តឲ្យបានត្រឹមត្រូវនៅឡើយទេ ពោលគឺអ្នកបើកបរ តែងតែរំលោភលើគំនូសចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍។ នៅពេលដែលភ្លើងសញ្ញាពណ៌ក្រហមអ្នកបើកបរគ្រប់រូបត្រូវឈប់រង់ចាំ រហូតដល់មានភ្លើងពណ៌បៃតង ក្នុងករណីភ្នើងពណ៌បៃតងនេះ អ្នកបើកបរគ្រប់រូបត្រូវឈប់នៅពីមុខគំនូសសញ្ញាបន្ទាត់ពណ៌ស។ បើគ្មានសញ្ញាពណ៌សនេះទេ គឺអាចឈប់នៅពីមុខគំនូសសញ្ញាថ្មើរជើងឆ្លងកាត់បាន។ ក្នុងករណីអ្នកបើកបររំលោភសញ្ញាចរាចរណ៍ ឧទាហរណ៍ គឺគាត់ឈប់ទៅលើសញ្ញាថ្មើរជើង នោះមានន័យថា គាត់រំខានដំណើរថ្មើរជើងដែលឆ្លងកាត់ពីម្ខាងទៅម្ខាង។ មួយវិញទៀតគឺគាត់ល្មើសពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយនគរបាលផ្លូវគោកនឹងពិន័យគាត់ ហើយចំពោះម៉ូតូគឺពិន័យ ២៥ ០០០រៀល រថយន្តធុនតូចឬរថយន្តគ្រួសារពិន័យ ៥០ ០០០រៀល រថយន្តធុនធំពិន័យ១០០ ០០០រៀល។

 

លោក គង់ រតនៈ អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បាននិយាយថា ផ្លូវថ្មើរជើង គឺសម្រាប់អ្នកធ្វើដំណើរថ្មើរជើង សូម្បីតែជនពិការក៏ធ្វើដំណើរបានដែរ រួមទាំងរទេះ ឬឧបករណ៍សម្រាប់ជនពិការ។ បើសិនជាយើងទៅបាំង តើពួកគាត់ដើរម៉េចរួច? អញ្ចឹងវារំខានដល់ពួកគាត់ មានន័យថា យើងបានរំលោភដល់សិទ្ធិអ្នកធ្វើដំណើរថ្មើរជើង ហើយមួយវិញទៀត វាបានបង្ហាញ ពីចំណេះដឹង និងអត្តចរិករបស់ពួកគាត់ទាក់ទង នឹងចរារចរណ៍ គឺពួកគាត់អត់យល់តែសោះ។ នៅក្នុងករណីហ្នឹងគឺសង្គមអត់ទទួលស្គាល់ទេ អញ្ចឹងអ្វីដែលសង្គមចង់បានគឺគោរព ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ។   លោកបានបន្តទៀតថា ប្រសិនបើមានភ្លើងស្តុបដាច់ ប្រជាពលរដ្ឋយើង គឺអត់មានការយោគយល់ខាងណាទេ សំខាន់ឱ្យតែបានទៅមុន។

ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ អ្នកបើកបរគ្រប់រូបត្រូវគោរពច្បាប់ចរាចរណ៍ជារឿងចាំបាច់ ហើយរឿងដែលចាំបាច់មួយទៀតនោះអ្នកបើកបរ ត្រូវមានសីលធម៌ មេត្តា និងការអនុគ្រោះជាគោលការណ៍៕

ប្រភព៖ បេសកកម្មប្រចាំសប្តាហ៍ (Mission of the week)

កែសម្រួលដោយ ៖ សារ៉េត

Urban Voice Cambodia

Urban Voice Cambodia