ស្ពានអាកាស៤នៅភ្នំពេញមួយណា ចាយលុយសាងសង់ច្រើនជាងគេ?
Posted On : September, 10, 2014 | By សំឡេងទីក្រុង
ដោយ Sabay ថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៤
ជាង៤ ឆ្នាំចុងក្រោយនេះនៅរាជធានីភ្នំពេញបាន ស្ថាបនាស្ពានអាកាសចំនួន៤ ក្នុងនោះមាន ស្ពានក្បាលថ្នល់ ស្ពានពេទ្យលោកសង្ឃ ស្ពានស្ទឹងមានជ័យ និងចុងក្រោយបង្អស់គឺស្ពានអាកាសសាលាតិចណូ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ។ ក្នុងចំណោមស្ពានទាំង៤ តើស្ពានមួយណាចំណាយការសាងសង់ច្រើនជាងគេ?
-ស្ពានអាកាសក្បាលថ្នល់
បាន សម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០១០ ។ ស្ពាននេះត្រូវបានចាត់ទុកជាស្ពានអាកាសដំបូងបង្អស់ និងជាសំណង់ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា។ ស្ពានក្បាលថ្នល់បានចំណាយការសាងសង់ជាង ៦ លានដុល្លារ។ ក្រុមហ៊ុន OCIC ជាអ្នកទទួលការសាងសង់។
ស្ពានអាកាស ៧ មករា
ស្ពានអាកាស៧មករា (ពេទ្យលោកសង្ឃ)នេះមានបណ្ដោយ៣៤៥ម៉ែត្រ ទទឹង១៥,២ម៉ែត្រ លាតសន្ធឹងលើមហាវិថីសហព័ន្ធ រុស្ស៊ី និងទម្លាក់ខ្នែងជាដៃស្ពាននៅស្រប នឹងមហាវិថីកម្ពុជាក្រោម ដែលមានបណ្ដោយ១៦០ម៉ែត្រ ទទឹង៦,៥ម៉ែត្រ។ ការសាងសង់ចំណាយថវិកាជាង ៨ លាន ៣ សែនដុល្លារ និងត្រូវបានសម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ កន្លងមក។ ការងារស្ថាបនាអនុវត្តដោយក្រុមហ៊ុន OCIC។
ស្ពានអាកាសស្ទឹងមានជ័យ
ស្ពានអាកាស ស្ទឹងមានជ័យ គឺជាស្ពានអាកាស ទី៣ នៅ កម្ពុជា បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ស្ពានអាកាស ៧ មករា ឬស្ពានអាកាសពេទ្យលោកសង្ឃ។ ស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ និងដាក់ឲ្យប្រើប្រាស់កាលពីខែមុន ដោយនឹងចំណាយថវិកាចំនួន ១៩ លានដុល្លារក្រោមការវិនិយោគសាងសង់របស់ក្រុមហ៊ុន OCIC។
ស្ពានអាកាសតិចណូ
ជាស្ពានអាកាសទី៤ នៅរាជធានីភ្នំពេញ។ ស្ពានអាកាសតិចណូ បានចំណាយការសាងសង់ប្រមាណ១៤ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ។ រយៈពេលសាងសង់ ១៦ ខែ។ ស្ពាននេះ ប្រវែង៣៨២ម៉ែត្រ និងទទឹង ១៥,៨ ម៉ែត្រ ស្ពាននេះមានសសរភ្លោះ៦ ដែលមានគម្លាតពីសសរមួយទៅមួយចន្លោះ ២០ ទៅ៣០ម៉ែត្រ ព្រមទាំងអនុញ្ញាតឲ្យយានយន្តផ្ទុកទម្ងន់អតិបរមា ២៥តោនឆ្លងកាត់បាន។ ស្ពានតិចណូ បានបើកការដ្ឋាន សាងសង់នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕