ស្ពានអាកាសស្ទឹងមានជ័យនឹងដាក់ឲ្យប្រើប្រាស់នៅចុងខែនេះ
Posted On : July, 26, 2014 | By សំឡេងទីក្រុង
សាលារាជធានីភ្នំពេញនឹងរៀបចំពិធីសម្ពោធអោយប្រើប្រាស់ជាផ្លូវការស្ពានអាកាសស្ទឹងមានជ័យ នៅថ្ងៃទី ៣១ ខែកក្កដា នេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមធ្វើជាអធិបតីភាពពិធីនោះ។
ស្ពានអាកាសស្ទឹងមានជ័យបានចាប់ផ្ដើមកសាងពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយចំណាយពេលជាង ១ឆ្នាំ ហើយត្រូវចំណាយថវិកាសរុបចំនួន ១៧លានដុល្លារអាមេរិក។ ក្រុមហ៊ុនដែលម៉ៅការសាងសង់ស្ពានអាកាសនេះ គឺក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ។
លោក ឡុង ឌីម៉ង់ បន្តថាបន្ទាប់ពីនេះសាលាក្រុងគ្រោងនឹងបើកការដ្ឋានសាងសង់ ស្ពានអាកាសមួយទៀតនៅស្ដុបទួលគោកជិតវិទ្យាស្ថានបច្ចេកវិទ្យានៃ កម្ពុជា (ហៅសាលាតិចណូ)។
មកដល់ពេលនេះ ស្ពានអាកាសស្ទឹងមានជ័យនេះជាស្ពានទីបីហើយបន្ទាប់ពីស្ពាន អាកាសចំនួន២ទៀត ដែលបានដាក់ឲ្យប្រើប្រាស់ក្នុងរាជធានីភ្នំពេញ គឺស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាស៧មករា៕