ស្ពានអាកាសមួយគ្រោង​សម្ពោធ​បណ្តោះអាសន្ន ពេលបុណ្យ​ចូលឆ្នាំខ្មែរនេះ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនបាន​ឲ្យ​ដឹង​ថា សំណង់​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​
ស្តុ​ប​ផ្សារ​ដី​ហុយ​សម្រេច​បាន​៩០%ហើយ ហើយ​គ្រោង​បើក​ឱ្យ​ដំណើរការជា​បណ្តោះអាសន្ន​ នៅ​ថ្ងៃ​ទី​១២ ខែមេសា​ខាង​មុខ ។ ការ​បើក​ជា​បណ្តោះអាសន្ន​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ តែ​មិន​ទាន់​អនុញ្ញាត​ឱ្យ​រថយន្ត​ធំ​ឆ្លងកាត់​នៅឡើយ​ទេ ព្រោះ​រថយន្ត​ធុន​ធំ​ធ្ងន់ នៅ​មិន​ទាន់​គ្រប់លក្ខណៈ​បច្ចេកទេស​បេតុង ។

លោក នូ វឌ្ឍនៈ អគ្គនាយក​បច្ចេកទេស​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ស្តុ​បផ្សារ​ដី​ហុយ រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន៩០%​ហើយ ខណៈ​គ្រឿង​ផ្គុំ​សំណង់​ខាងក្រោម​សម្រេច​បាន​១០០% គឺ​នៅ​សល់​ការងារ​ខ្លះ​ដែលក្រុម​ជំនាញ​កំពុង​ជំរុញ​ឱ្យ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗខាង​មុខ​នេះ ។

លោក​បន្ត​ថា ដើម្បី​លើកកម្ពស់​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រសួង​សាធារណការ​កំពុង​ព​ន្លឿ​ន​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ឱ្យ​បាន​រួចរាល់ សម្រាប់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ និង​ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង ។ យ៉ាងណា​ក៏​ដោយ ពេល​ចូល​ឆ្នាំ​ខ្មែរ​រួច​អាច​នឹង​បិទ​ទៅ​វិញ​ដើម្បី​អនុវត្ត​ការងារ​បញ្ចប់ ។ គួរ​រំឭក​ថា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ចាប់ផ្តើម​បើក​​ការដ្ឋាន​ស្ថាបនា​កាលពី​ចុងខែ​សីហា ឆ្នាំ២០១៦ ដែល​តាម​គម្រោង​ត្រូវ​បញ្ចប់​នៅ​ដំណាច់ខែធ្នូ ឆ្នាំ​២០១៧ ។ ប៉ុន្តែ​ដោយ​មាន​បញ្ហា​ខ្លះ ក្រុមការងារ​បាន​បន្ត​ពន្យារ​រហូត​មក​ដល់​ពេល​នេះ ហើយ​មូលហេតុ​ដែល​យឺតយ៉ាវ​នោះ​ដោយសារ​មាន​ផល​ប៉ះពាល់ គឺ​ខ្សែ​ក្រោម​ដី​និង​បង្គោល​តង់ស្យុង​អគ្គិសនី​កម្ពុជា​មិន​ទាន់​ដក​ចេញ ។

ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​មាន​បណ្តោយ៩០៥​ម៉ែត្រ ទទឹង​១៦,៥​ម៉ែត្រ ស្ថិត​នៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​ផ្លូវ​ហាណូយ ជា​គម្រោង​ហិរញ្ញប្បទាន​របស់​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន និង​ទទួល​បាន​សិទ្ធិ​ស្ថា​បនា​ដោយ​ក្រុមហ៊ុន​សៀង​ហៃ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ។សូម​បញ្ជាក់​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៥​កន្លែង​គឺ ទី​១-​ស្ពាន​អាកាស​ក្បាលថ្នល់ ទី​២-​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ទី​៣-​ស្ពាន​អាកាស​៧​មក​រា ស្តុ​ប​ពេទ្យ​លោកសង្ឃ ទី​៤-​ស្ពាន​អាកាស​ស្ដុ​ប​តិច​ណូ និង​ទី​៥-​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ៕

ប្រភព៖ កោះសន្តិភាព

Leave a Reply