ស្ពានជ្រោយចង្វារទី១នឹងបើកឲ្យដំណើរការឡើងវិញនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
Posted On : កុម្ភៈ, 5, 2019 | By សំឡេងទីក្រុង

ថ្មីៗនេះតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការជួសជុលឡើងវិញនៅស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) មានដំណើរការលឿនជាងការគ្រោងទុក។ លើសពីនេះទៅទៀតរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ស្ពាននេះនឹងបើកឲ្យដំណើរការឡើងវិញនៅ​មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

គម្រោងស្តារឡើងវិញនៃស្ពានមិត្តភាពកម្ពុជា-ជប៉ុន គឺជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ គម្រោងនេះបានចាប់ផ្តើមការជួសជុលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយមានក្រុមហ៊ុនពីរគឺ  Obayashi ជាក្រុមហ៊ុនទទួលសិទ្ធិក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ ខណៈពេលបច្ចុប្បន្ននេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ធ្វើការជួសជុលបាន ៩៣% លឿនជាងការគ្រោងទុក ១៤% ។

គួររំលឹកផងដែរថា ស្ពានជ្រោយចង្វារទី១ ត្រូវបានបំផ្លិចបំផ្លាញក្នុងឆ្នាំ១៩៧២​។ ហើយនៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនដើម្បីតភ្ជាប់ស្ពាន និងដាក់ឲ្យប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។

ប្រភពវីដេអូ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

សំឡេងទីក្រុង!

សំឡេងទីក្រុង!