capture

ស្ទះ​ដោយសារ​ អ្នក​បើកបរ​មិន​ចូលរួម​​គោរព​សញ្ញា​ចរាចរណ៍

ម្នាក់ៗឲ្យតែបើកភ្នែកឡើងគឺរអ៊ូរទាំធុញទ្រាន់រឿងធ្វើដំណើរទៅធ្វើការជូនកូនទៅរៀន និងដឹកទំនិញយឺតពេលដោយសារការកកស្ទះចរាចរណ៍តាមដងវិថីរៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់ៗមានអារម្មណ៍មួម៉ៅនៅពេលមកដល់កន្លែងធ្វើការយឺត ឬក៏ណាត់ជួបក៏ទៅមិនទាន់។

ជាពិសេសឲ្យតែមានស្ថានការណ៍នយោបាយដូចជារាងតានតឹងផងហ្នឹងគឺចរាចរណ៍ក៏ឆ្វេចឆ្វាចលែងមានសណ្តាប់ធ្នាប់ដែរដូចជាការបន្ទោសគ្នាទៅវិញទៅមកម្តងអ្នកបើកឡានថាម៉ូតូជិះចូលខ្សែបន្ទាត់ខាងឡាន ម្តងអ្នកបើកម៉ូតូថាឡានក៏មកបើកចូលខាងម៉ូតូដែរ ហើយរ៉ឺម៉កកង់បីវិញឲ្យតែមានប្រឡោះចូលបានគឺចូលហើយ។

តាមពិតទៅបើតាមទំហំថ្នល់ និងចំនួនអ្នកបើកបរសព្វថ្ងៃមិនទាន់ចង្អៀតនៅឡើយទេ តែមកពីឥរិយាបថអ្នកបើកបរផង និងការចតគ្មានរបៀបរៀបរយផងជាងនេះទៅទៀតគឺយកចិញ្ចើមផ្លូវមកធ្វើអាជីវកម្មផ្ទាល់ខ្លួនលក់ដូរ ហាងគុយទាវ ចតបង្ហៀរចូលសាច់ថ្នល់ នាំគ្នាជិះគេចពួកគេធ្វើមើលទៅឃើញទ្រូងផ្លូវនីមួយៗឃើញចេះតែតូចៗទៅ។

បើអ្នកបើកបរចាំតែបន្ទោសរឿងផ្លូវវិញក៏មិនទំនងដែរ ផ្លូវឥឡូវល្អ ស្អាតច្រើនយូរៗជិះប៉ះផ្លូវក្រហេងក្រហូងដូចនៅផ្សារដីហុយដែលកំពុងតែជួសជុលនោះ។

សម្រាប់រាជរដ្ឋាភិបាលវិញរឿងកកស្ទះចរាចរណ៍មិនហ៊ានអនុវត្តធ្វើខ្លាំងទេព្រោះខ្លាចបាត់ប្រជាប្រិយភាព បាត់សន្លឹកឆ្នោតពេលបោះឆ្នោតដោយតែងតែលើកឡើងថាបាតដៃក៏សាច់ ខ្នងដៃក៏សាច់នោះហើយ ដោយមិនយកការអនុវត្តច្បាប់ចរាចរណ៍ជាគោលនោះទេ អ៊ីចឹងមានតែបណ្តោយទៅ ស្ទះក៏ស្ទះទៅ។

បើទោះបីជាថ្មីៗនេះអាជ្ញាធរខណ្ឌដូនពេញចេញកាត់ស្លាកផ្សព្វផ្សាយដែលនៅលើចិញ្ចើមផ្លូវធ្វើការរុះរើដើម្បីទុកកន្លែងឲ្យកន្លែងថ្មើរជើង កុំឲ្យដើរលើផ្លូវ។

ម្យ៉ាងវិញទៀតសាលារាជធានីក៏ចេញសេចក្តីប្រកាសថានឹងធ្វើការរុះរើការលក់ដូរលើចិញ្ចើមផ្លូវធំមួយចំនួនដែលខូចសណ្តាប់ធ្នាប់សាធារណៈផង និងកាត់បន្ថយការស្ទះចរាចរណ៍ផង។ តែផែនការនេះក្លាយទៅជាផែនស្ករទៅវិញមិនបានអនុវត្ត រីឯឡានធំដឹកដីដឹកខ្សាច់លាយស៊ីម៉ង់ត៍ ដឹកសម្ភារសំណង់ក៏នៅឆ្លៀតឲ្យចូលពេលថ្ងៃដែរ។

កន្លងមក សាលារាជធានីភ្នំពេញក៏ធ្លាប់បានសិក្សាពីការខាតបង់ដោយសារការកកស្ទះចរាចរណ៍ហ្នឹងដែរគឺរកឃើញថា ១ ខែៗអស់ទឹកប្រាក់ចំនួន ៦ លានដុល្លារដោយសារតែស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ នេះមិនគិតពីតម្លៃនៃពេលវេលាដែលខាតនោះយកធ្វើអ្វីផ្សេងៗផងដូចជាយកពេលអានកាសែត អានសៀវភៅសម្រាកលំហែកាយ ហាត់ប្រាណ មើលថែទាំកូនចៅយ៉ាងហោចណាស់ក៏បានបោសជូតផ្ទះដែរ។

បើផ្អែកទៅតាមទ្រឹស្តីសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរង្វង់ ៧ ភាគរយរបស់កម្ពុជានោះមិនមានន័យថាមានសុខុមាលភាពសេដ្ឋកិច្ច (Economic Healthy) នោះទេបើចរាចរណ៍នៅតែស្ទះដូចសព្វថ្ងៃនេះអ្នកបើកបរពោរពេញទៅដោយស្រេ្តស និងការធុញទ្រាន់។ នៅពេលដែលផ្លូវកំពុងតែស្ទះពេលខ្លះមានឡានស៊ីរ៉ែនមិនដឹងជាខាងណាខាងណីទេ គ្រាន់ដឹកភ្ញៀវចិន ភ្ញៀវវៀតណាមមកទស្សនកិច្ចសោះហ្នឹងក៏មានឡានស៊ីរ៉ែន ឬក៏ម៉ូតូស៊ីរ៉ែនដែរ។

ម៉្យាងវិញទៀតបើមើលទៅចំនួនមន្ត្រីប៉ូលិសចរាចរណ៍នៅតាមផ្លូវមិនសូវឃើញមានទេតែទៅកកជុំគ្នាជុំៗនៅកន្លែងមានពិធីការ បុណ្យ ឬកម្មវិធីដែលគេជួលទៅធ្វើចរាចរណ៍ឲ្យទៅវិញ។

បើនិយាយពីកន្លែងទីតាំងដែលត្រូវឈរជើងវិញជាច្រើនដល់ម៉ោងចប់ការងារគាត់ចប់ទៅផ្ទះដូចគេ ដូចឯងដែរចង់អ្នកណាស្ទះអីក៏ស្ទះទៅបណ្តោយឲ្យទៅតាមដំណើរទៅ។

ទីតាំងកន្លែងខ្លះមានក្រុមសណ្តាប់ធ្នាប់ ឬក៏សន្តិសុខយាមឲ្យក្រុមហ៊ុន ឬក៏តាមសាលារៀនចេញមកផ្លុំកញ្ចែឆ្វេចឆ្វាចជួយសម្រួលបានខ្លះទៅនៅពេលល្ងាចដូចនៅស្ពានព្រះមុនីវង្ស ម្នាក់ៗឲ្យតែបានឆ្លងផុតស្ពានហ្នឹងគឺដូចដកបន្លាពីទ្រូងអ៊ីចឹង។

ដោយសារការស្ទះចរាចរណ៍នេះមិនធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំកំពូលៗគឺដាក់តែឡានស៊ីរ៉ែន ឬក៏ម៉ូតូស៊ីរ៉ែនទៅប៉ូលិសចរាចរណ៍បោះចោលកិច្ចការផ្សេងហើយរត់ញាប់ដៃញាប់ជើងដើម្បីធ្វើយ៉ាងណាឲ្យតែគាត់បានចេញផុតពីកន្លែងកកស្ទះចរាចរណ៍ហ្នឹងជួនកាលបើកបញ្ច្រាស់ទិសច្បាប់ក៏ប៉ូលិសខំផ្លុំកញ្ចែឲ្យទៅដែរព្រោះខ្លាចត្រូវមាត់ ឬក៏បាត់ប៉ុស្តិ៍។

អ៊ីចឹងអ្នកធំៗមិនខ្វល់ពីការលំបាករបស់អ្នកបើកបរទូទៅទេ តែបើមិនជឿឲ្យគាត់បើកបរឈប់ស្ទះចរាចរណ៍ថាំចិត្តដូចគេដូចឯងមើលបើមិនចាត់ការដោះស្រាយរឿងស្ទះចរាចរណ៍ហ្នឹងមុនគេឥឡូវហ្នឹង។ អ៊ីចឹងហើយបានជាគាត់គ្មានឆន្ទៈគោលនយោបាយដោះស្រាយឲ្យបានត្រឹមត្រូវនោះទេ ហើយលើកឡើងយ៉ាងសាមញ្ញថាប្រទេសណាក៏មានការកកស្ទះចរាចរណ៍ដែរ។

បើតាមប្រសាសន៍លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍រាជធានីភ្នំពេញថា៖ «សម្រាប់ចំនួនប្រជាពលរដ្ឋសព្វថ្ងៃ និងឥរិយាបថបើកបររបស់គាត់គឺចំនួនមន្ត្រីប៉ូលិសចរាចរណ៍នៅរាជធានីភ្នំពេញជាង ៥០០ នាក់មិនគ្រប់គ្រាន់នៅឡើយទេព្រោះឲ្យតែមន្ត្រីប៉ូលិសដកឃ្លាតែបន្តិចគឺការកកស្ទះកើតមានឡើងភ្លាម»។

លោកបានបន្តទៀតថា ៖ «ពេលខ្លះកម្លាំងយើងបែងចែកទៅដោះស្រាយលើករណីបទល្មើសបើកបរយានយន្តរកតែកន្លែងទុកមិនលើស ៣ ថ្ងៃក៏មិនបានផង អ៊ីចឹងគឺដោះស្រាយផាកពិន័យភ្លាមៗធ្វើឲ្យអ្នកបើកបរមិនរាងចាលទេ។ ចុះនៅករណីគ្រោះថ្នាក់ពាក់ព័ន្ធទៅនឹងតុលាការស៊ើបអង្កេតស៊ីពេលយូរទៀតរឹតតែយ៉ាប់កន្លែងដាក់រថយន្តទាំងនោះទៀតផង»។

ម្យ៉ាងទៀតការកកស្ទះក៏ដោយសារកំណើននូវយានយន្តជាងរៀងរាល់ឆ្នាំបើយោងតាមរបាយការណ៍របស់មន្ទីរសាធារណការរាជធានីភ្នំពេញនៅដំណាច់ឆ្នាំ ២០១៦ កន្លងទៅនេះមានរថយន្តចំនួនជាង ៤៤ ម៉ឺនគ្រឿង និងម៉ូតូជាង ១ លាន ៦ សែនដែលចុះបញ្ជីរួចហើយចុះនៅយានយន្តដែលនៅមិនបានចុះបញ្ចីទៀតនោះ តើប៉ុន្មានទៀតទៅ? ចំនួនយានជំនិះដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយបានជាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានស្នើបញ្ឈប់ការនាំចូលរថយន្តជជុះតែសំណើនេះត្រូវបានបដិសេធដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ។

ហេតុដូច្នេះហើយដើម្បីកាត់បន្ថយការកកស្ទះបានទាល់តែចូលរួមទាំងអស់គ្នាច្បាប់មានហើយសេចក្តីណែនាំរបស់សាលារាជធានីក៏មាន តែអ្វីជាគោលការណ៍នោះគឺថ្នាក់ដឹកនាំគួរតែធ្វើជាគំរូក្នុងការបើកបរ។ បើគ្មានការចាំបាច់ទេកុំបើកស៊ីរ៉ែនសុំវ៉ាគេឯងនៅពេលកំពុងមានការកកស្ទះចរាចរណ៍ បើគ្រាន់តែជូនភ្ញៀវមកទស្សនកិច្ចសោះ ករណីលើកលែងប្រើឡានស៊ីរ៉ែនមានតែថ្នាក់ដឹកនាំកំពូលតែ ៣ រូបទេ។

បើតាមស្ថានភាពចរាចរណ៍បច្ចុប្បន្ននេះរាជរដ្ឋាភិបាលគួរតែបង្កើនចំនួនមន្ត្រីប៉ូលិសចរាចរណ៍បន្ថែមទៀតហើយគួរតែបែងចែកវេនគ្នាឲ្យបានជាក់លាក់ទៅតាមម៉ោង ថ្ងៃ ល្ងាច និងយប់ ចៀសវាងការកកស្ទះហើយដោយគ្មានមន្ត្រីប៉ូលិសប្រចាំការនៅទីនោះការធ្វើដូចនេះដើម្បីឲ្យគាត់មានពេលសម្រាកជួបជុំគ្រួសារកូនចៅគាត់ផង។

ទូរទស្សន៍ក៏ចាំបាច់ពន្យល់បន្ថែមពីច្បាប់ ឬក៏រូបភាពនៅលើកញ្ចក់អ្វីដែលបើកខុស និងការបើកបរដែលត្រឹមត្រូវផងដែរជាជាងផ្សព្វផ្សាយតែគ្រោះថ្នាក់ចរាចរណ៍ដដែលៗហើយធ្វើអត្ថាធិប្បាយបន្ថែមល្បោយទៅតាមរូបភាពនោះ។

បើនិយាយពីសន្តិសុខសណ្តាប់ធ្នាប់តាមខណ្ឌនៅខណ្ឌមានជ័យឃើញថាបានជួយធ្វើចរាចរណ៍បញ្ចៀសរថយន្តពីការកកស្ទះនៅគល់ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ ១ ដែលកំពុងតែជួសជុលថ្មីនោះ។

តែបើសន្តិសុខសណ្តាប់ធ្នាប់នៅខណ្ឌដូនពេញ និងខណ្ឌចំការមនវិញមិនបានជួយការកកស្ទះចរាចរណ៍ទេតែជំនាញខាងបង្ក្រាបបាតុកម្មទៅវិញឲ្យតែអើតកចេញមកគឺបង្ក្រាបយ៉ាងលឿនណាស់ដូចកាលពីថ្ងៃ ១៤ កុម្ភៈកន្លងទៅនេះមានការបង្ក្រាបបាតុកម្មមានគ្នាជាង ១០០ នាក់មកពីខេត្តកោះកុងដែលហែមកដល់មុខវត្តលង្កាឆ្ពោះទៅផ្ទះលោកនាយករដ្ឋមន្ត្រីតែបើអ្នកលក់ផ្កានៅមុខវត្តលង្កាដែលឈរលក់នៅលើផ្លូវ និងចាក់ធុងបាស់ឮៗថ្ងៃទិវានៃក្តីស្រឡាញ់នៅក្បែរផ្ទះគាត់ដូចគ្នាថ្ងៃដូចគ្នាតែបែរសន្តិសុខសណ្តាប់ធ្នាប់នោះធ្វើមិនឮទៅវិញ។

រីឯអ្នកបើកបរក៏ត្រូវគិតគូរពីខ្លួនឯងឡើងវិញផងថាតើខ្លួនឯងបើកបរសព្វថ្ងៃត្រឹមត្រូវតាមច្បាប់បានកម្រិតណា? កុំចេះតែថាឲ្យគេនោះហើយចង្អុលតែគេនោះ។ ចំណុចដែលចម្បងនោះគឺមានសេចក្តីណែនាំឲ្យបញ្ឈប់ការយកចិញ្ចើមផ្លូវធ្វើជាកន្លែងរបររកស៊ីនោះដែលជាឫសគល់ស្ទះចរាចរណ៍។

រដ្ឋក៏ត្រូវការយកចិត្តទុកដាក់ឲ្យក្រុមហ៊ុនឯកជនសាងសង់អគារចតរថយន្តគិតតម្លៃផងដែរ៕

ប្រភព៖ postkhmer

Leave a Reply