ស្ទះចរាចរណ៍​នៅ​ភ្នំពេញ ជំរុញ​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ
Posted On : មករា, 24, 2017 | By Vantha

ភ្នំពេញ៖ ខណៈចរាចរណ៍កាន់តែមមាញឹក ការកកស្ទះចរាចរណ៍បានក្លាយបញ្ហាដ៏ធំ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ច និងជំរុញឲ្យមានការប្រែប្រួលការរស់នៅរបស់ពលរដ្ឋ។ ពលរដ្ឋខ្លះ ងើបតាំងពីព្រលឹមធ្វើដំណើរទៅធ្វើការដោយបារម្ភខ្លាចទៅមិនទាន់។ ឯខ្លះទៀត មិនត្រឡប់មកហូបបាយថ្ងៃត្រង់នៅផ្ទះវិញឡើយ សុខចិត្តបរិភោគអាហារនៅក្បែរការិយាល័យរបស់ខ្លួន បើទោះបីត្រូវចំណាយច្រើនក៏ដោយ។  

ក្នុងមួយថ្ងៃ លោក ទូច ធារិទ្ធ បុគ្គលិកផ្នែករចនា(Design)នៅសាលារៀនឯកជនមួយនៅភ្នំពេញ បានធ្វើដំណើរលើដងផ្លូវក្នុងមួយថ្ងៃប្រមាណ១៨គីឡូម៉ែត្រ។ លោកបញ្ជាក់ថា៖ «ពេលជិះម៉ូតូដល់ស្តុបដីហុយ កន្លែងហ្នឹងស្ទះរហូត ព្រោះ គេធ្វើស្ពានអាកាស។ ណាមួយក្តៅ ណាមួយខ្លាចទៅរៀនយឺត ហើយពេលខ្លះ បាយហ្នឹង ខ្ញុំអត់បានញ៉ាំបាយទៀតផង»។

លោកជិះម៉ូតូពីបន្ទប់ជួលទំហំប្រហែល៣គុណនិង៤ម៉ែត្រ នៅម្តុំរង្វង់មូលទួលគោកទាំងព្រលឹម ឆ្ពោះទៅកាន់ការិយាល័យរបស់ខ្លួននៅម្តុំស្តុបទេពផន។ ក្រោយចេញពីធ្វើការនៅម៉ោង១២ថ្ងៃត្រង់ ធារិទ្ធ ដែលមានអាយុ២៤ឆ្នាំ បានប្រញាប់ប្រញាល់ទៅទិញបាយ រួចបន្តដំណើរទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល២ស្ថិតនៅខាងលិចក្រសួងពាណិជ្ជកម្ម ជាទីកន្លែងដែលនិស្សិតអាហារូបករណ៍ឆ្នាំទី៤រូបនេះ កំពុងសិក្សាមុខវិជ្ជាទស្សនវិជ្ជា។

ការកកស្ទះចរាចរណ៍ បានបង្កការលំបាកយ៉ាងច្រើនដល់ពលរដ្ឋ និងខាតបង់ផ្នែកសេដ្ឋកិច្ច ដល់ពលរដ្ឋនៅរាជធានីភ្នំពេញ។ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ធ្លាប់បានឲ្យដឹងថា ការកកស្ទះចរាចរណ៍ បានធ្វើឲ្យកម្ពុជាខាតបង់ថវិកាចំនួន៦លានដុល្លារក្នុងមួយខែ។ លោក អៀង អូននី ធ្លាប់ត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្តិ៍ស្រង់ប្រសាសន៍ថា៖ «ការខាតបង់នេះភាគច្រើន គឺការចំណាយរបស់បងប្អូនទៅលើសាំងដែលបញ្ឆេះយានយន្តចោល។ ទីពីរទៀត ការខកខានពេលវេលាគាត់ត្រូវបំពេញកិច្ចការ ដែលធ្វើឲ្យខ្សែចង្វាក់ការងារមានភាពខ្វះចន្លោះ ហើយកន្លែងនេះធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពសេដ្ឋកិច្ច។ តែនេះនៅមិនទាន់រាប់បញ្ចូលនូវគ្រោះថ្នាក់ ចរាចរណ៍ដែលធ្វើឲ្យខាតបង់ដល់ផលទុនជាតិ និងប្រជាជនសរុបប្រមាណ ៣០០ លានដុល្លារក្នុងមួយឆ្នាំៗនោះទេ»។ លោកអភិបាលរងមានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាស្តីពី ការកកស្ទះចរាចរណ៍នៅកម្ពុជាប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាព បញ្ហាប្រឈម និងដំណោះស្រាយ នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០១៥ ។ លោកអភិបាលរងបានបន្ថែមទៀតថា ការរីកធំឡើងនៃទីប្រជុំជន ការកើនឡើងនៃដង់ស៊ីតេប្រជាជនក្នុងទីក្រុង ភាពមមាញឹកនៃការធ្វើដំណើរ ការសាងសង់អគារខ្ពស់ៗផ្សារទំនើប បុរីប្រណីត សួនច្បារ ក៏ដូចជាកំណើនភ្ញៀវទេសចរជាដើម ស្ថិតក្នុងមូលហេតុចម្បងៗនាំឲ្យមានការកកស្ទះចរាចរណ៍កាន់តែខ្លាំងឡើងក្នុងរាជធានី។

ភាពធុញទ្រាន់នឹងការកកស្ទះចរាចរណ៍ បានធ្វើឲ្យពលរដ្ឋមួយចំនួនផ្លាស់ប្តូរឥរិយាបថនៃការរស់នៅ ដោយពួកគេធ្វើដំណើរនៅម៉ោងដែលចរាចរណ៍មិនសូវមមាញឹក មិនត្រឡប់ទៅហូបអាហារថ្ងៃត្រង់នៅផ្ទះ ដោយប្តូរមកពិសារនៅតាមអាហារដ្ឋាន ឬភោជនីយដ្ឋានជិតការិយាល័យជាដើម។

លោក ហេង កក្កដា   បានជិះម៉ូតូពីម្តុំស្តុបត្រឡោកបែក ក្នុងខ័ណ្ឌទួលគោក ឆ្ពោះមកការិយាល័យក្រុមហ៊ុនលក់កុំព្យូទ័រនៅក្បែរវិទ្យាល័យសន្ធរម៉ុក ទីកន្លែងដែលលោកកំពុងបម្រើការងារ។ កក្កដា ដែលមានវ័យ២៦ឆ្នាំ បានបញ្ជាក់ថា ការកកស្ទះចរាចរណ៍ គឺជាមូលហេតុមួយ ដែលធ្វើឲ្យលោកមិនចង់ទៅផ្ទះ ដើម្បីហូបអាហារថ្ងៃត្រង់ បើទោះបីបន្ទប់ជួល និងកន្លែងការងាររបស់លោកនៅជិតក៏ដោយ។  លោកបញ្ជាក់ថា៖«ខ្ញុំនាំគ្នាញ៉ាំបាយហាងក្បែរ Office ព្រោះពេលជិះម៉ូតូទៅផ្ទះ ស្ទះចរាចរណ៍»។ មិនមែនតែលោកម្នាក់ឡើយ បុគ្គលិកជាច្រើនទៀត ក៏មិនត្រឡប់ទៅផ្ទះវិញដែរ ដោយពួកគេនាំគ្នាញ៉ាំបាយជុំគ្នានៅហាងបាយតូចមួយនៅក្បែរការិយាល័យរបស់ខ្លួន ដើម្បីចំណេញពេលវេលា និងចៀសវាងការកកស្ទះចរាចរណ៍។

បញ្ហានេះ ក៏ជាការប្រឈមចំពោះ អ្នកស្រី ហាក់ គន្ធា ដែលជាអ្នកលក់ទូរសព្ទ នៅក្បែរផ្សារធំថ្មី។  អ្នកស្រី មិនចង់ធ្វើដំណើរលើដងផ្លូវឡើយ ប្រសិនបើមិនចាំបាច់នោះ ពីព្រោះ ការស្ទះចរាចរណ៍ បានធ្វើអ្នកស្រីចំណាយថវិកាលើថ្លៃប្រេងឥន្ធនៈច្រើន និងពេលវេលាយូរផងដែរ។ ចេញពីផ្ទះម៉ោង៧ព្រឹក ស្ត្រីវ័យ៣២ឆ្នាំរូបនេះ ត្រូវដំណើរដោយ       រថយន្តពីម្តុំកាណាឌីយ៉ាផ្លូវវេងស្រេង ឆ្ពោះមកផ្សារធំថ្មីប្រហែលជិត២ម៉ោង ដែលធ្វើឲ្យអ្នកស្រីមានអារម្មណ៍មិនល្អឡើយ។ អ្នកស្រីនិយាយថា៖«ខ្ញុំធ្វើដំណើរលើដងផ្លូវជិត៣ម៉ោងក្នុងមួយថ្ងៃ ដោយចំណាយថ្លៃប្រេងសាំងអស់២០០ដុល្លារក្នុងមួយខែ។ ហើយពេលថ្ងៃ ខ្ញុំអត់ត្រឡប់ទៅផ្ទះទេ គឺញ៉ាំបាយហាង ហើយពេលល្ងាច ទាល់តែព្រលប់បន្តិចទើបខ្ញុំចេញទៅ ព្រោះ បើចេញទៅចំម៉ោងសិស្សចេញ គឺចេញមិនរួចទេ នៅជាប់តែម្តង»។

ទាក់ទងនិងបញ្ហានេះ លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានអត្ថាធិប្បាយថា ការកកស្ទះចរាចរណ៍ បានធ្វើឲ្យពលរដ្ឋកាត់បន្ថយការធ្វើដំណើរលើដងផ្លូវ ដែលធ្វើឲ្យពួកគេខាតបង់ប្រយោជន៍ និងអាក់ខានការងាររបស់ពួកគេ។

លោកនិយាយថា៖«មានក្រុមហ៊ុននៅប្រទេសជឿនលឿនមួយចំនួន គេបានកំណត់ម៉ោងចេញ និងចូលធ្វើការខុសពេលវេលាធ្វើការធម្មតា ដើម្បីសម្រួលដល់បុគ្គលិករបស់គេ ឲ្យធ្វើដំណើរក្នុងម៉ោងមិនសូវមានការកកស្ទះ»។

លោកបន្តថា ពលរដ្ឋគួរមានផែនការធ្វើដំណើរឲ្យបានច្បាស់លាស់ ដោយធ្វើដំណើរម៉ោងណាដែលចរាចរណ៍មិនសូវមមាញឹក។ ហើយគួរខ្ចប់អាហារមកហូបនៅនៅOffice ដើម្បីបន្ថយការចំណាយ។ លោកបន្ថែមថា  ការខ្ចប់បាយទៅពិសានៅការិយាល័យ បានក្លាយជាទម្លាប់របស់ជនជាតិជប៉ុន និងប្រទេសជឿនលឿនមួយចំនួន ដើម្បីកាត់បន្ថយការចំណាយ ប៉ុន្តែពលរដ្ឋកម្ពុជាមិនទាន់មានទម្លាប់បែបនេះឡើយ។ ពួកគេជាញឹកញាប់តែងហូបបាយថ្ងៃត្រង់នៅអាហារដ្ឋាន ឬភោជនីយដ្ឋានក្បែរៗការិយាល័យរបស់ខ្លួន។

ការកកស្ទះចរាចរណ៍ បានក្លាយជាបញ្ហាដ៏ស្មុគស្មាញនៅរាជធានីភ្នំពេញ។ បញ្ហានេះ ត្រូវបានប្រធានអង្គការខាងលើនេះ សំណូមពរដល់រដ្ឋាភិបាល ឲ្យធ្វើការដោះស្រាយលើចំណុចចំនួន២៖ ទីមួយ៖ កាត់បន្ថយយានយន្តលើដងផ្លូវ ដោយបង្កើនសេវារថយន្តក្រុងឲ្យបានច្រើនខ្សែ និងទៀងទាត់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ ព្រមទាំងផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីឲ្យពួកគេងាកមកប្រើសេវាដឹកជញ្ជូនសាធារណៈវិញ។ ទីពីរ៖ ជំរុញឲ្យពលរដ្ឋឲ្យងាកមកធ្វើដំណើរថ្មើរជើង ឬជិះកង់វិញ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល គួររៀបចំចិញ្ចើមផ្លូវសម្រាប់ពួកគេ និងចំណតសម្រាប់ពួកគេផងដែរ៕

ប្រភព៖ thmeythmey.com

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!