ស្ថាបនា​ផ្លូវ​បេតុង​បាន​១០០​ភាគរយ​គ្មាន​ផ្លូវដី​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ទេ​
Posted On : January, 9, 2015 | By សំឡេងទីក្រុង

ប្រភព៖ http://www.rasmeinews.com/, អត្ថបទ ៖​សុវណ្ណ​ភូមិ​ ថ្ងៃទី 8 មករា 2015 ម៉ោង 02:08:PM

ភ្នំពេញ​: ច្បារអំពៅ​ទី​២ ជា​សង្កាត់ ដែល​ជំរុញ​ការអភិវឌ្ឍ​យ៉ាង ឆាប់រហ័ស​ពិសេស​ការស្ថាបនា​ផ្លូវ បេតុង​សម្រេចបាន ១០០​ភាគរយ​ពោល គឺ​គ្មាន​ផ្លូវដី​នៅក្នុង​មូលដ្ឋាន​ឡើយ ។​

​    ​ក្នុង​រយៈពេល​ជិត​២​អាណត្តិ នៃ​ក្រុមប្រឹក្សា​សង្កាត់​ច្បារអំពៅ​ទី​២ ដែល​ដឹកនាំ​ដោយ​លោក​យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ ធ្វើឱ្យ​សង្កាត់​ទាំងមូល​មាន មុខមាត់​ថ្មី ដោយ​ធ្វើ​កី​រា​ស្ថាបនា​ផ្លូវ​បេតុង មួយរយ​ភាគរយ ដោយមាន​ការទទួលស្គាល់​ពី​សំណាក់​មហាជន ក្នុង​មូលដ្ឋាន​និង​ថ្នាក់ដឹកនាំ​ចាប់ពី​ខណ្ឌ ដល់​ក្រុង​ថា សង្កាត់​ច្បារអំពៅ​ទី​២ មានការ​អភិវឌ្ឍន៍ មូលដ្ឋាន​លឿន ។ ចាប់ពីពេលនេះ​តទៅ សង្កាត់​ច្បារអំពៅ​ទី​២ នឹងមាន​សោភ័ណភាព​សណ្តាប់ធ្នាប់​ស​ន្តិ​សុខ​ល្អប្រសើរ ហើយ​ប្រជាជន​ចូលរួម​គាំទ្រ​ខ្លាំង​ទៅលើ​អាជ្ញាធរ​សង្កាត់ ដែល​បានគិត គូរ​អភិវឌ្ឍន៍​សង្កាត់​ស្ថាបនា​ផ្លូវ​បេតុង​អស់​ផ្លូវដី ។​

​    ​ការអភិវឌ្ឍន៍​មូលដ្ឋាន​របស់ លោក​ចៅសង្កាត់ ច្បារអំពៅ​ទី​២ យ៉ិ​ន វុ​ធ នៅពេលនេះ ទទួលបាន​ជោគជ័យ គឺ​ដោយមាន​ការណែនាំ​ចង្អុលបង្ហាញ ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុង និង​ខណ្ឌ​ចាប់  តាំងពី​លោក​គួច ចំរើន នៅ​ធ្វើជា​អភិបាលខណ្ឌ​មានជ័យ មកម្ល៉េះ ហើយ​នៅ​បច្ចុប្បន្ននេះ សង្កាត់​ច្បារអំពៅ​ទី​២ ស្ថិតនៅក្នុង​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​អភិបាលខណ្ឌ គឺ​លោក​អ៊ាង ស៊ី​ផាន​…​។​

​    ​ការអភិវឌ្ឍ​មូលដ្ឋាន​អស់​ផ្លូវដី​នេះ ធ្វើឱ្យ​សង្កាត់​ច្បារអំពៅ​ទី​២ មាន​សន្ទុះ​រីកចម្រើន​លឿន​ហួស​ពី​ការ​ស្មាន ពោល​គឺមាន​ផ្លូវ​បេតុង​ចំនួន​៣២​ខ្សែ ស្មើ​ប្រវែង​ជិត​៥.០០០​ម៉ែត្រ និង​ប្រព័ន្ធ លូ​រំដោះ​ទឹក នៅ​ស្រប​គ្រប់​ផ្លូវ​ទាំងអស់ ខ្វាត់ខ្វែង​ពេញ​ភូមិ ធ្វើឱ្យ​ប្រជាជន​ងាយស្រួល​រស់នៅ និង​ធ្វើដំណើរ​គ្រប់ពេលវេលា​មិន​ថា យប់ ឬ​ថ្ងៃ​អ្វី​ឡើយ ។​

​    ​លោក​យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ បញ្ជាក់ថា ចៅសង្កាត់​ច្បារអំពៅ​ទី​២ សព្វថ្ងៃនេះ មិន​ត្រឹម​ធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន​ស្ថាបនា​អស់​ផ្លូវដី​ប៉ុណ្ណោះ​ទេ ថែមទាំង​ដាក់​ភ្លើងអគ្គិសនី​បំភ្លឺ ពេលយប់​តាម​ដងផ្លូវ​នានា ភ្លឺ​ពេញ​ភូមិ​ទៀតផង ។​

​    ​សង្កាត់​ច្បារអំពៅ​ទី​២ គឺជា​សង្កា​ត់ទី​២ បន្ទាប់​សង្កាត់​ច្បារអំពៅ​ទី​១ ដែល​ធ្វើ​កី​រា​ស្ថាបនា​ផ្លូវ​បេតុង​អស់​ផ្លូវដី ក្នុងចំណោម​សង្កាត់​ទាំង​៨ របស់​ខណ្ឌ​ច្បារអំពៅ ។​

​    ​ជាមួយ​ការអភិវឌ្ឍ​ស្ថាបនា​អស់​ផ្លូវដី នៅ​សង្កាត់​ច្បារអំពៅ​ទី​២ សព្វថ្ងៃនេះ បងប្អូន​ប្រជាជន​សំណូមពរ​ដល់ លោក​ចៅសង្កាត់​ច្បារអំពៅ​ទី​២ ជួយ​លុបបំបាត់​នូវ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូចជា​បៀរ​អាប៉ោង ចាក់​កន្ទុយលេខ ហ្គេម​ស៊ីសង (​ហ្គេម​ទូ​ត្រី​) ចាក់​ភ្នាល់​បាល់ និង​គ្រឿងញៀន​ឱ្យស្រប​តាម​គោល នយោបាយ​ភូមិ​…​សង្កាត់​មាន​សុវត្ថិភាព​ផងដែរ ពោល គឺ​គ្មាន​សកម្មភាព​លេង ល្បែងស៊ីសង និង​លួច​ឆក់​ប្លន់​ប្រដាប់អាវុធ​៕

Urban Voice Cambodia

Urban Voice Cambodia