ស្តាត​អូឡាំពិក​ត្រូវ​បាន​គេ​កាត់​យក​ដី ដើម្បី​អភិវឌ្ឍ
Posted On : August, 11, 2014 | By សំឡេងទីក្រុង

ភ្នំពេញប៉ុស្ដិ៍   ថ្ងៃទី ៩ សីហា ឆ្នាំ ២០១៤

កេរមរតក​ដ៏​មាន​តម្លៃ​របស់​ព្រះ​មហាវីរ​ក្សត្រសម្តេច នរោត្តម សីហនុ គឺ​ពហុ​កីឡ​ដ្ឋាន​ជាតិ ឬ​ហៅ​ថា​ ស្តាត​អូឡាំពិក ដែល​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​នោះ កំពុង​តែ​រង​ការ​បំផ្លិច​បំផ្លាញ ក្រោម​រូប​ភាព​កាត់​ដី​សម្បទាន​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ ​ធ្វើ​ការ​អភិវឌ្ឍ។

ប៉ុន្តែ​ការ​អភិវឌ្ឍ​នោះ មិន​មែន​អភិវឌ្ឍ​ដើម្បី​កែ​លម្អ​​ធ្វើ​ឲ្យ​ពហុកីឡដ្ឋាន​ជាតិមាន​សោភណភាព សម្រាប់​បម្រើផល​ប្រយោជន៍​លើ​វិស័យ​កីឡា​នៅ​កម្ពុជា​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ការ​អភិវឌ្ឍ​ទាំង​នោះ ជា​ការ​កាត់​ដី​ស្តាត​អូឡាំពិក​ដើម្បី​សាង​សង់​ជា​សំណង់​អគារ ផ្សារ​ទំនើប ផ្ទះ​ល្វែង សម្រាប់​បម្រើ​ផល​ប្រយោជន៍​ជា​លក្ខណៈ​ឯក​ជន និង​បក្ខ​ពួក​ទៅ​វិញទេ។

Content image - Phnom Penh Post

បើ​យើង​ពិនិត្យ​មើល​ពី​ស្ថាន​ភាព​ជុំ​វិញ​ស្តាត​អូឡាំពិក​​នៅ​ពេល​នេះ គឺ​ផ្នែក​ខាង​ជើង​ឆៀង​ខាង​កើត ​ត្រូវ​បាន​ក្រុម​ហ៊ុន​ឯក​ជនមួយ​ កំពុង​យក​ដី​ស្តាត​សាង​សង់​ជា​សំណង់​អគារ​យ៉ាង​ខ្ពស់​សន្លឹម ខណៈ​ផ្នែក​ខាង​ជើង​ឆៀង​ខាង​លិច បាន​ក្លាយ​ជា​ផ្សារ​ទំនើប​ City Mall បាត់​ទៅ​ហើយ។ រីឯ​ផ្នែក​ខាង​លិច ដែល​កំពង់​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​ដោយ​ស័ង្កសី​ពណ៌​ខៀវ​នោះ ក៏​បាន​ក្លាយ​ទៅ​ជា​ដី​សម្បទាន​របស់​រដ្ឋ​​ទៅ​​​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ សម្រាប់​ត្រៀម​សាង​សង់​សំណង់​អគារ​ផង​ដែរ។

ចំណែក​ផ្ទៃ​ដី​ស្តាត​ដ៏​ធំ​ល្វឹង​ល្វើយ​នៅ​ផ្នែក​ខាង​កើត គឺ​ខាង​ត្បូងទី​ស្នាក់​ការ NOCC និង​ផ្នែក​ខាង​ត្បូង ទល់​មុខ​វត្ត​មហាមន្រ្តី កំពុង​ត្រូវ​បាន​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ធ្វើ​ការ​ឈូស​ឆាយ ត្រៀម​ធ្វើ​ជា​សំណង់​អគារ ឬ​ផ្សារ​ទំនើប​ទៀត​ហើយ។

សកម្មភាព​នេះ​ត្រូវ​បាន​មហាជន​ជា​ច្រើន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ ​ដល់​រដ្ឋាភិបាល ដែល​នៅ​តែ​ធ្វើ​ព្រងើយ និង​បណ្តោយ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន និង​​អ្នក​មាន​អំណាច បន្ត​ធ្វើ​សកម្ម​ភាពកាត់​យក​ដី​នៃ​មជ្ឈមណ្ឌល​បេះ​ដូង​វិស័យ​កីឡា​តំណាង​ឲ្យ​ ជាតិ ទៅ​បម្រើ​ផល​ប្រយោជន៍​ជា​លក្ខណៈ​ឯក​ជន និង​បក្ខពួក​និយម​បែប​នេះនោះ៕

Content image - Phnom Penh PostContent image - Phnom Penh Post
Content image - Phnom Penh PostContent image - Phnom Penh Post
Content image - Phnom Penh PostContent image - Phnom Penh Post

Urban Voice Cambodia

Urban Voice Cambodia