cambodia-garbage-9_large

ស៊ីនទ្រី៖ អ្នកទីក្រុង គួរចាប់ផ្តើមទុកដាក់និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវជាងមុន

ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនស៊ីនទ្រីប្រមូលសម្រាមរបស់ប្រជាជនទីក្រុងបានបញ្ចេញ មិនក្រោម ២៣០០តោននោះទេ ហើយការកើនឡើងនៃសំរាមនៅទីក្រុងសព្វថ្ងៃ មួយផ្នែកក៏ដោយសារការយល់ដឹងការទុកដាក់សំរាមនៅមានកម្រិត។

ថ្លែងក្នុងកិច្ចសម្ភាសផ្ដាច់មុខជាមួយ Sabay លោក អ៊ិត ចាន់ដា ប្រធានការិយាល័យអតិថិជន និងសំអាតក្រុងនៃក្រុមហ៊ុនស៊ីនទ្រី បានលើកឡើងថា ប្រជាជននៅរាជធានីភ្នំពេញ គួរចាប់ផ្តើមទុកដាក់សំរាម និងវេចខ្ចប់សំរាមអោយបានត្រឹមត្រូវ ស្របពេលទំនើបវកម្មដែលរាជធានីភ្នំពេញមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ។ លោកថាៈ «ការបញ្ចេញចោលសំរាមនៅរាជធានីភ្នំពេញ ជាពិសេសការបញ្ចេញសំរាមនៅពេលយប់ គឺមានភាពរាយប៉ាយ ដែលមិនមានការវេចខ្ចប់ ឬទុកដាក់ក្នុងធុងសំរាម បានត្រឹមត្រូវឡើយ»។

ទន្ទឹមនឹងការចោលសម្រាមរបស់អ្នករស់នៅភ្នំពេញមិនបានល្អ បង្កជាផលលំបាកនិងកត្តាប្រឈមជាច្រើនដល់ការប្រមូលសំរាម។ តំណាងស៊ីនទ្រីរូបនេះ រៀបរាប់ពីផលលំបាកត្រួសៗ ដែលក្រុមហ៊ុនស៊ីនទ្រីមិនអាចប្រមូលបានរលូន មានដូចជា៖ ទី១គឺសម្រាមដែលពលរដ្ឋបញ្ចេញភាគច្រើនមិនមានការវេចខ្ចប់ត្រឹមត្រូវ ពោលគឺរាយប៉ាយ ហលតជាពិសេសនោះការបញ្ចេញសំរាមពេលយប់ នៅតាមផ្ទះពលរដ្ឋខ្លះ គឺគ្មានសូម្បីធុងសម្រាមផ្ទាល់ខ្លួន។

ទី២ គឺការញែកសំរាម ពលរដ្ឋខ្លះមិនបានបែងចែកសំរាមនោះទេ ដែលសំខាន់នោះសំរាមនិងទឹកលាយចូលគ្នា ដែលវាធ្វើឲ្យឆាប់មានក្លិនស្អុយ។ ទី៣. មិនទាន់បានបញ្ជ្រាបបញ្ចូលគ្នារវាងការបញ្ចេញសំរាម និងកម្មវីធីប្រមូលសំរាម។ ទី៤ គឺកត្តាចរាចរណ៍ ជាបញ្ហាធ្វើឲ្យឡានសំរាមនឹងពិបាកប្រមូលដែរ។ ទី៥ គឺការចតយានយន្តតាមដងផ្លូវពីលើសំរាម និងកត្តារួមផ្សំដទៃទៀត ដូចជាទឹកលិច និង ការអភិវឌ្ឍផ្លូវនៅតំបន់ណាមួយជាដើម បានកកកុញសំរាមតាមដងផ្លូវ។

យ៉ាងណាមិញប្រជាពលរដ្ឋគប្បីដឹងថា មនុស្សគ្រប់គ្នាជាអ្នកបង្កើតសំរាម ហេតុនេះអ្នករាល់គ្នាមានកាតព្វកិច្ចទុកដាក់វាឲ្យបានល្អ។ ជាចុងក្រោយ តំណាងស៊ីនទ្រីសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការណ៍ទាំងអស់គ្នា ក្នុងទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីភ្នំពេញស្អាត ដោយលោកបានលើកឡើងថា៖ «ភាពស្អាតគឺចាប់ផ្ដើមចេញពីបុគ្គលម្នាក់ៗ នៅពេលយើងទុកដាក់សំរាមបានត្រឹមត្រូវ ប្រៀបបានឆ្លុះបញ្ជាំងពីប្រជាជាតិរីកចំរើននិងថ្កុំថ្កើន»៕

 

ប្រភព៖ Sabaynews.com

Leave a Reply