1490283659

ស៊ិនទ្រី ​សុំ​ឲ្យ​ពលរដ្ឋ​កុំ​ចោល​សំរាម​រាយប៉ាយ

ក្រុមហ៊ុនស៊ិនទ្រីកាលពីម្សិលមិញបានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាយោគយល់ និងអធ្យាស្រ័យ កុំចោលសំរាមតាមទីសាធារណៈ ឬនៅតាមដងផ្លូវក្នុងទីប្រជុំជននានាដែលនាំឲ្យមានផលប៉ះពាល់ដល់សោភណភាពអនាម័យបរិស្ថានក្នុងរាជធានីភ្នំពេញ ខណៈ ២ ភាគ ៣ នៃភ្នាក់ងារប្រមូលសំរាមទាំងអស់ត្រូវបានឈប់សម្រាកនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងប្រារព្ធឡើងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០១៧។

លោក មាស សារ៉ន ជំនួយការការិយាល័យប្រតិបត្តិនៃក្រុមហ៊ុនស៊ិនទ្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារដែលតម្រូវឲ្យបុគ្គលិកកម្មករគ្រប់ផ្នែកទាំងអស់ត្រូវបានឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០១៧ ដូច្នេះក្នុងរយៈពេល ៣ ថ្ងៃនេះសេវាប្រមូលសំរាមរបស់ក្រុមហ៊ុននឹងមានភាពរអាក់រអួលដោយសារកង្វះកម្លាំងពលកម្ម។

បើតាមលោក សារ៉ន បុគ្គលិក និងកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីសាខារាជធានីភ្នំពេញមានចំនួន ២២៣៧ នាក់ក្នុងនោះកម្មករផ្នែកប្រមូលសំរាមមានចំនួនជាង ១៥០០ នាក់ ប៉ុន្តែនៅក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ បុគ្គលិក និងកម្មករផ្នែកប្រមូលសំរាមមួយភាគធំត្រូវបានឈប់សម្រាក។

លោកបន្តថា កម្មករផ្នែកប្រមូលសំរាមចំនួន ៥៩០ នាក់បានស្ម័គ្រចិត្តបំពេញការងារនៅក្នុងអំឡុងពេល ៣ ថៃ្ងនៃថ្ងៃបុណ្យភ្ជុំបិណ្ឌជាមួយនឹងការទទួលបានការឧបត្ថម្ភលើកទឹកចិត្តមួយចំនួនពីក្រុមហ៊ុន ដែលក្នុងនោះរួមមានអាហារ និងថវិកាចំនួន ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ បន្ថែមពីលើប្រាក់ថែមម៉ោងសម្រាប់កម្មករផ្នែកបើកបរ និងផ្នែកដើរតាមរថយន្ត និងរទេះ និង ១៥០០០ រៀលសម្រាប់កម្មករផ្នែកបោសសម្អាត។ ជាពិសេសថ្ងៃឈប់សម្រាក ៣ ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក្រុមហ៊ុនក៏បានរក្សាទុកជូនផងដែរ។

លោកបញ្ជាក់ថា៖ «ដោយឡែកបុគ្គលិកកម្មករដែលត្រឡប់មកចូលធ្វើការនៅថ្ងៃទី ២២ និង ថ្ងៃទី ២៣ ខែកញ្ញានេះនឹងទទួលបានការលើកទឹកចិត្តក្នុងម្នាក់ៗពី ៥ ពាន់រៀលដល់ ២ ម៉ឺនរៀលផងដែរ ដែលការផ្ដល់ជូនដ៏ពិសេសនេះគឺក្នុងគោលបំណងលើកទឹកចិត្តដល់បងប្អូនបុគ្គលិកកម្មកររបស់យើង ដែលសកម្មក្នុងការងារ»។

ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និង ម្ចាស់ទីតាំងអាជីវកម្មទាំងអស់មេត្តាអធ្យាស្រ័យ និងយោគយល់ចំពោះភាពរអាក់រអួលដែលនឹងកើតមានក្នុងចន្លោះថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែកញ្ញាខាងមុខ និងសូមឲ្យមានការវេចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹមត្រូវចៀសវាងការបោះចោលសំរាមពាសវាលពាសកាលនៅលើដងផ្លូវ និងទីសាធារណៈនានាដែលនាំឲ្យមានផលប៉ះពាល់ដល់សោភ័ណភាពអនាម័យបរិស្ថានក្នុងរាជធានីភ្នំពេញ។ «យើងមានជំនឿជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋម្ចាស់ទីតាំងអាជីវកម្ម និងអាជ្ញាធរមូលដ្ឋានទាំងអស់នឹងចូលរួមសម្អាតទីក្រុងរបស់យើង»៕

ប្រភព៖ Postkhmer

Leave a Reply