សំណង់​សាង​សង់​ជិត​រួចរាល់​ ទើប​ទៅ​ប្រាប់​ឲ្យ​វាយ​ចោល
Posted On : ធ្នូ, 1, 2016 | By Vantha

ភ្នំពេញ៖ នៅសល់ប្រហែលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ អាជ្ញាធរខណ្ឌជ្រោយចង្វារ នឹងចាត់វិធានការ ចុះរុះរើសំណង់អគារទំនើបមួយកន្លែង ដែលសង់លយចូលទៅក្នុងទន្លេមេគង្គ នៅផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារបើសិនម្ចាស់សំណង់ មិនព្រមរើចេញដោយខ្លួនឯង ដោយអាជ្ញាធរសំអាងថា ការសាងសង់នេះពុំមានច្បាប់អនុញ្ញាត បើទោះបីជាសំណង់ទំនើបមានកម្ពស់រហូតដល់ប្រមាណ ៥ជាន់នេះ ត្រូវបានសង់រួចរាល់ប្រមាណជា៨០ភាគរយរួចហើយក៏ដោយ។

ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះអ្នកលេងហ្វេសប៊ុកជាច្រើន បានរិះគន់យ៉ាងខ្លាំងទៅលើវិធានការរបស់អាជ្ញាធរ ដោយចោទសួរថា បើសំណង់នេះពុំមានច្បាប់ ហេតុអ្វីក៏មិនព្រមធ្វើការហាមឃាត់តាំងពីដំបូង? ហេតុអ្វីបានជាទុកបណ្តោយឲ្យសាងសង់រហូតដល់ជិតរួចរាល់ទៅហើយ ទើបទៅហាមឃាត់ បញ្ជាឲ្យរុះរើ វ៉ៃកម្ទេចចោល?

លិខិតជូនដំណឹងមួយច្បាប់ ចុះហត្ថលេខាដោយអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួតចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៦បានស្នើឱ្យម្ចាស់សំណង់រើចេញ ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ បើពុំនោះទេរដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់។

ក្នុងលិខិតបញ្ជាក់ថា៖«ជម្រាបជូនលោក អ៊ុយ វាំងសង់ ម្ចាស់សំណង់អគារថា ការសាងសង់សំណង់អគារអំពីបេតុងទំហំ ៨ គុណ និង១៧ម៉ែត្រ របស់លោក ដោយពុំមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញនោះទេ បានធ្វើឱ្យប៉ះពាល់ដល់ចំណីទន្លេដីចំណីផ្លូវនិងធ្វើឱ្យប៉ះពាល់ដល់សោភ័ណសុវត្ថិភាពសណ្តាប់ធ្នាប់ ព្រមទាំងសុខដុមនីយកម្មអ្នកជិតខាង»។

ក្នុងលិខិតបានព្រមានថា៖«ដូចនេះរដ្ឋបាលខណ្ឌ តម្រូវឱ្យលោកធ្វើការរុះរើដោយខ្លួនឯង នូវសំណង់អគារអត់ច្បាប់នេះដោយកំណត់ឱសានវាទរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃចេញលិខិតនេះ។ ក្នុងករណីមិនព្រមរុះរើទេ រដ្ឋបាលនឹងចាត់វិធានការចុះរុះរើសំណង់ចេញដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិអ្វីទាំងអស់»។

បើតាមលិខិតមួយច្បាប់ទៀតរបស់លោកឃ្លាំង ហួត ចុះថ្ងៃទី ១១ សីហា ដែលបានជម្រាបជូនសាលារាជធានីស្តីពីការដកហូតសម្ភារសំណង់អគារ នោះ បានឱ្យដឹងថា ខ្លួនបានធ្វើការឃាត់បីដងរួចមកហើយ តែម្ចាស់សំណង់មិនព្រមស្តាប់និងនៅតែបន្តសាងសង់។

លិខិតបញ្ជាក់ថា៖«រដ្ឋបាលខណ្ឌសហការជាមួយការិយាល័យជំនាញខណ្ឌ ចុះឃាត់ចំនួន ៣ លើករួចមកហើយ ប៉ុន្តែម្ចាស់សំណង់ នៅតែបន្តលបលួចសាងសង់។ ថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០១៦ រដ្ឋបាលខណ្ឌ ក៏បានអនុវត្តផែនការចុះដកហូតយកសម្ភារសំណង់រួមមានស៊ីម៉ងត៍ចំនួន ៣០ បាវ ដែកទំហំ ១២លី ប្រវែង ១២ម៉ែត្រ ចំនួន ៣០ដើម យកមករក្សានៅសាលាខណ្ឌ»។

ទាក់ទងនឹងករណីនេះភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំការបញ្ជាក់ពីម្ចាស់សំណង់លោក អ៊ុយ វាំងសង់បាននៅឡើយទេកាលពីម្សិលមិញ។

ចំណែកប្រធានគ្រប់គ្រងកម្មករសំណង់ ផ្នែកលាបថ្នាំ លោក សូដា បានប្រាប់ភ្នំពេញប៉ុស្តិ៍ខណៈដែលកម្មករជាច្រើនកំពុងតែលាបថ្នាំអគារនេះកាលពីរសៀលថ្ងៃម្សិលមិញថា លោកមិនដឹងថាសំណង់នេះស្របច្បាប់ឬមិនស្របច្បាប់នោះទេ។

លោកថា៖«ខ្ញុំគ្រាន់តែមកមើលកូនជាងលាបថ្នាំ មិនដឹងថាស្របច្បាប់ ឬមិនស្របច្បាប់ទេ ព្រោះយើងជាង គ្រាន់តែខ្ញុំសង្កេតឃើញថា នៅតាមបណ្តោយមាត់ទន្លេហ្នឹង មានផ្ទះជាច្រើនដែលបានសង់បែបនេះ ហើយខ្លះសង់វែងជាងអគារនេះទៀតផង»។

បើតាមលោក សូដា អគារនេះសាងសង់បានប្រមាណ៨០ ភាគរយហើយ គឺធ្វើសម្រាប់ជួល ខណៈដែលពីមុនមានកម្មករប្រមាណ៣០ នាក់សម្រុកធ្វើតែបន្ទាប់ពីឃើញលិខិតនោះមានកម្មករប្រមាណ ១០នាក់ប៉ុណ្ណោះនៅបន្តលាបថ្នាំ និងធ្វើជារៀងរាល់ថ្ងៃ។

ទាក់ទងនឹងករណីនេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុកគណនីឈ្មោះ Hou Borey បានបញ្ចេញមតិថា«មិនមែនកាន់ជើងម្ចាស់សំណង់ទេ តែពេលបុកគ្រឹះ ម៉េចមិនព្រមបញ្ឈប់ភ្លាមៗទៅ? មិនចាំបាច់ដល់ពេលគ្នាធ្វើជិតរួចបានចេញវិធានការក្ដៅ ឲ្យគ្នារុះរើ ហើយបើរុះរើមានតែវាយកម្ទេចចោល ហើយអគារនោះតម្លៃមិនមែនតិចជាង ១០ម៉ឺនដុល្លារទេ។ តែមើលទៅដូចរំលោភទៅលើចំណីទន្លេមែន តែបើអ៊ីចឹងទៅហើយ គួរតែមានវិធីណាមួយដែលទទួលយកបានទាំងសងខាង ហើយពេលក្រោយបើមាន ករណីសំណង់ណាខុសច្បាប់ទៀត គួរតែចាត់ការភ្លាមៗទៅពេលចាប់ផ្ដើមសាងសង់»។

អ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Rith Scorpio «ស្ថានភាពបែបនេះទោះជាខុសច្បាប់មែន ក៏ត្រូវតែស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់លើដែរ ព្រោះផ្ទះធ្វើជិតហើយ ទើបសាលាខណ្ឌថាខុសច្បាប់ ! សួរថា ផ្ទះនឹងព្រះឥន្ទជប់មែន បានអាជ្ញាធរមូលដ្ឋានមិនដឹងពេលធ្វើដំបូង?»។ ចំណែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀតគណនីឈ្មោះសុផៃ យឿនបានបញ្ចេញមតិបែបដាក់បន្ទុកទៅលើម្ចាស់អគារថា«ជួយអបអរសាទរដែលរុះរើកុំឲ្យថ្ងៃក្រោយចេះតែហ៊ានបំពានធម្មជាតិ..ពេលធ្វើអាងខ្នងហើយមើលទៅ!»។

អ្នកលេងហ្វេសប៊ុកជាច្រើនទៀត ក៏បានបញ្ចេញមតិដោយចោទសួរផងដែរថា បច្ចុប្បន្ននៅភ្នំពេញ សូម្បីតែចាក់ខ្សាច់ឬដាក់ឥដ្ឋ ពីរ បីរ៉ឺម៉កមុខផ្ទះដើម្បីជួសជុលផ្ទះបន្តិចបន្តួច ក៏មានមន្ត្រីជំនាញជាច្រើនក្រុមទៅតាមសួរជំរិតទារលុយដែរ រឿងអីដែលសំណង់ទំនើបខ្ពស់ស្កឹមស្កៃ សាងសង់ជិតរួចរាល់ទៅហើយអាជ្ញាធរមិនដឹង?៕

ប្រភព៖ postkhmer.com

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!