សំណង់​នានា​ក្នុង​ក្រុងភ្នំពេញ ត្រូវ​សង់​ឡើង​តាម​អនុក្រឹត្យ​ថ្មី របស់​ក្រសួង​រៀបចំ​ដែនដី​
Posted On : April, 23, 2015 | By សំឡេងទីក្រុង

ថ្ងៃទី 22 មេសា 2015, ដោយ: កូឡាប, ប្រភព៖ CEN

ភ្នំពេញ: លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ និង​ជំរុញ ឲ្យ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង ១២ របស់​រាជធានី​ភ្នំពេញ ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់ ពី​អនុក្រឹត្យ​ថ្មី​របស់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ជុំវិញ​ការអនុញ្ញាត​ឲ្យ​សាងសង់​សំណង់​នានា នៅក្នុង​រាជធានី​ភ្នំពេញ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ជាបន្ទាន់​មួយ ស្តីពី ការត្រួតពិនិត្យ​ការសាងសង់​សំណង់​នានា នៅក្នុង​រាជធានី​ភ្នំពេញ ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា អនុក្រឹត្យ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ថ្មី​នេះ មិនទាន់មាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ​ទេ​។ ដូច្នេះ​សម្រាប់​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌ​ទាំង ១២ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​ពី​អនុក្រឹត្យ​ថ្មី​នេះ ឲ្យ​បាន​យល់ដឹង​ច្បាស់លាស់ ដើម្បី​បន្ត​យកទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ឲ្យ​ពួកគេ​បាន​យល់​បន្តទៀត​។​

​លោក បាន​បន្តថា បើ​ពួកគាត់​បាន​យល់ច្បាស់ ពី​អនុក្រឹត្យ​នេះហើយ​នោះ មុន​នៃ​ការសុំច្បាប់​សាងសង់​សំណង់​ផ្សេងៗ គឺ​ពួកគាត់​បាន​យល់​ជាមុន​ស្រាប់​។

​លោក​អភិបាល​រាជធានី បាន​បន្តថា ចំពោះ​ការផ្សព្វផ្សាយ​នេះ បើ​អាច​ធ្វើឡើង​នៅ​អាទិត្យ​ក្រោយ រិត​តែ​ល្អ តែ​ដាច់ខាត​ត្រូវតែមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដើម្បី​ពន្យល់​ណែនាំ​បន្ថែម​ដោយ​អនុក្រឹត្យ​នេះ បានកំណត់​យ៉ាងច្បាស់​ពី​តំបន់ និង​កំពស់​សំណង់​។​

​ដោយឡែក​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍​លើ​ឡើង​ផងដែរ​ថា អនុក្រឹត្យ​នេះ មាន ១៣ ជំពូក និង​មាន ៨៦ មាត្រា ដោយ​ចែកចេញជា​តំបន់​ផ្សេងៗ​គ្នា ដូចជា តំបន់​ពាណិជ្ជកម្ម​តំបន់​ពាណិជ្ជកម្ម​ចម្រុះ តំបន់ឧស្សាហកម្ម តំបន់ឧស្សាហកម្ម​ចម្រុះ តំបន់ឧស្សាហកម្ម​ស្រាល តំបន់​ដឹកជញ្ជូន​តំបន់​ទេសចរណ៍ តំបន់​រដ្ឋបាល និង​សាវា​សាធារណៈ តំបន់​លំហ​សាវា​សាធារណៈ និង​ផ្ទៃ​បៃតង តំបន់​វប្បធម៌ និង​សាសនា និង​តំបន់​ផ្សេងៗ​មួយចំនួនទៀត ហើយ​ក្នុង​តំបន់​ទាំងនេះ ត្រូវបាន​កំណត់​យ៉ាង​ច្បាស់លាស់ ពី​ទំហំ​កំពស់​នៃ​ផ្ទៃដី​ឡូ​តិ៍ តែបើ​ការសាងសង់​លើសពី​ច្បាប់ ដែល​បានកំណត់ គឺ​ប្រជាពលរដ្ឋ ឬ​វិស័យ​ឯកជន អាច​សុំ​សាងសង់​ខ្ពស់​បាន តែ​ត្រូវ​បង់ថ្លៃ​នៃ​ការសាងសង់​លើស​ទៅ​ឲ្យ​រដ្ឋ ហើយ​ការសម្រេច​ឲ្យ​មានការ​សាងសង់​លើស​នោះ​ទៀតសោធ ក៏​មិនមែន​ចេះតែ​អនុញ្ញាត​ឲ្យ​ដែរ​។​

​លោក​រដ្ឋលេខាធិការ បានបញ្ជាក់​ទៀតថា មុន​នៃ​ការសម្រេច​នោះ ដាច់ខាត​ត្រូវតែ​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា ពី​ផលប៉ះពាល់​ជាមុនសិន ដូចជា ប៉ះពាល់​ប្រជាពលរដ្ឋ សោ​ភ័​ណ្ឌ​ភាព​រាជធានី ភាព​សុខដុម​វ​នីយកម្ម​និង​សុវត្ថិភាព សណ្តាប់ធ្នាប់ ជាដើម​៕

Urban Voice Cambodia

Urban Voice Cambodia