ទិដ្ឋភាព​សំណង់​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍ យក​តាម​លំនាំ​ស្ថាបត្យ​កម្ម​សម័យ​បារាំង។ មឿន ញាណ

សំណង់​ទីស្តី​ការ​ក្រសួង​ប្រៃសណីយ៍​ថ្មី យក​លំនាំ​រចនា​បថ​ស្ថាបត្យ កម្ម​បារាំង​កាល​ពី​ជិត​១០០​ឆ្នាំ​មុន

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

បណ្ដុំនៃសំណង់អគារដ៏ធំសង់ស្កឹមស្កៃតាមលំនាំរចនាបថស្ថាបត្យកម្មអាណានិគមបារាំងគួរឲ្យចាប់អារម្មណ៍ ស្ថិតនៅជាប់ពីខាងត្បូងព្រំរបងនៃសាលារាជធានីភ្នំពេញ គឺជាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ដែលត្រូវបានសាងសង់ចប់រួចរាល់មួយរយភាគរយហើយ។

លោក ខូវ មករា មន្ត្រីអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍អចលនទ្រព្យ កាលពីរសៀលថ្ងៃអង្គារថា ៖ «ទីស្តីការក្រសួងថ្មីបានសាងសង់រួចរាល់ចប់សព្វគ្រប់ហើយ [ខណៈពេលនេះដែរ]មន្ត្រីរាជការរបស់យើងក៏បានចាប់ផ្តើមរើចូលមកធ្វើការងារស្ទើរតែគ្រប់នាយកដ្ឋានអស់ហើយដែរ»។ លោកបន្តថា ក្រសួងគ្រោងនឹង«បញ្ចប់ការរើចូលមកកាន់ទីកន្លែងធ្វើការថ្មីនេះនៅត្រឹមថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ»។

ផ្នែកខ្លះៗនៃលំនាំស្ថាបត្យកម្មសម័យបារាំង។ មឿន ញាណ

ផ្នែកខ្លះៗនៃលំនាំស្ថាបត្យកម្មសម័យបារាំង។ មឿន ញាណ

 

លោក លីវ គឹមហេង (Liv Kimheng) អគ្គនាយករដ្ឋបាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ទីស្តីការក្រសួងនេះបានសាងសង់នៅលើដីឡូត៍ដ៏ធំមួយកន្លែងមានទំហំ ៩០៣៧ម៉ែត្រការ៉េ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតនៅពីខាងត្បូងសាលារាជធានីភ្នំពេញ។ លោកបន្តថា ៖ «សំណង់អគារថ្មីរបស់ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ ត្រូវបានសាងសង់ជា ៤អគារធំៗ គឺអគារ A, B, C និងឃ្លាំងមួយផង»។ អគារ A និង B សម្រាប់ផ្តល់ជាទីកន្លែងការិយាល័យធ្វើការងារដើម្បីឆ្លើយតបនឹងតម្រូវការការិយាល័យធ្វើការរបស់មន្ត្រីគ្រប់នាយកដ្ឋានរបស់ក្រសួងនេះ និងមានទាំងការរួមបញ្ចូលនាយកដ្ឋានថ្មីមួយទៀត គឺពីអតីតនាយកដ្ឋាន NiDA (National Information Communication Technology Development Authority) ដែលកាលពីមុនស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។

ផ្នែកខាងក្នុងនៃសាលទទួលភ្ញៀវរបស់អគារ A។ មឿន ញាណ

ផ្នែកខាងក្នុងនៃសាលទទួលភ្ញៀវរបស់អគារ A។ មឿន ញាណ

 

លោក គឹមហេង បានពន្យល់ថា ៖ «អគារ A មានបណ្តោយ ៥៦ម៉ែត្រគុណនឹងទទឹង២៧,៤០ម៉ែត្រ និងមានកម្ពស់៤ជាន់» ជាអគាររដ្ឋបាល ហិរញ្ញវត្ថុ និងមានខុទ្ទការល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីនៅទីនោះផងដែរ។ អគារនេះសង់បែរមុខទៅទិសខាងកើតមករកមហាវិថីព្រះមុនីវង្សតែម្តង។ លោកបន្តថា ៖ «ចំណែកអគារ B មានទំហំ៤២ម៉ែត្រ គុណនឹង៤២ម៉ែត្រ និងមានកម្ពស់៥ជាន់ ផ្ទៃក្រឡារបស់អគារនេះមានទំហំ ៥០៤០ម៉ែត្រការ៉េ»។ អគារនេះនៅចំពីក្រោយអគារ A។

ចំណែកអគារ C គឺជាចំណតរថយន្ត និងអាហារដ្ឋាន មានផ្ទៃក្រឡា ៤៤៧៧ម៉ែត្រការ៉េ ដោយមានទំហំ៣៣ម៉ែត្រគុណនឹង៣២,៥០ម៉ែត្រ និងកម្ពស់៥ជាន់ដែរ។ «អគារជាចំណតរថយន្តនេះអាចចតរថយន្តបានចំនួន ១០១គ្រឿង និងម៉ូតូរាប់រយគ្រឿងទៀត និងសាលអាហារដ្ឋានដ៏ធំមួយ»ផងដែរ។ នេះបើតាមប្រសាសន៍របស់លោក គឹមហេង។ រីឯអគារមួយទៀត ដែលជាឃ្លាំងផ្ទុកសម្ភារៈផ្សេងៗនោះមានផ្ទៃក្រឡា ១៤១១ម៉ែត្រការ៉េ។

ទាំងលោក ខូវ មករា និងលោក លីវ គឹមហេង បានថ្លែងថា ស្រដៀងគ្នាថា ពួកលោកពុំស្ថិតនៅក្នុងគណៈកម្មការសាងសង់ទេ ហើយក៏ «មិនចាំតួលេខពិតប្រាកដពីទឹកប្រាក់ចំណាយសរុប» ឬក៏ឈ្មោះក្រុមហ៊ុនដែលសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះទេ ព្រោះ«អ្នកកាន់ឯកសារកំពុងស្ថិតនៅឯបរទេស»។

ផ្នែកខាងក្នុងនៃសាលទទួលភ្ញៀវរបស់អគារ A។ មឿន ញាណ

ផ្នែកខាងក្នុងនៃសាលទទួលភ្ញៀវរបស់អគារ A។ មឿន ញាណ

 

លោក មករា បានថ្លែងថា ៖ «បើតាមព័ត៌មានទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសើរចំពោះគម្រោងសាងសង់ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ដ៏ធំសម្បើមនេះ បានប្រិតប្រៀងចាយវាយថវិកាអស់តិចជាងគេ បើប្រៀបធៀបទៅនឹងការចំណាយនៅក្នុងគម្រោងសាងសង់របស់រដ្ឋនានា ក្នុងពេលកន្លងមក»។ លោកបានថ្លែងថា ៖ «ការត្រួតពិនិត្យយ៉ាងល្អិតល្អន់នោះ គឺស្ថិតនៅក្រោមឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន កាលដែលលោកនៅជា(អតីត)រដ្ឋមន្ត្រីក្រសួងនេះ គឺលោកពិនិត្យយ៉ាងលម្អិតតាំងពីគម្រោងប្លង់ស្ថាបត្យកម្ម រួមទាំងការកែសម្រួលផ្សេងៗដើម្បីឲ្យមានភាពទាក់ទាញកាន់តែល្អប្រសើរ តែស្ថិតក្នុងកម្រិតសន្សំសំចៃ»ជាដើម។

នៅឯបន្ទប់ទទួលភ្ញៀវខាងក្រោមនៃអគារ A មានក្តារខៀនព័ត៌មានមួយបានបញ្ជាក់ថា ៖ [អគារទីស្តីការក្រសួងនេះ ត្រូវបានផ្តួចផ្តើមសាងសង់ដោយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងឆ្នាំ២០១៤ និងបានបញ្ចប់រួចរាល់នៅឆ្នាំ២០១៦។

លោក មករា បានសម្តែងភាពរីករាយចំពោះសមិទ្ធិផលថ្មីគឺអគារទីស្តីការនេះថា៖ «ទាំងរូបខ្ញុំ និងមន្ត្រីគ្រប់រូបមានសភាពស្រឡះមុខមាត់ជាងមុន មានអារម្មណ៍រំភើបរីករាយចំពោះទីកន្លែងធ្វើការថ្មីដ៏ធំទូលាយរបស់យើង។ វាផ្តល់ភាពងាយស្រួលច្រើនណាស់ នេះជាការលើកកិត្តិយស មុខមាត់ដល់មន្ត្រីរបស់យើងផងដែរ»។ លោកបន្តថា ៖ «តាមការប៉ាន់ស្មានអគារទីស្តីការក្រសួងថ្មីនេះ អាចផ្តល់ជាកន្លែងធ្វើការដល់បុគ្គលិកប្រមាណពី៦០០ ទៅ១០០០នាក់ វាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងក្រសួងនានានៅឯប្រទេសជឿនលឿនដទៃទៀតដែរ»។

លោកបន្តថា ៖ «ជាទូទៅអគារដែលមានលក្ខណៈតាមស្ថាបត្យកម្មបារាំងបែបនេះ គឺវាផ្តល់ភាពស្រឡះស្រួលទាំងក្នុងទាំងក្រៅ»។ ចំណែកអតីតទីស្តីការក្រសួង(ចាស់)នៅឯអគារប្រៃណីយ៍ដែលមានអាយុមួយសតវត្សរ៍នោះ គឺក្រសួងបានប្រគល់ជូនទៅក្រុមហ៊ុនស្វយ័តរបស់រដ្ឋ(ក្រុមប្រៃសណីយ៍ និងទូរគមនាគមន៍)វិញហើយ។ នៅក្រោមដំបូលនៃអគារថ្មីនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏មានរាប់បញ្ចូលទាំងនាយកដ្ឋានថ្មីពីរទៀត គឺ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (General Department of Information and Communication Technology) និង វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (National Institute of Posts, Telecommunications and Information Communication Technology Development)៕

Leave a Reply