សេចក្តីបំភ្លឺរបស់អគ្គិសនីកម្ពុជាលើបញ្ហាភ្លើងមិនប្រក្រតី
Posted On : កញ្ញា, 9, 2015 | By សំឡេងទីក្រុង

ដោយៈ សំឡេងទីក្រុង ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥

អគ្គិសនីកម្ពុជាចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី០៧ ខែកក្កដា ស្តីអំពីការបំភ្លឺលើបញ្ហាប្រជាជនត្អូញត្អែរ និងរិះគន់រឿងនាឡិកាស្ទង់អគ្គិសនីមានភាពខុសប្រក្រតី និងកំណើនបរិមាណនៃការប្រើប្រាស់ភ្លើងមានការកើនឡើងខុសប្លែកពីសព្វដង។

សេចក្តីជូនដំណឹងនេះចេញក្រោយពេលមហាជនជាច្រើននៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនធ្វើការរិះគន់មកលើអគ្គិសនីកម្ពុជា។

ស្ថិតនៅក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចុះហត្ថលេខា​ដោយប្រតិភូ​រាជ  រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ ថ្ងៃ​ទី​០៧ ​ខែ​កក្កដានោះ បានបដិសេធថា អគ្គិសនីកម្ពុជាពុំមានគោលការណ៍កេងប្រវ័ញ្ចពីអតិថិជនរបស់ខ្លួនយកទៅជូនរដ្ឋនោះទេ។

អគ្គិសនីកម្ពុជាបន្តថា រាល់បុគ្គលិករបស់អគ្គិសនីកម្ពុជាណាដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន រាប់ទាំងការបញ្ឈប់ពីអង្គភាពជាបន្ទាន់ផងដែរ។

ចំពោះនាឡិកាស្ទង់ដែលជាជញ្ជីងសម្រាប់ធ្វើការទូទាត់ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា គ្មានការប៉ះពាល់ ឬលួចកែនាឡិកាស្ទង់នេះដោយអគ្គិសនីកម្ពុជាឡើយ គ្រប់នាឡិកាទាំងអស់ សុទ្ធតែមានប្លុមបេពីរោងចក្រផលិតក្រៅប្រទេសទាំងអស់ ហើយប្លុមបេនេះមិនត្រូវបានប៉ះពាល់ដោយអគ្គិសនីកម្ពុជាដាច់ខាត។

អគ្គិសនីកម្ពុជាក៍បានស្នើឲ្យប្រជាពលរដ្ឋណាដែលមានមន្ទិលពីការប្រើប្រាស់ ឬការសង្ស័យចំពោះនាឡិកាស្ទង់ ទាក់ទងមកអគ្គិសនីកម្ពុជាតាមរយៈលេខទូរសព្ទដែលមាននៅលើវិក្កយបត្តប្រចាំខែ ឬមកជួបភ្នាក់ងារទទួលអតិថិជនរបស់អគ្គិសនីកម្ពុជានៅតាមបណ្តាខេត្តក្រុងទាំងអស់ ដើម្បីឲ្យភ្នាក់ងារមានសមត្ថកិច្ចចុះត្រួតពិនិត្យនាឡិកាស្ទង់ដែលមានមន្ទិលនោះ។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!