សេចក្តីជូនដំណឹងស្តីពី ការពង្វាងចរាចរណ៍ចេញ-ចូល រាជធានីភ្នំពេញ
Posted On : មិថុនា, 28, 2018 | By សំឡេងទីក្រុង

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការពង្វាងចរាចរណ៍ចេញ-ចូល រាជធានីភ្នំពេញ ត្រង់រង្វង់មូលចោមចៅ ដើម្បីរៀបពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ត្រង់ចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។ ពិធីនោះ នឹងផ្តើមនៅម៉ោង ០៦:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ដោយមានអ្នកចូលរួមចំនួន ៦០០០នាក់។

ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរដែលត្រូវចរាចរណ៍ចេញ-ចូល រាជធានីភ្នំពេញ ឆ្លងកាត់ទីតាំងខាងលើត្រូវពង្វាង ចរាចរណ៍តាមផ្លូវដូចខាងក្រោម៖

  • ចំពោះរថយន្តចរាចរណ៍មកពីទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្តាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវបត់ឆ្វេងទៅទិសខាងជើង។
  • ចំពោះរថយន្តធ្វើចរាចរណ៍មកពីផ្លូវជាតិលេខ៣  ចូលរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្តាំតាមផ្លូវ ៣០ម៉ែត្រ ឆ្ពោះទៅផ្លូវចោមចៅ។
  • ចំពោះរថយន្តធ្វើចរាចរណ៍មកពីផ្លូវចោមចៅ  ចេញក្រៅរាជធានីភ្នំពេញទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្តុប។
  • ចំពោះចរាចរពីផ្លូវចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ អនុញ្ញាតឱ្យចរាចរធម្មតា។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍កំណាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង និងមហាវិថីសហព័ន្ធរុស្ស៊ី ដែលឆ្លងកាត់ត្រង់ចំណុចរង្វង់មូលចោមចៅ ជាបណ្តោះអាសន្នក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាល និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ០៤ ទាបភ្លឺ រហូតដល់ម៉ោង ១២ និង៣០នាទីថ្ងៃត្រង់៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!