សួនច្បារនិងរង្វង់មូលកាំភ្លើងកួចកាណុងសាលារាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាឲ្យក្លាយទៅជាសួនប្រណិតនៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិច
Posted On : មិនា, 18, 2015 | By សំឡេងទីក្រុង
ថ្ងៃ ទី18 មីនា ឆ្នាំ2015, ដោយ: កម្ពុជាថ្មី
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញនឹងស្ថាបនាសួនច្បារកាំ ភ្លើងកួចកាណុងឲ្យទៅជាសួនច្បារស្អាតនិងល្អប្រណិត តាមរយៈការកែលំអរហេដ្ឋារចនាសម្ព័ន្ធ បំពាក់ដោយក្បូរក្បាច់រចនាបែបខ្មែររួមទាំងការដាំស្មៅ,ដាំផ្កា,រៀបកំរាលថ្មម៉ាប,រៀបចំដាក់បណ្តាញទឹក.ភ្លើងឲ្យមានលក្ខណៈទំនើបទាន់សម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី១៨មិនា ក្នុងខណៈពេលដែលលោកអភិបាលរាជធានី រួមជាមួយមន្ត្រីជំនាញអញ្ជើញទៅពិនិត្យមើលដំណើរការស្ថាបនាសួនច្បារនៅរង្វង់មូលកាំភ្លើងកួចកាណុង ដើម្បីជំរុញឲ្យដំណើរការនៃការស្ថាបនាដំណើរការទៅបានលឿន និងស្របទៅតាមអ្វីដែលបានគ្រោងទុក។
លោកសាំ ពិសិទ្ធ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹង ថា សួនច្បារគូចកាណុងនេះ ត្រូវបានកែលំអរឡើងវិញដោយបង្រួមចូល៥ម៉ែត្រ,អង្កត់ផ្ចិត របស់សូនទំហំ៨០ម៉។ ចំពោះរូបសំណាកកាំភ្លើងគួចកាណុងគឺរក្សាឲ្យនៅដដែល។ លោកនាយកមន្ទីរបន្តថាការស្ថាបនា និងកែលំអរសួនច្បារកាំភ្លើងគួចកាណុងនេះ នឹងសំរេចឲ្យ រួចរាល់នៅចុងខែឧសភា ឆ្នាំ២០១៥ខាងមុខ។ ការកែលំអរសួននេះដែរ គឹធ្វើឡើងស្របគ្នា ទៅនឹងការដាក់ឲ្យប្រើប្រាស់ស្ពានជ្រោយចង្វារថ្មីដែលទើបនឹងសាងសង់រួច រង់ចាំតែ ថ្ងៃសម្ពោធជាផ្លូវការតែប៉ុណ្ណោះ។ ទាំងរង្វង់មូល និងស្ពានជ្រោយចង្វាគឺស្ថិតនៅចំណុចនៃ ច្រកចេញចូលរាជធានីភ្នំពេញដ៏សំខាន់ និងមានភាពមមាញឹកដោយលំហូរចរាចរដ៏ចង្អៀត ដែលត្រូវឲ្យមានការគិតគូរអោយម៉ត់ចត់ និងរក្សាបាននូវសោភណ្ឌភាពផងដែរ៕