សូណាត្រា​វិនិយោគ $១០ ម៉ឺន​លើ​ចំណត​តាម​ផ្លូវ
Posted On : July, 15, 2015 | By សំឡេងទីក្រុង

ប្រភព៖ ​ បុស្តិ៍ខ្មែរ    Wed, 15 July 2015   ដោយ៖   សុខ ចាន់

ភ្នំពេញៈ ក្រុមហ៊ុន Sonatra Carling បាន​វិនិយោគ​ជា​ទឹក​ប្រាក់​ប្រមាណ ១០ ​ម៉ឺន​ដុល្លារ​ដើម្បី​បង្កើត​សេវាកម្ម​ប្រព័ន្ធ​ចំណត​រថយន្ត​បង់​ថ្លៃ​ដោយ​ ស្វ័យ​ប្រវត្តិ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន Sonatra Carling គឺជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក​ដែល​គ្រប់គ្រង​ដោយ​ លោក ឧកញ៉ា ស៊ន សុខណា និង​វិនិយោគិន​ជនជាតិ​ជប៉ុន។

លោក Tetsuji Nagata អគ្គនាយក​ក្រុមហ៊ុន Sonatra Carling ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Sonatra Group ថ្លែងថា​ដោយ​មាន​បទពិសោធ​លើ​ការ​អភិវឌ្ឍ ការ​ផលិត និង​ការ​លក់​ផលិតផល​សម្រាប់​ចំណត​រថយន្ត ព្រម​ទាំង​ការ​គ្រប់គ្រង និង​ការ​ថែទាំ​ចំណត​រថយន្ត​បង់​ប្រាក់ ក្រុមហ៊ុន Sonatra Carling បាន​វិនិយោគ​ជា​ទឹក​ប្រាក់​ប្រហែល ១០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​នាំ​យក​ម៉ាស៊ីន​ចំណត​រថយន្ត​មក​កម្ពុជា។

លោក Tetsuji លើក​ឡើង​ថា៖ «សេវាកម្ម​ប្រព័ន្ធ​ចំណត​រថយន្ត​គឺ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​ សម្រាប់​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ»។

លោក​ថ្លែង​ថា បច្ចុប្បន្ន មាន​ម៉ាស៊ីន​ចំណត​រថយន្ត​ប្រហែល ៣១ បាន​ដំឡើង​នៅ​ម្ដុំ​វត្ត​ឧណ្ណាលោម ហើយ​នឹង​ដាក់​ពង្រាយ​នៅ​ទូទាំង​ទីក្រុង​បន្ទាប់​ពី​ទទួល​បាន​ការ​យល់​ព្រម​ ពី​សាលា​រាជធានី​ភ្នំពេញ។

លោក Nagata លើក​ឡើង​ថា៖ «ទីក្រុង​ភ្នំពេញ​មិន​មាន​ទីកន្លែង​ត្រឹម​ត្រូវ​សម្រាប់​ការ​ចត​រថយន្ត​នោះ​ ទេ ដូច្នេះ​ការ​ចត​អនាធិបតេយ្យ​នៅ​តែ​ជា​បញ្ហា​សម្រាប់​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍»។

ការ​មើល​ឃើញ​បញ្ហា​ទាំង​នេះ លោក​អគ្គនាយក​ក្រុមហ៊ុន Sonatra Carling បាន​នាំ​យក​គំនិត​ប្រព័ន្ធ​ចំណត​រថយន្ត​បង់​ថ្លៃ​ដោយ​ស្វ័យប្រវត្តិ​ទៅ​សាលា ​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សា​លម្អិត​អំពី​សេវាកម្ម​នេះ។

លោក​បន្ថែម​ថា នេះ​វា​មាន​រយៈពេល​ប្រហែល​២ឆ្នាំ​ហើយ​ដើម្បី​ទទួល​បាន​ការ​បញ្ជាក់​ពី​សាលា​ រាជធានី​ភ្នំពេញ​ដែល​អនុញ្ញាត​ឲ្យ​ដំឡើង​នៅ​ម្ដុំ​វត្ត​ឧណ្ណាលោម​សម្រាប់​ជា ​គម្រោង​សាកល្បង។

លោក​ថ្លែង​ថា តម្លៃ​ចំណត​នីមួយៗ​របស់​សេវា​ប្រព័ន្ធ​ចំណត​អេឡិចត្រូនិក​នេះ​មាន​តម្លៃ ២៥ សេន​ក្នុង​មួយ​ម៉ោង ប្រហែល​ជា ១០០០ រៀល។

លោក​បន្ថែម​ថា ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​ប្រព័ន្ធ​ចំណត​នេះ​ ដោយ​សារ​តែ​រថយន្ត​របស់​អតិថិជន​នឹង​មាន​សុវត្ថិភាព​រយៈ ២៤ ម៉ោង ហើយ​នឹង​មិន​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ណា​មួយ​ដល់​ប្រជាជន​ផ្សេង​ទៀត​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ប្រសិន​បើ​អ្នក​ប្រើប្រាស់​ចំណត​រថយន្ត​ខុស​ច្បាប់ អ្នក​នឹង​មិន​មាន​ការ​កំណត់​តម្លៃ​សម្រាប់​រាល់​ការ​ចត​នោះ​ទេ តាម​របៀប​ណា​មួយ​នោះ​ក្រុមហ៊ុន​ទាំង​នោះ​បាន​បោក​ប្រាស់​អ្នក ប៉ុន្តែ​ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ចំណត​រថយន្ត​នេះ​អ្នក​នឹង​ដឹង ​ពិតប្រាកដ​ពី​តម្លៃ​ត្រូវ​បង់»។

លោក​បន្ថែម​ថា នៅ​សប្ដាហ៍​ទី១ ខែ​កក្កដា​ឆ្នាំ​២០១៥ បន្ទាប់ពី​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រព័ន្ធ​ចំណត​រថយន្ត​នេះ ក្រុមហ៊ុន​ទទួល​បាន​រថយន្ត​ប្រហែល ៦០០ គ្រឿង​សម្រាប់​ការ​ចត​នៅ​ក្នុង​ប្រព័ន្ធ​នេះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ប្រព័ន្ធ​ចំណត​រថយន្ត​នេះ​គឺ​គ្រាន់​តែ​ជា​គម្រោង​សាកល្បង​សម្រាប់​ ក្រុមហ៊ុន Sonatra Carling ជាមួយ​នឹង​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «យើង​មិន​អាច​និយាយ​អ្វី​ច្រើន​អំពី​គម្រោង​នេះ​បាន​ទេ»។

អគ្គ​នាយក​ក្រុមហ៊ុន Sonatra Carling សង្ឃឹម​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​កាន់​តែ​ច្រើន​ដើម្បី​ ដំឡើង​ម៉ាស៊ីន​ចំណត​រថយន្ត​នេះ​នៅ​ក្នុង​ទីក្រុង​នៅ​ពេល​អនាគត​ប្រសិន​បើ​ គម្រោង​សាកល្បង​នេះ​ទទួល​បាន​ជោគជ័យ។

លោក​បញ្ជាក់​ថា៖ «យើង​កំពុង​ស្វែងរក​ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង​នេះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»៕

Urban Voice Cambodia

Urban Voice Cambodia