សាលា​រាជធានី​​ផ្ដល់ជម្រើស​ថ្មី​សម្រាប់​គ្រួសារ​នៅ​ជ្រោយ​ចង្វា
Posted On : March, 19, 2015 | By សំឡេងទីក្រុង

ដោយ សេក ឧត្តម | MARCH 19, 2015, Cambodia Daily

កាលពី​ម្សិលមិញ គ្រួសារ​ដែល​រស់​នៅ​លើ​ដី​មាន​វិវាទ​ក្នុង​តំបន់​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ត្រូវ​​បាន​ផ្ដល់​ឲ្យ​នូវ​ជម្រើសថ្មី​​មួយ​​ដោយ​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ គឺ​បោះ​បង់​ចោល​ដី​៩០​ភាគរយ​របស់​ខ្លួន ហើយ​រស់​នៅ​លើ​ដីដែល​នៅ​សេសសល់​ ឬ​ក៏លក់​​ដីនេះទាំង​អស់​ក្នុង​តម្លៃ​៤០​ដុល្លារ​ក្នុង​មួយ​មែត្រក្រឡា​។

លោក ប៉ា សុជាតិវង្ស ​បាន​ចុះ​ទៅ​តំបន់​​មាន​ជម្លោះ​​ដើម្បីព្យាយាម​បញ្ចុះ​បញ្ចូល​អ្នកភូមិ​ប្រហែល​១៥០​គ្រួសារ​មកពី​សង្កាត់​ចំនួន​បី​ ដែល​ស្ថិត​នៅ​ចំ​ផ្លូវ​នៃ​គម្រោង​អចលនទ្រព្យ​មាន​ទឹក​ប្រាក់​៣.០០០​លាន​ដុល្លារ​ និង​ចំ​កន្លែង​ពង្រីក​ផ្លូវ​ជាតិ​លេខ​៦​ ដែល​អភិបាល​រាជធានី​រូប​នេះ​លើក​ឡើង​ថា នឹង​មាន​ដំណើរ​ការ​ទៅ​មុខ​នោះ​។

លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​​នៅ​ផ្សារ​មួយ​សាង​សង់​ក្នុង​តំបន់​ជ្រោយ​ចង្វា​នេះ​ដោយ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អាណិកជន​​កម្ពុជា (OCIC) ដែល​​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យទទួល​បាន​ការ​ជួល​តំបន់​ដី​សើម​នេះ​ ដើម្បី​អភិវឌ្ឍ​ក្នុង​រយៈពេល​៩៩​ឆ្នាំ​នោះថា ” [អ្នកភូមិ​] បង​ប្អូន​អាច​យល់​ព្រម​យក​១០ភាគរយ​នៃ​ដី​នេះ​ ដោយ​មាន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ដោយ​សាលា​រាជធានី​ ឬ​យើង​អាច​ផ្ដល់​ឲ្យ​បង​ប្អូន​ក្នុង​តម្លៃ​៤០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា”។

លោក ប៉ា សុជាតិវង្ស បានទទួល​ស្គាល់​ថា ​គ្រួសារ​មួយ​ចំនួន​បា​ន​ទទួល​សំណង​រួច​ហើយ​​សម្រាប់​ដី​ដែល​ពួកគាត់​បាន​រស់​នៅ​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ មិន​យូរ​ប៉ុន្មាន​​ក្រោយ​ពេល​ខ្មែរ​ក្រហម​បាន​បំផ្លាញ​ឯកសារ​​​បញ្ជាក់​កម្មសិទ្ធិដីធ្លី​​ទាំងអស់​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​​ទាក់​ទិន​គ្រួសារ​ដែល​នៅ​សេសសល់​ថា ឥឡូវ​នេះពួកគាត់​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ ដោយ​លក់​ដី​របស់​ខ្លួន​មក​ឲ្យ​សាលា​រាជធានី​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំគិត​ថា បង​ប្អូនទាំង​អស់​​ដឹង​រួច​មក​ហើយ​ថា ដីនេះ​​នឹង​ត្រូវ​អភិវឌ្ឍ​ ហើយ​ថា បង​ប្អូន​ទិញ​វា​​​ក្នុង​​តម្លៃ​​ត្រឹម​តែ​៤ឬ៥ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា​។ ឥឡូវ​បង​ប្អូន​អាច​ [សម្រេច​ទទួល​យក​ការ​ផ្ដល់​នេះ​ពី​សាលា​រាជធានី]​​ ដើម្បី​ទទួល​បាន​ផលចំណេញ​”។

ដីមាន​វិវាទ​នេះ​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​បូម​ខ្សាច់​ពី​ចំណុច​ប្រសព្វ​នៃទន្លេ​មេគង្គ និង​ទន្លេសាប​មក​ចាក់​បំពេញ​ អាច​ត្រូវ​បាន​បែង​ចែកជាបីផ្នែក​ គឺ​សង្កាត់ជ្រោយ​ចង្វា​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ សង្កាត់​​ព្រែក​តាសេកដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ច្រាំង​ភាគ​ខាង​កើត​​ទន្លេសាប និង​សង្កាត់ព្រែក​លាបដែល​ស្ថិត​នៅ​​ចុង​ប៉ែក​ឦសាន​នៃ​តំបន់​អភិវឌ្ឍ​ន៍​របស់ក្រុម​ហ៊ុន​​ OCIC ។

អ្នកភូមិ​រាប់​រយ​គ្រួសារ​បាន​បើក​ផ្លូវ​រួច​ហើយ​សម្រាប់​គម្រោង​នេះ ប៉ុន្តែ​គ្រួសារ​ដែល​នៅ​សេសសល់​​​ក្រាញ​ននាល​​​មិន​ព្រម​ចាក​ចេញ​ឡើយ​។

អ្នកស្រី ភិន ឃិញ ជាអ្នកភូមិ​ម្នាក់​​ដែល​ទាមទារ​​ជាង​៣០០​ដុល្លារ​​​សម្រាប់​ដី​ក្នុង​មួយ​មែត្រក្រឡា​នៅ​ក្នុង​សង្កាត់ព្រែក​លាប​បាន​និយាយ​ថា “ប្រសិន​បើ​ខ្ញុំ​យល់ស្រប​នឹង​ផែន​ការ​មេ​នេះ ហើយ​ជ្រើស​រើស​យក​១០​ភាគរយ​ តើ​ខ្ញុំ​នៅ​សល់​ដី​ប៉ុន្មាន​សម្រាប់​រស់​នៅ​។ ​ហើយ​ប្រសិន​បើ​ខ្ញុំ​យល់ព្រមទទួល​យក​៤០​ដុល្លារ​ក្នុង​មួយ​មែត្រក្រឡា ​លុយ​នេះ​​វា​មិន​គ្រប់​គ្រាន់​សម្រាប់ទិញ​ដី​ថ្មីឡើយ”៕

Urban Voice Cambodia

Urban Voice Cambodia