សាលា​រាជធានី​រើស​នគរបាល​ចរាចរ​ណ៍ ៣០០​នាក់ ទៀត​សម្រាប់​ដោះស្រាយ​ការកកស្ទះ​នៅ​ភ្នំពេញ​
Posted On : មករា, 3, 2017 | By Vantha

ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឯកភាពឲ្យអាជ្ញាធររាជធានីភ្នំពេញរើសមន្ត្រី នគរបាលចរាចរណ៍ជាប់កិច្ចសន្យាជាង ៣០០នាក់ទៀត ជាកម្លាំងបន្ថែមសម្រាប់ដោះស្រាយ ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលកាន់តែមានសភាពយ៉ាប់យ៉ឺនឡើងៗ ។

សម្តេច ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរនោះ បានផ្តល់ការយល់ព្រមបែបនេះ ជាការឆ្លើយតបទៅនឹងសំណើផ្ទាល់មាត់របស់លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការងារអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី២ ខែមករា។

លោកអភិបាលរាជធានីភ្នំពេញ បានជម្រាបសម្តេច ស ខេង និងមន្ត្រីចូលរួមក្នុងពិធីនោះថា បច្ចុប្បន្នមន្ត្រីនគរបាលចរាចរណ៍ចាស់មានចំនួនជាង ៤០០នាក់ប៉ុណ្ណោះ ដែលប្រចាំបញ្ជាចរាចរណ៍ ហើយចំនួននេះពុំគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ តាមគោលដៅកកស្ទះខ្លាំងចំនួន ១៨២គោលដៅ នៅរាជធានីភ្នំពេញឡើយ។

លោកនិយាយថា ការកកស្ទះនឹងកើតឡើងដោយសារការខ្វះកម្លាំងនគរបាលចរាចរណ៍ ឬកងរាជអាវុធហត្ថ ហើយក្នុងចំណោមនោះ មន្ត្រីច្រើននាក់មានវ័យចំណាស់ដែលទៅជួយបញ្ជាចរាចរណ៍ម្តងៗ បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះតាមគោលដៅនីមួយៗ។

ជាការឆ្លើយតប សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង និយាយថាការបង្កើនចំនួនមន្ត្រីនគរបាលចរាចរណ៍ ក្នុងក្របខ័ណ្ឌជាប់កិច្ចសន្យា អាចជួយកាត់បន្ថយការចំណាយរបស់រដ្ឋផង។

យោងតាម លោក ប៉ា សុជាតិវង្ស បច្ចុប្បន្នរាជធានីភ្នំពេញមានរថយន្តចំនួនជាង ៤០ម៉ឺន និងម៉ូតូ ១លាន ៤សែនគ្រឿង និងប្រជាពលរដ្ឋរស់នៅជិត ៣លាននាក់៕
ប្រភព៖ thmeythmey.com

សំឡេងទីក្រុង!

សំឡេងទីក្រុង!