សាលា​រាជធានី​ភ្នំពេញ​អភិសេក​រូបសំណាកព្រះ​នាង​ប្រាជ្ញា​បារមី និង​សមិទ្ធផល​នានា​នៅ​តំបន់​ជ្រោយចង្វា​រត្រើយ​ខាងកើត​ទល់មុខ​វាំង
Posted On : March, 22, 2015 | By សំឡេងទីក្រុង

ផ្កាយព្រឹក, ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០១៥, ប្រភព៖ កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី​ពលិកា​បូជា​ទេវរូប និង​ពិធី​អភិសេករូបសំណាក​ព្រះ​នាង​ប្រាជ្ញា​បារមី ​និង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធិ​ផល​នានា​ដូច​ជា​ច្រាំង​ទន្លេ​ សួនច្បារ​ ​ផ្លូវ​​​បង្គោល​ភ្លើង​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​អភិវឌ្ឍ​ន៍​រួច​ហើយ ស្ថិត​នៅ​សួនច្បា​ច្រមុះជ្រូក​តាម​បណ្តោយ​មាត់ទន្លេ​ចុងជ្រោយចង្វា​ត្រើយ​ខាងកើត​ទល់​មុខ​វាំង ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

ពិធី​នេះ​ធ្វើ​ឡើង​នៅ​សៀ​ល​ថ្ងៃ​ទី​២២​ មីនា ២០១៥​ ក្រោម​​អធិបតីភាព​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ភរិយា​លោក​​ម៉ប់ សា​រិ​ន ​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ក្រោម​ឱ​វាទ​សាលា​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​យ៉ាង​កុះករ ។

ពិធី​ក្រុង​ពាលី​នេះ​ធ្វើ​ឡើង​តាម​ប្រពៃណី​ទំនៀមទំលាប់​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំសេចក្តីសុខ​ចម្រុងចម្រើន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មុននឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដែល​ភ្ជាប់​ជាមួយ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សណ្ឋាគារ​របស់​អ្នក​ឩ​ក​ញ៉ា សុខ គង់​ ក្រោម​​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០១៥​នេះ ។

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា «​រូបសំណាក​ព្រះ​នាង​ប្រាជ្ញា​បារមី​ដែល​សាលា​រាជធានី​ភ្នំពេញ​អភិសេក​ ឬ​ក្រុង​ពាលី​នេះ គឺជា​តួអង្គ​ព្រះ​ពោធិ៍សត្វ​ដែល​បង្ហាញ​ឡើង​ក្នុង​រូបភាព​ជា​ស្ត្រី​ដែល​ជានិមិត្តរូប​នៃ​ចំណេះដឹង​ខ្ពស់​បំផុត​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​និកាយ​មហាយាន ជា​សាសនា​មួយ​មានការ​ពេញ​និយម​នៅ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វ​រ្ម​ន័​ទី​៧​នា​ចន្លោះ​សតវត្ស​ទី​១២ និង​ទី​១៣​នៃ​គ្រិស្តសករាជ ។

ព្រះ​នាង​ជ័យ​រាជទេវី ដែល​ជា​អគ្គមហេសី​នៃ​ព្រះបាទ​ជ័យ​វ​រ្ម​ន័​ទី៧ បាន​បង្ហាញ​ឡើង​ក្រោម​រូបភាព​ជា​ព្រះ​នាង​ប្រាជ្ញា​បារមី​តាម​សិលាចារឹក​ភិ​មាន​អាកាស​។ និមិត្តរូប​នេះបង្ហាញ​អំពី​វីរភាព​របស់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​កំពូល និង​មាន​ប្រជា​ប្រិ​យភាព»​។

ទាក់ទិនជាមួយ​ការ​ស្ថាបនា​រូបសំណាក​វិញ មន្ត្រី​មន្ទី​រសាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា «​រូបសំណាក​ព្រះ​នាង​ប្រាជ្ញា​បារមី​នេះ សាងសង់​ឡើង​ពី​ថ្មភក់ កំពស់​៥​,៤០​ម៉ែត្រ ​​សង់​លើ​ជើង​ទម្រ​កំពស់​៣​ម៉ែត្រ ទទឹង​២,២៥​ម៉ែត្រ ធ្វើ​ពី​បេតុង​ និង​ខាងក្រោម​មាន​បំពាក់​ក្បាច់លំអ​ធ្វើ​ពី​ថ្មដុះ និង​លំអដោយរូប​អប្សរា​ចំនួន​១២ ព្រមទាំង​បំពាក់​អំ​ពូ​ល​បំភ្លឺ​ប្រភេទ​L.E.D ​គ្រប់​ជ្រុង​ផង​ដែរ ៕ ​

Urban Voice Cambodia

Urban Voice Cambodia