សាលា​រាជធានី​ភ្នំពេញ​ស្រូប​យក​ចំណូល​របស់​ខ្លួន​ប្រមាណ​ជាង​៧០%​ចំណាយ​លើ​វិស័យ​សាធារណការ
Posted On : April, 30, 2015 | By សំឡេងទីក្រុង

ដោយ៖ ស្រីរ័ត្ន, ថ្ងែពុធ ទី២៩ ខែមេសា ឆ្នាំ២០១៥, kampucheathmey.com

ភ្នំពេញ​ ៖​ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៤​កន្លង​មក​នេះ សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការ​សហការ​ជាមួយ​អង្គការ​JICA​បាន​ជំរុញ​ការ​ដាក់​ប្រព័ន្ធ​លូ​មេ​បាន​ប្រវែង​៥៥​គីឡូម៉ែត្រ។ នេះ​ជា​ទំហំ​ការងារ​កប់​ក្នុង​ដី​យ៉ាង​ធំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​ក្នុង​គោលបំណង​ដោះស្រាយ​ការ​លិច​លង់​សម្រាប់​រាជធានី​ភ្នំពេញ។

លោក​បន្ត​ថា ជុំវិញ​ការងារ​នេះ​យើង​បាន​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​សាធារណការ​ធំជាងគេ​ពោលគឺ​បាន​ស្រូប​យក​ចំណូល​របស់​សាលា​រាជធានី​ភ្នំពេញ​រហូតដល់​ជាង​៧០%​ ដោយ​ផ្តោត​សំខាន់​ទៅលើ​លូ និង​ប្រឡាយ​នេះ​តែម្តង។ ប៉ុន្តែ​ទោះបីជា​យើង​មាន​ឆន្ទៈ និង​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​កែលម្អ​យ៉ាងណា​ក្តី ក៏ត្រូវ​ចំណាយ​ពេលវេលា​យ៉ាង​៨​ឆ្នាំ​ទើប​អាចធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​លែង​មាន​ទឹក​លិច និង​អាច​ដោះ ស្រាយ​បានជា​មូលដ្ឋាន​។ ជាក់ស្តែង​សម្រាប់​ឆ្នាំ​២០១៥​នេះ​ក៏​ជា​ឆ្នាំ​ដែល​សាលា​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​កំណត់​យក​ជា​ឆ្នាំ​ក្នុង​ការ​កែលំលម្អ​​ប្រព័ន្ធ​លូ ប្រឡាយ​ជា​ចំណុច​អាទិភាព​ដដែល​។​

1 2

ការលើកឡើង​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ត្រួតពិនិត្យ​បញ្ហា​ប្រឈម​ការ​ស្តារ​និង​កសាង​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លងមក​ថ្មីៗ​នេះ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា បើ​និយាយ​ពី​បញ្ហា​លូ ត្រូវតែ​និយាយ​ពី​ប្រឡាយ​នាំ​ទឹក ​ចេញ​ក្រៅ​ក្រុង​តាមរយៈ​ការ​ប្រមូលផ្តុំ​កម្លាំង​,​មធ្យោបាយ​របស់​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ឆ្ពោះ​ទៅ​រក​បញ្ហា​ប្រឈម​ដើម្បី​ដោះស្រាយ​តាម​សំណូមពរ​ចាំបាច់ ហើយ​ចាប់ពី​ពេល​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​លែង​ឲ្យ​ឯកជន​ម៉ៅការ​ស្តារ ប្រឡាយ​ទៀតហើយ គឺ​ទុក​ឲ្យ​ជំនាញ​របស់​មន្ទីរ​សាធារណការ​ជា​អ្នកអនុវត្ត​ផ្ទាល់ ពោល​គឺ​នៅពេល​កាយ រួច​ដឹក​ចេញ​ភ្លាម​ដោយ​មិន​ទុក​កំណក​ដី​នៅលើ​មាត់​ប្រឡាយ​នោះទេ​។ លោកប៉ា សុជាតិ​វង្ស ក៏បាន​ណែនាំ ឲ្យ​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​យកចិត្តទុកដាក់​សហការ​បើកផ្លូវ​សម្រាប់​គ្រឿងចក្រ​ចូល​កាយ​ប្រឡាយ​ និង​មាន​ផ្លូវ​សម្រាប់​ដឹក​កំណក​ដី​ចេញ​ឲ្យ​ទាន់​ពេល​វេលា រួម​ទាំង​ការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែទាំ​ប្រឡាយ​,​លូ​ដោយ​មិន​ត្រូវ​យក​សំរាម ​ឬ​កាកសំណល់​ផ្សេងៗ​ទៅ​បោះចោល​ក្នុង​ប្រឡាយ​,​លូ ដែល​ធ្វើ​ឲ្យ​ស្ទះ​ទឹក។ ជាមួយគ្នានេះ​ក៏​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ បញ្ហា​ជា​បណ្តើរៗ​ទៅលើ​អ្នក​រំលោភ​យក​ប្រឡាយ​ធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ផងដែរ៕

Urban Voice Cambodia

Urban Voice Cambodia