សាលា​រាជធានី​ភ្នំពេញ​ចាប់​ផ្ដើម​ស្ដារ​ប្រឡាយ​ស្ទឹងមានជ័យ​និង​បឹង​សាឡាង
Posted On : January, 16, 2015 | By សំឡេងទីក្រុង

ដោយ អ៊ុក សាវបូរី, វិទ្យុអាស៊ីសេរី, ថ្ងៃទី ១៥ មករា ២០១៥

សាលា​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ស្ដារ​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ និង​ប្រឡាយ​បឹង​សាឡាង ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន។ ការ​ស្ដារ​នេះ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​អ្នក​ដំណើរ​ឆ្លង​កាត់​តំបន់​នោះ ថា​មាន​សំរាម និង​កំណក​ភក់​ចេញ​ពី​ប្រឡាយ និង​មិន​សម្អាត​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ឲ្យ​មាន​អនាម័យ​ល្អ។

កំណក​ភក់ និង​សំរាម​បន្សល់​ក្នុង​ប្រឡាយ​ស្ទឹងមានជ័យ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រើ​គ្រឿងចក្រ​កាយ​ដាក់​លើ​រថយន្ត​របស់​អង្គភាព​លូ​ទឹក និង​បូម​ទឹក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។

ការ​ស្ដារ​ប្រឡាយ​ស្ទឹងមានជ័យ នេះ ត្រូវ​បាន​មន្ត្រី​មួយ​រូប​ពាក់​អាវ​ពណ៌​ខៀវ​ភ្ជាប់​ស្លាក​អង្គភាព​លូ​ទឹក និង​បូម​ទឹក លោក សឺន សុខខេន ឲ្យ​ដឹង​ថា ប្រឡាយ​ស្ទឹងមានជ័យ នេះ ស្ដារ​បន្ទាប់​ពី​អង្គភាព​នោះ​ស្ដារ​ប្រឡាយ​បឹង​សាឡាង រួច។ លោក​ថា ការ​ស្ដារ​ប្រឡាយ​នឹង​បន្ត​កាយ​ពង្រីក​ទទឹង​ប្រឡាយ​ឲ្យ​ធំ ទទឹង ៣០​ម៉ែត្រ​ឡើង​ទៅ​រហូត​ដល់​ស្ថានីយ​បូម​ទឹក​បឹង​ទំពុន ដើម្បី​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​ចេញ​ពី​រាជធានី​ភ្នំពេញ​បាន​ទូលាយ សម្រាប់​បញ្ចេញ​ទឹក​ឲ្យ​ចេញ​ពី​ទីក្រុង​បាន​លឿន៖ «កាយ​ជម្រៅ​ឲ្យ​ជ្រៅ​ ចាប់​ពី​បឹង​សាឡាង ទៅ​ដល់​បឹង​ទំពុន។ រថយន្ត​កាល​ពី​មុន ១០​គ្រឿង ឥឡូវ​ដាក់ ២​គ្រឿង​សិន ដល់​បន្តិច​ទៀត​បាន​ថែម​ទៀត»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ពលរដ្ឋ​រស់នៅ​អម​ប្រឡាយ​ស្ទឹងមានជ័យ បាន​រិះគន់​សាលា​រាជធានី​ភ្នំពេញ ថា​មិន​បាន​ជួយ​សម្អាត​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ និង​មិន​ស្ដារ​ប្រឡាយ​នេះ​ទេ ដោយ​ទុក​ឲ្យ​មាន​កំណក​ភក់ សំរាម និង​សំណល់​ថ្ម ដែក ជ្រុះ​ពី​ការដ្ឋាន​សាងសង់​ស្ពាន​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្ទឹងមានជ័យ នោះ រលួយ​ស្អុយ​ជះ​ក្លិន​អាក្រក់។

មន្ត្រី​អង្គភាព​លូ​ទឹក​មួយ​រូប​ទៀត លោក ជា ចាន់ធឿន ឲ្យ​ដឹង​ថា ស្ដារ​ប្រឡាយ​ស្ទឹងមានជ័យ នេះ មិន​ទាន់​អាច​កាយ​ថ្ម ដែក ជ្រុះ​កក​នៅ​ក្រោម​ស្ពាន​បាន​ទេ ព្រោះ​ឧបករណ៍​កាយ​ដៃ​ខ្លី​ពេក។ លោក​ថា កំណក​ភក់ និង​សំរាម​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ នឹង​ត្រូវ​ប្រើ​ក្រុម​កម្មករ​របស់​អង្គភាព​នេះ​ចុះ​សម្អាត​ជា​ក្រោយ ព្រោះ​ខ្វះ​រថយន្ត​ដឹក​សំណល់​នោះ​ចេញ ចំណែក​ប្រឡាយ​មាន​ប្រវែង​វែង​ជាង ៥​គីឡូម៉ែត្រ​ឯណោះ គឺ​ត្រូវ​ប្រើ​ពេល​យូរ​ច្រើន​ខែ ទើប​អាច​កាយ​ប្រឡាយ​បាន​ស្អាត។

លោក ជា ចាន់ធឿន ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​បោស​សម្អាត​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ លោក​មិន​ទាន់​ច្បាស់​ទេ​ថា​ជា​តួនាទី​សម្អាត​របស់​អង្គភាព​លូ​ទឹក និង​បូម​ទឹក ឬ​ក៏​ជា​ការងារ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI)៖ «ក្រោម​ ស្ពាន​ហ្នឹង​ប្រហែល​ជា​អត់​មាន​ដី​ទេ មាន​សុទ្ធតែ​ថ្ម ហើយ​និង​ដែក អា​ដែក​ស៊ីផាយ​ដែល​វាយ​ទប់​ស្ពាន និង​ថ្ម​នោះ យើង​អត់​អាច​យក​ចេញ​បាន​ទេ​នៅ​ក្នុង​បាត​ប្រឡាយ​ហ្នឹង យើង​យក​តែ​សំរាម និង​ស្អី​មក​ទេ ហើយ​យើង​ស្ដារ​ខាង​ក្រោម​នេះ គឺ​សំខាន់​ស្ដារ​ខាង​ក្រោម​ឲ្យ​ជ្រៅ​ទៅ វា​អាច​ហូរ​ទៅ​ទាន់​ម៉ាស៊ីន​ហើយ។ កាល​ពី​សម្អាត​លើ​ស្ពាន​ហ្នឹង ប្រើ​ឡាន​ពួក​ខ្ញុំ ៩​អា​អិច​ហ្នឹង ២។ អ្នក​បោស​លើ​ស្ពាន​អត់​ទាន់​មាន​ទេ ទាល់​តែ​ពេល​ចប់​បានៗ​ពួក​ខ្ញុំ​លាង​ស្ពាន​ហ្នឹង​កុំ​ឲ្យ​វា​ខូច​បរិស្ថាន​ អី»

បញ្ហា​ស្ដារ​ប្រឡាយ​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា គម្រោង​ស្ដារ​ប្រឡាយ​ស្ទឹងមានជ័យ និង​ប្រឡាយ​បឹង​សាឡាង គឺ​ប្រើ​រយៈពេល ៤​ខែ​ទើប​អាច​ស្ដារ​ចប់ ព្រោះ​មួយ​ថ្ងៃៗ​លូ​ទឹក​ស្អុយ​ជាច្រើន​ខណ្ឌ​បាន​បង្ហូរ​កាក​សំណល់​ផ្សេងៗ​ ចូល​តាម​ប្រព័ន្ធ​លូ ទៅ​កាន់​ប្រឡាយ​បឹង​សាឡាង និង​ប្រឡាយ​ស្ទឹងមានជ័យ ធ្វើ​ឲ្យ​ប្រឡាយ​គោក​រាក់ ដែល​បង្អាក់​ដល់​ល្បឿន​ទឹក​ហូរ ទើប​សាលា​រាជធានី​ភ្នំពេញ ត្រូវ​ស្ដារ​ប្រឡាយ​ទាំង​ពីរ​ឲ្យ​បាន​ជ្រៅ និង​ពង្រីក​ទទឹង​ប្រឡាយ​ឲ្យ​បាន​ធំ​ពី​ទទឹង ៣០​ម៉ែត្រ​ឡើង​ទៅ ដែល​ត្រូវ​ប្រើ​រយៈពេល​យូរ​ខែ​ក្នុង​ការ​ស្ដារ​ប្រឡាយ​នោះ។

សកម្មភាព​ស្ដារ​ប្រឡាយ​ស្ទឹងមានជ័យ នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​អម​ប្រឡាយ​ស្ទឹងមានជ័យ ក្នុង​ខណ្ឌ​ចំការមន និង​ខណ្ឌ​ដង្កោ លោក គឹម សុវណ្ណា ថ្លែង​អំណរ​គុណ​ចំពោះ​មន្ត្រី​ដែល​កំពុង​ស្ដារ​ប្រឡាយ​នៅ​មុខ​ផ្ទះ​គាត់ និង​អ្នក​ភូមិ​ដទៃ​ទៀត​នៅ​តំបន់​នោះ៖ «ប៉ុន្តែ​គ្រាន់​តែ​ឃើញ​ប៉ុណ្ណឹង​ ក៏​ខ្ញុំ​ត្រេកអ​ដែរ ព្រោះ​អី​កាល​ណា​យើង​ស្ដារ​ប្រឡាយ​ទៅ វា​បាន​ហូរ​ទៅ​វា​បាត់​ធុំ​ក្លិន​បន្តិច។ អ៊ីចឹង​ខ្ញុំ​ក៏​អរគុណ​ដែរ ព្រោះ​រដ្ឋាភិបាល​ដែល​បាន​ឆ្លើយ​តប​ភ្លាមៗ»

ចំណែក​ពលរដ្ឋ​ក្រុម​២៨ សង្កាត់​ទំនប់ទឹក ពួក​គាត់​ស្នើសុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​គម្រប​លូ​ការពារ​សំរាម​កុំ​ឲ្យ​ធ្លាក់​ចូល​លូ និង​បន្ថយ​ក្លិន​ស្អុយ​ពី​លូ និង​មាន​កន្លែង​សម្រាប់​មនុស្ស​ដើរ​ហាត់​កីឡា​តាម​មាត់​ប្រឡាយ​ផង៕

Urban Voice Cambodia

Urban Voice Cambodia