សាលារាជធានីភ្នំពេញគ្រោងស្ថាបនាច្រាំងទន្លេត្រើយខាងលិចពីក្បាលថ្នល់ដល់ព្រែកព្នៅ
Posted On : March, 12, 2015 | By សំឡេងទីក្រុង
ដោយ ផ្កាយព្រឹក, ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥, កោះសន្តិភាព
រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា «សាលារាជធានីភ្នំពេញនឹងធ្វើការស្ថាបនាច្រាំងទន្លេចាប់ពីក្បាលថ្នល់រហូតដល់ស្ពានលីយ៉ុងផាត់ព្រែកព្នៅ តែចាប់ផ្តើមមុនគេពីចំណុចខាងក្រោយសណ្ឋាគារកាំបូឌីយ៉ា រួចបន្តធ្វើរហូតដល់ព្រែកព្នៅ ដែលការងារនេះធ្វើតាមដំណាក់កាល ។
ការស្ថាបនានេះធ្វើឡើងក្នុងបំណងដើម្បីឲ្យបរិស្ថានតាមមាត់ទន្លេមានសោភ័ណភាពស្រស់បំព្រង ។ លោកប៉ា សុជាតិវង្ស លើកឡើងបែបនេះកាលពីរសៀលថ្ងៃទី ១១ មីនា២០១៥ ក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៤ទិវាអន្តរជាតិនារី៨ មីនា ដែលធ្វើនៅសាលារាជធានី ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញ ជាពិសេសស្ត្រីយ៉ាងច្រើនកុះករ ។
ទាក់ទិនជាមួយមន្ត្រីរាជការក្រោមឱវាទ លោកប៉ា សុជាតិវង្សបានថ្លែងថា «សាលារាជធានីភ្នំពេញចង់ឲ្យមន្ត្រី ជាពិសេសបងប្អូនជានារីត្រូវសិក្សារៀនសូត្រពង្រឹងចំណេះដឹងបន្ថែមទៀត ពិសេសភាសាបារាំង និងអង់គ្លេសត្រូវតែចេះហើយសម្រាប់សាលារាជធានីភ្នំពេញពិតជាត្រូវការធនធានមនុស្សខ្លាំងណាស់ ហើយទីចាត់ការច្បាប់អាចជ្រើសរើសធនធានមនុស្សបន្ថែមទៀតលើជំនាញបច្ចេកទេស ដែលយើងចង់ឲ្យលូ ផ្លូវរបស់យើងល្អស្អាត និងមានគុណភាព ដូចនេះយើងត្រូវការអ្នកជំនាញបច្ចេកទេសតែម្តង ។
ក្នុងពិធីអបអរសាទរខួបលើកទី១០៤នៃទិវាអន្តរជាតិនារី៨ មីនា ២០១៥នេះ លោកប៉ា សុជាតិវង្ស និងលោកជំទាវជាភរិយាបានឧបត្ថម្ភដល់មន្ត្រីសាលារាជធានីភ្នំពេញដែលជានារីមានចំនួន១៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០ម៉ឺនរៀលផងដែរ ៕