សាលា​រាជធានី​ពង្រាយ​ឡាន​ទឹក ២០ គ្រឿង​ត្រៀម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន
Posted On : February, 18, 2015 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍, Wed, 18 February 2015,

ភ្នំពេញៈ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ ២០ គ្រឿង​នឹង​ត្រូវ​បាន​ដាក់​ត្រៀម​តាម​ចំណុច​គោលដៅ​សំខាន់ៗ​ក្នុង​ខណ្ឌ​ទាំង ១២ នៅ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ដែល​ជាទី​កម្សាន្ត​មួយ​ចំនួន​ទៀត​ដើម្បី​បង្ការ​និង​ ទប់ស្កាត់​អគ្គិភ័យ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ ទី១៨ ដល់ ថ្ងៃ២១ ខែ​កុម្ភៈ។

លោក ធន សាម៉ន ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​និង​អគ្គិភ័យ​នៃ​ក្រសួង​ មហាផ្ទៃ បាន​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា តាម​គោល​ការណ៍​គឺ​ក្រសួង​នឹង​ធ្វើ​ការ​ដាក់​ពង្រាយ​ឡាន​ពន្លត់​អគ្គិភ័យ​តាម ​ខណ្ឌ​ទាំងអស់ និង​នៅ​តាម​កន្លែង​កម្សាន្ត​សំខាន់ៗ ដូចជា វត្តភ្នំ មជ្ឈមណ្ឌល​កោះ​ពេជ្រ មុខ​ព្រះ​បរម​រាជវាំង និង​កន្លែង​មួយ​ចំនួន​ទៀត។

លោក​បាន​ថ្លែង​ថា៖ «ការ​ដាក់​ពង្រាយ​រថយន្ត​ពន្លត់​អគ្គិភ័យ​គឺ​ដើម្បី​ត្រៀម​ទប់​ស្កាត់ និង​បង្ការ​ក្នុង​ករណី​អគ្គិភ័យ​កើត​ឡើង​ជាយថាហេតុ ហើយ​ការ​ការពារ​នេះ​មិន​មែន​ធ្វើ​តែ​នៅ​ក្នុង​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ​ទេ​ គឺ​ធ្វើ​នៅ​គ្រប់​បណ្តា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ផង​ដែរ»។

លោក ធន សាម៉ន បាន​បន្ត​ទៀត​ថា តាម​របាយ​ការណ៍​នៅ ឆ្នាំ​២០១៤ ករណី​អគ្គិភ័យ​កើត​មាន​ឡើង​មាន​ចំនួន ៥១៤ ករណី​ដែល​ចំនួន​នេះ​មាន​ការ​ថយ​ចុះ​ចំនួន ២១ លើក​បើ​ធៀប​នឹង ឆ្នាំ​២០១៣ ប៉ុន្តែ​ចំនួន​អ្នក​ដែល​ស្លាប់​ដោយ​គ្រោះ​អគ្គិភ័យ​មាន​ការ​កើន​ឡើង។ នៅ ឆ្នាំ​២០១៤ មាន​មនុស្ស​ចំនួន ១៩ នាក់​ស្លាប់ និង ៥១ នាក់​បាន​រងរបួស​ដោយ​គ្រោះ​អគ្គិភ័យ។

ជាមួយ​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ទៅ​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់​កាល​ពី​ថ្ងៃ​ អង្គារ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គិភ័យ​នេះ​ផង​ដែរ ក្នុង​អំឡុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម នេះ។

ចំណែក​អាជ្ញាធរ​នៃ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ទៅ​ដល់​សាធារណជន ដោយ​បាន​ធ្វើ​ការ​ហាម​ប្រាម​នូវ​ទង្វើ​មួយ​ចំនួន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ និង​វៀតណាម នេះ រួម​មាន ការ​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ។ ជាមួយ​នោះ​សាលា​ក្រុង​ក៏​ហាម​មិន​ឲ្យ​មាន​ការ​លេង​ល្បែង​ស៊ី​សង​គ្រប់​ ប្រភេទ និង​រាល់​ការ​ហែ​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា​ឬ​ប្រពៃណី​ដែល​គ្មាន​ការ​ អនុញ្ញាត គឺ​ត្រូវ​បាន​ហាម​ឃាត់។ ក្នុង​នោះ ក៏​មាន​ការ​តម្រូវ​មាន​ការ​រៀបចំ​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន​ចៀស​ផុត​ពី​ អគ្គិភ័យ​កើត​មាន​ឡើង ហើយ​ក្នុង​ករណី​ជន​ណា​បំពាន​លើ​សេចក្តី​ណែនាំ​នេះ​ឬ​ប្រព្រឹត្ត​ល្មើស​ឲ្យ​ មាន​ចលាចល​នៅ​ក្នុង​សង្គម នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន៕

Urban Voice Cambodia

Urban Voice Cambodia