សាលា​រាជធានី​បដិសេធ​ការ​សុំ​ធ្វើ​បាតុកម្ម ១ខែ របស់​សហគមន៍​ដីធ្លី
Posted On : January, 20, 2015 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញប៉ុសិ៍្ត, Tue, 20 January 2015,

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ម្សិល​មិញ ​បាន​បដិសេធ​សំណើ​សុំ​ធ្វើ​បាតុកម្ម​មួយខែ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ របស់​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ដីធ្លី​ខ្លះ​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក ឡុង ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​បាន​ឲ្យដឹង​ថា ​សាលា​រាជធានី​ភ្នំពេញ​ពី​ព្រឹក​ម្សិល​មិញ​សម្រេច​បដិសេធ​នូវ​សំណើធ្វើ​ការ​ តវ៉ា​រយៈពេល​មួយ​ខែ​នៅ​លើ​ទីលាន​ប្រជាធិប​​តេយ្យ របស់​ប្រជា​ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​ក្នុង​រាជធានី​ដោយ​សំអាង​ថា ការ​ជួប​ជុំ​តវ៉ា​រយៈពេល​យូរ​នៅ​ទី​នេះ អាច​នឹង​បង្ក​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ជាថ្មី​ ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់ សន្តិសុខ​សាធារណៈ។

លោក​ថ្លែង​ថា៖​«សំណើ​សុំ​ធ្វើ​បាតុកម្មត​វ៉ា​របស់​ប្រជាសហគមន៍​ទាំង​នោះ​ វា​ហួស​ពី​ដែន​កំណត់​នៃ​ច្បាប់ ដូច្នេះ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​បាន​ទេ​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​កា​រប៉ះ​ទង្គិច​ដោយ​ហិង្សា​កើត​ឡើង​ជាថ្មី​នៅ​លើ ​ទីលាន​នេះ។ ម្យ៉ាង​ខ្លឹមសារ​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ ​គឺ​ពួក​គាត់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រាជធានី​ជួយ​អន្ត​រាគមន៍​ដោះ​លែង​អ្នក​ ទោស​ដែល​តុលាការ​ផ្ដន្ទាទោស​រួច​ទៅ​ហើយ ដែល​នេះ​វា​ហួស​ពី​សមត្ថកិច្ច​យើង»។

ប៉ុន្តែ​ ក្រុម​អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​នឹង​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដី​និង​ផ្ទះ​ សម្បែង​ ដ៏​រ៉ាំរ៉ៃ​របស់​ខ្លួន​និង​ដោះ​លែង​ស្ត្រី​ទាំង ១០ ជា​អ្នក​តំណាង​និង សកម្មជន​នៃ​សហគមន៍​ពួក​គេ ​រួម​ទាំង​ព្រះ​សង្ឃ​ ១ អង្គ​ផង។

អ្នកស្រី យ៉ោម បុប្ផា តំណាង​សហគមន៍​ស្ត្រី​បឹង​កក់ ដែល​មាន​សមាជិក​គាំទ្រ​ជាង​ ៣០ ​គ្រួសារ​និយាយ​ថា គម្រោង​ធ្វើ​បាតុកម្ម​រយៈពេល​មួយ​ខែ ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​​ស្រាយ​បញ្ចប់​បញ្ហា​វិវាទ​ដីធ្លី និង​ដោះ​លែង​សកម្មជន​ស្ត្រី​ដីធ្លី​ទាំង​ ១០ ​នាក់ និង​ព្រះ​សង្ឃ​មួយ​អង្គ ពួកគាត់​នឹង​នៅ​តែ​បន្តធ្វើ​ បើ​ទោះ​ជា​មាន​ការ​បដិសេធ​ពី​សាលា​រាជធានី​ភ្នំពេញ​ក្ដី។

អ្នកស្រីអះអាងថា៖​«នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ពួក​យើង​នឹង​ជួប​ជុំ​គ្នា​ ធ្វើ​ការ​តវ៉ា​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ​ព្រោះ​យើង​ត្រូវ​ការ​ដំណោះ​ស្រាយ​ ​សេរីភាព​ និង​ ត្រូវ​ការ​យុត្តិធម៌​សង្គម»។

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ​ដែរ ខណៈ ​អ្នក​ស្រី​ យ៉ោម ​បុប្ផា ​និង​តំណាង​សហគមន៍​មួយ​ចំនួន​កំពុង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ នៃ​សាលា​រាជធានី គេ​ឃើញ​មាន​ក្រុម​អ្នក​តវ៉ា​ប្រមាណ​ ១០០ នាក់ ​ដឹក​នាំ​ដោយ​អ្នក​ស្រី​ ប៊ូវ សោភា និង​លោក ចាន់ ពុទ្ធិស័ក្ដិ ​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ ​អាជ្ញាធ​រធ្វើការ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ពួកគាត់​ឲ្យ​ឆាប់​ៗ ហើយ​ថា «ការ​មិន​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​ជា​ឫស​គល់​នៃ​អំពើ​ហិង្សា​និង​អយុត្តិធម៌​សង្គម»។

លោក ​ចាន់ ​ពុទ្ធិ​ស័ក្ដិ ​ដែល​មក​ទល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ដំ​ណោះ​ស្រាយ​ដី​ធ្លី ​ពី​អាជ្ញាធរ​និយាយ​ថា ​ប្រជាពលរដ្ឋ​តវ៉ា​ធ្វើ​​ការ​ទាម​ទារ​អ្វី​មួយ​នោះ​ គឺ​ឆ្លុះ​បញ្ចាំង​អំពី​ភាព​អសកម្ម និង ​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ ​ហេតុ​នេះ​ជា​រឿយ​ៗ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​តវ៉ា ឬ វាយ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន។

លោកថា៖​«ប្រជាសហគមន៍​បឹងកក់​ខ្ញុំ ​ជារឿយ​ៗ​ត្រូវ​អាជ្ញាធរ​វាយ​បង្ក្រាប​យ៉ាង​ហិង្សា ​និង​ចាប់​​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ខណៈ​បញ្ហា​ដី​ធ្លី​ពួក​យើង​មិ​នត្រូវ​បាន​អាជ្ញាធរ​ដោះ​ស្រាយ»។

កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤ ស្ត្រីបឹងកក់​ ៧ នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ចោទ​ប្រកាន់​ពី​បទ​បង្ក​ការ​ស្ទះ​ចរាចរណ៍​នៅ​ លើ​ដងផ្លូវ​ព្រះ​មុនីវង្ស ខណៈ​ពួក​គាត់​នាំគ្នា​ទៅ​តវ៉ា​មុខ​សាលា​រាជធានី​ទាមទារ​ឲ្យ​មាន​ការ​បូម​ រំដោះ​ទឹក​ស្អុយ ដែល​ជន់​លិច​លំនៅឋាន​ពួក​គាត់ ​ក្រោយ​ពី​មាន​ភ្លៀង​ធំ​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ។ មួយ​ថ្ងៃ​បន្ទាប់​មក ពួក​គាត់ ​ត្រូវ​តុលា​ការ​ភ្នំពេញ​ផ្តន្ទា​ទោស​ដាក់​​ពន្ធនាគារ​​ម្នាក់ៗ​មួយ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​​ក្នុង​ម្នាក់​ៗ​ចំនួន​ ២ លានរៀល។

នៅថ្ងៃ ២២ ខែ​មករា​ខាង​មុខ​នេះសាលាឧ​ទ្ធរ​ណ៍ នឹង​បើកសវនា​ការ​លើ​អង្គ​សេចក្ដី ករណី​ស្ត្រី​បឹងកក់​ជាសកម្ម​ជន​ទាំង ១១ នាក់​ និងអតីត​ព្រះ​សង្ឃ​មួយ​អង្គ។ នៅពេល​ការ​ជំនុំ​ជម្រះ​ជិត​មក​ដល់ សកម្មជន​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ​ពិសេស​អ្នក​បឹង​កក់ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ចែក​លិខិត​អញ្ជើញ​ជាង​ ៤ ពាន់​សន្លឹក​ដល់​សាធារណ​ជន និង​អង្គការ​ជាតិ ​អន្តរជាតិ ការិយា​ល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​និង​បណ្ដា​ អង្គទូត​នៃ​ប្រទេស​មហា​អំណាច​នានា ក្នុង​ទីក្រុង​ភ្នំពេញ ឲ្យ​ចូល​រួម​ស្ដាប់​និង​ឃ្លាំ​មើល​ពី​ដំណើរ​ការ​អង្គសវនា​ការ​នោះ​ផង។ ប៉ុន្តែ​គេ​មិន​ឃើញ​មាន​វត្តមាន​អ្នក​ស្រី យ៉ោម បុប្ផា ចូល​រួម​នោះ​ទេ ​ដោយ​គាត់​អះ​អាង​ថា​ ជាប់​រវល់​កិច្ច​ការងារ​ផ្ទាល់​ខ្លួន​នៅ​តាម​ខេត្ត៕

Urban Voice Cambodia

Urban Voice Cambodia