សាលា​រាជធានី​នឹង​បិទ​ផ្លូវទឹក​ផ្លូវ​គោកមួយចំនួន​ជិត​ព្រះបរមរាជវាំង​ពីរ​ថ្ងៃ​​
Posted On : May, 30, 2015 | By សំឡេងទីក្រុង

ប្រភព៖ VOD, ដោយ៖​ ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី30 ឧសភា 2015, 03:42 PM​

សាលា​រាជធានី​ភ្នំពេញ​ប្រកាស​បិទ​ផ្លូវគោក និង​ផ្លូវទឹក​បណ្តោះអាសន្ន​ចំនួន​ពីរ​ថ្ងៃ ដើម្បី​រៀបចំ​ចរាចរណ៍​ក្នុង​ព្រះរាជ​ពី​ធី​ដង្ហែ​ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី នៅ​ដើមខែ​មិថុនា​នេះ ។​

​ការជូនដំណឹង​នេះ​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ធម្មការ និង សាសនា ប្រកាស​ថា​នឹង​ធ្វើ​ព្រះរាជ​ពី​ធី​ថ្វាយ​ព្រះរាជ​គោរមងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ ព្រះមហាក្សត្រ ព្រះកុរណា​ព្រះបាទ​នរោត្តម សីហ​មុនី ក្នុង​បរិវេណ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ខាង​មុខ ។​

​តាម​សេចក្តីជូនដំណឹង​របស់​សាល​រាជធានី​ភ្នំពេញ​ដែល​VOD​ទទួលបាន​នៅ​ថ្ងៃ ​សៅ​រិ៍នេះ ឲ្យដឹងថា ផ្លូវគោក​ដែល​ត្រូវ​បិទ​នៅ​ថ្ងៃ​ទី​២​ខែមិថុនា ចាប់ពី​កំណាត់​វិថី​ព្រះ​សី​សុវត្ថិ (​មុខ​ព្រះបរមរាជវាំង​) និង​កំណត់​វិថី​ព្រះ​សុធារស​ចន្លោះ​ផ្លូវ​លេខ​១៨២ និង​ផ្លូវ​លេខ​២៤០ ហើយ​នៅ​ថ្ងៃទី​៣​ខែមិថុនា ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១១​ព្រឹក ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង​នៅ​មុខ​ព្រះបរមរាជវាំង និង​បរិវេណ​ប្រារព្ធ​ពិធី​តាម​ដង​វិថី​ជុំវិញ​ទីតាំង​ពិធី​ដូចជា ពី​វិថី​សី​សុវត្ថិ​ផ្លូវ​លេខ​១៧៨ ផ្លូវ​លេខ​៩ មហាវិថី​ព្រះ​សុរាម្រិត​មហាវិថី​ព្រះ​នរោត្តម​(​ចាប់​ពី​រង្វង់​មូល​ឯករាជ្យ ​រហូត​ដល់​ផ្លូវ​លេខ​២៩៤) វិថី​សុធារស និង​រង្វង់​មូល​សម្តេចព្រះសង្ឃរាជ ជួន ណាត​ ។​

​ដោយឡែក​ផ្លូវទឹក​ឯណោះ​វិញ សេចក្តីជូនដំណឹង​ដដែល​ឲ្យដឹងថា ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​៨​យប់ និង​បិទ​ផ្លូវ​ចរាចរណ៍​គ្រប់​ជល​យាន្ត​និង​កាណូត​ទេសចរណ៍​គ្រប់​ប្រភេទ នៅ​តាម​ដង​ទន្លេចតុមុខ ដើម្បី​អុជ​កាំជ្រួច​នៅមុខ​ព្រះបរមរាជវាំង​អបអរសាទរ​ព្រះរាជ​ពិធី​ដង្ហែ​ ព្រះរាជ​បរម​ងារ កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ ព្រះកុរណា​ព្រះបាទ​នរោត្តម សីហ​មុនី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​សេចក្តីជូនដំណឹង​ដដែល​ក៏​ជម្រាប​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សាលា​ខណ្ឌ​ចំការមន និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ចូលរួម​ អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​ ៕

Urban Voice Cambodia

Urban Voice Cambodia