សាលា​រាជធានី​ចង់​ឲ្យ​ផ្លាស់​ប្តូរ​វេន​ធ្វើ​ការ​របស់​មន្ត្រី​រាជការ
Posted On : February, 18, 2015 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍, Wed, 18 February 2015, and

ភ្នំពេញៈ សាលា​រាជធានី​កំពុង​សិក្សា ហើយ​នឹង​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល ឲ្យ​ពិចារណា ធ្វើ​ការ​ផ្លាស់​ប្តូរ វេន​ម៉ោង​ធ្វើ​ការ​របស់​មន្ត្រី​រាជការ ការ​រៀបចំ​ដាក់​ផ្លូវ​ជា​ផ្លូវ​ឯក​ទិស និង​ត្រូវ​កំណត់​ចំនួន​នាំ​ចូល​រថយន្ត​និង​ម៉ូតូ ដែល​ជា​ផ្នែក​មួយ​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ដែល​កំពុង​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​ក្នុង​រាជធានី​នា​ពេល​បច្ចុប្បន្ន។ នេះ​បើ​តាម​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី ដែល​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ។

លោក ឌីម៉ង់ បន្ត​ថា នេះ​ជា​ទស្សន​វិស័យ​របស់​អភិបាល​រាជធានី លោក ប៉ា សុជាតិ​វង្ស ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ទៅ​ថ្ងៃ​អនាគត។

លោក​បន្ត​ថា ចំណុច​ទាំង​បី​ដែល​បាន​លើក​ឡើង​ខាង​លើ គឺជា​គំនិត​បន្ថែម ពី​លើ​កិច្ចការ​មួយ​ចំនួន ដែល​សាលា​រាជធានី បាន​ធ្វើ​កន្លង​មក​រួច​ហើយ ដូច​ជា​ការ​កសាង​នូវ​ប្រព័ន្ធ​លូ ផ្លូវ​ថ្នល់​ការ​កសាង​ស្ពាន​អាកាស ការ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ និង​ការ​ដាក់​ឲ្យ​ប្រើ​រថយន្ត​ក្រុង​សាធារណៈ សុទ្ធ​តែ​ជា​ចំណែក​នៃ​ការ​ចូល​រួម​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។

លោក​បន្ថែម​ថា៖ «យើង​ជា​អ្នក​ជំនាញ​សិក្សា​តែ​រដ្ឋាភិបាល (អ្នក​សម្រេច)។ ជួន​កាល បើ​យើង​ប្តូរ​ម៉ោង អាច​ថា មន្ត្រី​ទាំង​អស់ មិន​អាច​ទាក់ទង​គ្នា​បាន។ អ៊ីចឹង​យើង​កំពុង​តែ​សិក្សា​នៅ​ឡើយ។ ឯ​ការ​កម្រិត​ការ​នាំ​ចូល​រថ​យន្ត បើ​នាំ​ចូល​ស្រួល​ពេក នោះ​រថយន្ត​ប្រើ​រួច​នឹង​នាំ​ចូល​យ៉ាង​ស្រួល»។

លោក​បាន​បន្ត​ថា អាជ្ញាធរ​ក៏​កំពុង​រៀបចំ​ស្នើ​សុំ​រដ្ឋាភិបាល ឲ្យ​ចេញ​ជា​អនុក្រឹត្យ​ណា​មួយ ដើម្បី​គ្រប់​គ្រង​ចិញ្ចើម​ផ្លូវ​ផង​ដែរ។ លោក​គូស​បញ្ជាក់​ថា៖ «ម្ចាស់​ផ្ទះ​មិន​អាច​ប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ​បាន​ស្រេច​តែ​ចិត្ត​បាន​ ទេ។ យើង​អាច​កម្រិត​ឲ្យ​ប្រើ​មួយ​ភាគ​បី​បើ​ប្រើ​លើស​អាច​កម្រិត​ឲ្យ​គាត់​បង់​ ចូល​ថវិកា​រដ្ឋ។ យើង​ចង់​ឲ្យ​គាត់​ទុក ២ ភាគ ៣ ដើម្បី​ឲ្យ​អ្នក​ថ្មើរ​ជើង»។

លោក អ៊ា ចរិយា អ្នក​ឯកទេស​ផ្នែក​សុវត្ថិ​ភាព​ចរាចរណ៍ បាន​គាំទ្រ​ចំពោះ​ទស្សន​វិស័យ​របស់​សាលា​រាជធានី លើ​ចំណុច​ទាំង​បី​ខាង​លើ​នេះ។ លោក​បាន​ថ្លែង​ថា លើស​ពី​នេះ​អាជ្ញាធរ​រាជធានី គួរ​ប្រើ​វិធីសាស្ត្រ «អប់រំ» ដើម្បី​បង្រៀន​ពលរដ្ឋ​ឲ្យ​ស្គាល់​ពី​ច្បាប់ ក្នុង​ការ​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​និង «អនុវត្ត​ច្បាប់ ដើម្បី​ធានា​ថា ប្រជា​ពលរដ្ឋ មាន​សុវត្ថិភាព និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់។

ចំណែក​លោក Pily Wong អនុ​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Hung Hiep (Cambodia) ជា​ក្រុមហ៊ុន​ចែក​ចាយ​រថយន្ត​ម៉ាក Volkswagen បាន​ថ្លែង​ថា ការ​ដោះស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍ គឺជា​បញ្ហា​ដ៏​ចម្បង​មួយ។

លោក​បាន​និយាយ​ថា៖ «ការ​កំណត់​ការ​នាំ​ចូល​នូវ​រថយន្ត​មួយ​ទឹក ឬ​ប្រើ​រួច​អាច​ជា​គំនិត​ល្អ។ …វា​អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​កាត់​បន្ថយ​នូវ​ផ្សែង​ ពុល និង​កាត់​បន្ថយ​នូវ​ចំនួន​គ្រោះ​ថ្នាក់​បាន»។

បើ​តាម​លោក ឡុង ឌីម៉ង់ សព្វ​ថ្ងៃ​នេះ ក្នុង​រាជធានី​ភ្នំពេញ រថយន្ត​ដែល​ចុះ​បញ្ជី​រួច​មាន​ជិត ៤០ ម៉ឺន​គ្រឿង និង​ម៉ូតូ មាន​ជាង ១ លាន​គ្រឿង។ បើ​តាម​មន្ត្រី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា រថយន្ត​ចុះ​បញ្ជី​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៤៣ ម៉ឺន​គ្រឿង​និង​ម៉ូតូ មាន ២ លាន ៣ សែន​គ្រឿង៕

Urban Voice Cambodia

Urban Voice Cambodia